ស្ទឹងត្រែង ៖ លោកស្រី ស៊ីថុង សុខា បានបង្ហោះរូបភាព បំបៅដោះកូនមួយសន្លឹក ក្នុងឯកសណ្ឋានប៉ូលិសដោយអមសារខ្លីមួយថា “ព្រោះតែពាក្យថាម្តាយ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូន ភ្លេចអស់ភាពអៀនខ្មាស (នេះហើយជីវិតពិត)”។ ត្រូវថ្នាក់លើហៅឲ្យធ្វើកិច្ចសន្យា អោយឈប់បង្ហោះរូបមិនសមរម្យដោយប៉ះពាល់ដល់ស្ត្រីខ្មែរ។ បើចង់ឱ្យកូនបៅ ត្រូវរកកន្លែង ត្រូវបិទបាំង ហើយកុំបង្ហោះរូបភាពឱ្យកូនបៅទាំងឯកសណ្ឋានអ៊ីចឹង”ទៀត។
កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ Sokha Konkatlao បានបង្ហោះរូបភាព បានបង្ហោះរូបភាព បំបៅដោះកូនមួយសន្លឹក ដោយសរសេរចំណងជើងថា៖ “ព្រោះតែពាក្យថាម្តាយ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូន ភ្លេចអស់ភាពអៀនខ្មាស (នេះហើយជីវិតពិត)”។ ៤ថ្ងៃក្រោយមក លោកស្រីបានបង្ហោះសារមួយសុំទោសជាសាធារណៈចំពោះការបង្ហោះរូបភាពបែបនេះ។ លុះមកដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ ស្រាប់តែគេឃើញ កិច្ចសន្យា មួយទៀត ដែលធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើល និងប្រតិកម្មបន្ថែមទៀត។
ជុំវិញករណីនេះ អនុសេនីយ៍ទោ ស៊ីថុង សុខា តួនាទីជា អធិការរងទទួលផែនសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានប្រាប់ពត័ត៏ក្នុងស្រុកថា អំពីការពិតនៃដើមចមនៃការបង្ហោះដំបូងនោះ និងលោកស្រីបានបញ្ជាក់ថា ថតរូបនៃកិច្ចសន្យានោះ ជាការបែកធ្លាយ។
អនុសេនីយ៍ទោរូបនេះបញ្ជាក់ថា ដើមឡើយលោកស្រីចង់បង្ហោះសារអប់រំ បង្ហាញទឹកចិត្តម្ដាយចំពោះកូន ដែលទាក់ទងទៅនឹងជីវិតរបស់ម្ដាយដែលត្រូវចិញ្ចឹមបីបាច់ថែរក្សាកូន ហើយក៏ត្រូវខិតខំបំពេញការងារប្រចាំថ្ងៃផងដែរ។ លោកស្រីមានប្រសាសន៍ថា៖ “រូបភាពហ្នឹងដែលខ្ញុំមើលទៅរបៀបអប់រំផង ហើយត្រូវនឹងជីវិតពិតរបស់ខ្ញុំផង ដែលខ្ញុំត្រូវចុះធ្វើការប្រចាំថ្ងៃ ហើយខ្ញុំត្រូវយកកូនអាទូចខ្ញុំអាយុ១ខួប២ខែហ្នឹងទៅជាមួយផង”។
លោកស្រីបានបញ្ជាក់ទៀតថា៖ “ខ្ញុំដឹងខ្ញុំខុសត្រង់បង្ហោះមានស្លៀកឯកសណ្ឋាន។ ខ្ញុំផុសនេះបង្ហាញពីទឹកចិត្តម្ដាយទូទៅចំពោះកូន មិនបានតាំងចិត្តឱ្យប៉ះពាល់ដល់អង្គភាពទេ។ ហើយក៏ថ្នាក់លើក៏ឱ្យធ្វើកិច្ចសន្យា”។ លោកស្រី ស៊ីថង សុខា បានឱ្យដឹងថា ស្នងការរងផែនចរាចរណ៍បានឱ្យចុះកិច្ចសន្យាឈប់បង្ហោះរូបភាពពេលធ្វើការងារដោយមិនបានសុំអនុញ្ញាតជាសាធារណៈបន្តទៀត។
