អ្នកជំងឺនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ត្រូវបានប្តូរទៅព្យាបាលនៅអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់ វិញ

0
687

ភ្នំពេញ ៖ ក្រោយទទួលបានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា កាលពីល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នោះមកក្រុមការងារចម្រុះ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចុះរៀបចំនៅទីតាំងអគារសណ្ឋាគារ THE GREA​T DUKE (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) នៅតាមមហាវិថីម៉ៅសេទុង ស្ថិតក្នុងខណ្ឌចំការមន សម្រាប់ធ្វើជាមន្ទីរពេទ្យ ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលយកចេញពីមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅទៅ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ នៅក្នុងឃ្លឹបសំឡេងមួយថា មណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ) មិនស័ក្ដិសមជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដនោះទេ។ ប្រសិនបើបញ្ជូនអ្នកជំងឺទៅកាន់ទៅនោះ នឹងធ្វើឲ្យអ្នកជំងឺឈឺតិច កាន់តែឈឺធ្ងន់។ ដោយសារតែបញ្ហានេះ ទើបសម្ដេចបានសម្រេចជ្រើសរើសយកអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់ ធ្វើជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។

បើតាមបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្រ្ដី គឺក្រុមការងារចម្រុះខាងលើនេះ នឹងដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ហើយជាអនុប្រធានគណៈកម្មការអន្តរក្រសួង។ រីឯសមាសភាពចម្រុះ ចូលរួមសម្រេច នៅក្នុងបេសកកម្ម ដើម្បីប្រឆាំងនឹងកូវីដ១៩នេះ  រួមមាន ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យ នៃក្រសួងសុខាភិបាល, កម្លាំងកងទ័ព, កងរាជអាវុធហត្ថ, កងនគរបាលជាតិ, មន្ត្រីជំនាញផ្នែកពាក់ព័ន្ធនានា និងក្រុមការងារស្ម័គ្រចិត្ត ព្រមទាំងមានការចូលរួមសហការពីរដ្ឋបាលរាជធានីភ្នំពេញ និងគណៈគ្រប់គ្រងសណ្ឋាគារផងដែរ។

ការងារត្រៀមរៀបចំនេះ បានបញ្ចប់រួចរាល់ជាស្ថាពរ កាលពីវេលាម៉ោង២ និង៣០រំលងអធ្រាត ឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។ គួរបញ្ជាក់ថា នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ក្រុមការងារចម្រុះបានដឹកជញ្ជូនអ្នកជំងឺកូវិដ១៩ចេញពីមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ទៅកាន់សណ្ឋាគារអាំងទែរកុងទីណង់តាល់ មានរថយន្តសង្គ្រោះជាច្រើនគ្រឿង រយន្តសារ៉ែន ម៉ូតូការពារជាច្រើនគ្រឿង កម្លាំងប៉ូលិស និងកម្លាំងកងរាជអាវុធហត្ថជាច្រើននាក់សម្រាប់ការពារក្បួន។ ក្នុងឱកាសនោះផងដែរក៍មានការចូលរួមពីលោកឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ និងមន្ត្រីសាលារាជធានីភ្នំពេញ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីសាលាខណ្ឌមួយចំនួនទៀតផងដែរ និងមន្ត្រីពាក់ពាន់ជាច្រើនទៀតផងដែរ ដើម្បីត្រួតពិនិត្យក្នុងការដឹកជញ្ជូនអ្នកជម្ងឺចេញពីមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញនេះ៕

Facebook Comments
Loading...