លោកស្រី មានប្រសាសន៍ថា៖ “គាត់ថា ខ្ញុំហ្នឹងបង្ហោះរូបមិនសមរម្យដោយប៉ះពាល់ដល់ស្ត្រីខ្មែរ។ គាត់ប្រាប់ថា បើចង់ឱ្យកូនបៅ ត្រូវរកកន្លែង ត្រូវបិទបាំង ហើយកុំបង្ហោះរូបភាពឱ្យកូនបៅទាំងឯកសណ្ឋានអ៊ីចឹង”។
លោកស្រីបញ្ជាក់បន្តថា៖ “ក្រោយពីធ្វើកិច្ចសន្យាហ្នឹងហើយ ខ្ញុំមិនបានត្រូវពិន័យរដ្ឋបាលការងារអ្វីទៀតទេ មកដល់ពេលនេះខ្ញុំចុះបំពេញការងារធម្មតាទេ”។លោកស្រី ស៊ីថុន សុខា បានឱ្យដឹងបន្ថែមថា ក្រោយពីលោកស្រីបានធ្វើលិខិតកិច្ចសន្យារួច លោកស្រីក៏បង្ហោះសារសុំទោសជាសាធារណៈតាម ហ្វេសបុក ប៉ុន្តែលោកស្រីមិនបានបង្ហោះរូបថតនៃសន្លឹកកិច្ចសន្យានោះទេ។លោកស្រី បញ្ជាក់បន្តថា៖ “ខ្ញុំក៏មិនដឹងកិច្ចសន្យាហ្នឹងបែកធ្លាយពីណាដែរ។ តែខ្ញុំមាន Group មិត្តរួមជំនាន់ប៉ូលិសដូចគ្នា។ ខ្ញុំក៏ផ្ដាំផ្ញើ កុំឱ្យមានបទពិសោធន៍ដូចខ្ញុំអ៊ីចឹង”។
គួររំលឹកថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២១ គេប្រទះឃើញ ហ្វេសប៊ុក លោកស្រី ស៊ីថុង សុខា បានបង្ហោះរូបភាព បំបៅដោះកូនមួយសន្លឹក ដោយអមសារខ្លីមួយថា៖ “ព្រោះតែពាក្យថាម្តាយ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូន ភ្លេចអស់ភាពអៀនខ្មាស (នេះហើយជីវិតពិត)”។
ក្រោយមកនៅថ្ងៃទី០៦ មីនា ម្ចាស់ហ្វេសប៊ុកដដែលក៏បានបង្ហោះសារមួយសុំទោសជាសាធារណៈចំពោះការបង្ហោះរូបភាពបែបនេះ ថា ៖ “នាងខ្ញុំអនុសេនីយ៍ទោ ស៊ីថុង សុខា អត្តលេខ71655 សូមចេញមុខសុំទោស ជាសាធារណៈក្នុង FACEBOOK ចំពោះការផុសរូបភាពបំបៅដោះកូន នៅកន្លែងធ្វើការ និងស្លៀកឈុតឯកសណ្ឋាន កាលពីថ្ងៃទី 02/03/2021 កន្លងមកនេះ ការផុសទៅនេះ នាងខ្ញុំពុំមានគោលបំណងធ្វើអោយប៉ះពាល់ដល់ កិត្តិយស អង្គភាពនគរបាល ព្រមទាំងប៉ះពាល់ដល់កិត្តិយសស្រ្តីខ្មែរទេ។ អាស្រ័យដូចនេះ សូមអង្គភាព និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ មេត្តាដោយក្តីអនុគ្រោះ”។លុះមកដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ម្សិលមិញនេះ ស្រាប់តែគេឃើញ រូបថតមួយសន្លឹកទៀត នៃកិច្ចសន្យា កិច្ចសន្យា ដោយអនុសេនីយ៍ទោ ស៊ីថុង សុខា បានបញ្ជាក់ថា៖ “ប្រសិនបើខ្ញុំមិនគោរពពាក្យសន្យាខាងលើ នាងខ្ញុំសូមទទួលខុសត្រូវមុខច្បាប់ជាធរមាន” ដែលធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើល និងព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនប្រតិកម្មចំពោះករណីនេះផងដែរ៕