ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៨ ខែ មីនា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោកពេជ្រ វិជ្ជាធរ បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ដែលជាសន្ដិសុខយាមកាមនៅអូតែលសុខា ដែលបានអនុញ្ញាតឲ្យស្ដ្រីជនជាតិចិនលួចចេញពីមណ្ឌលចត្តាឡីស័ក ដែលបានបង្កើតអោយមានព្រឹត្តការណ៍សហគម២០កុម្ភៈ ដាក់ពន្ធនាគារជាបណ្តៅអាសន្ន ក្រោមការចោទប្រកាន់ពីបទ « គ្រោះមហន្តរាយ » តាមបញ្ញាតិមាត្រា៤២ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។ យោងតាមមាត្រា៤២នៃច្បាប់នេះតម្រូវឲ្យដាក់ពន្ធនាគារលើជនជាប់ចោទពី១ខែ ទៅ១ឆ្នាំ។
ជនជាប់ចោទឈ្មោះ រ៉ែន សុធារ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅផ្ទះជួល ផ្លូវកែវចិន្ដា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចកងអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន នៅទីតាំងចត្តាឡីស័កចាក់អង្រែក្រោម តាមបទបញ្ជារបស់ថ្នាក់លើ នឹងបានបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយលទ្ធផលធ្វើតេស្ដលើកចុងក្រោយរបស់គាត់ អវិជ្ជមានជំងឺកូវីដ-១៩ ពាក់ពន្ធក្នុងការអនុញ្ញាតិឲ្យស្ត្រីជនជាតិចិនមួយក្រុម ចេញពីមណ្ឌលចត្តាឡីស័កនៅសណ្ឋាគារសុខា។ បន្ទាប់មកនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ នគរបាលជាតិបានបញ្ជូនសន្តិសុខរូបនោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលសំណុំរឿងនេះបានស្ថិតនៅលើលោក សិដ្ឋ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការបើកការសាកសួរ នឹងក្រោយពីបញ្ចប់ការសាកសួរហើយ តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការ ពីបទ « គ្រោះមហន្តរាយ » ហើយចៅក្រមសើបសួរបានចេញដីកាឃុំខ្លួនស្ថាបនិកសហគម២០កុម្ភៈរូបនេះដាក់ពន្ធនាគាររងចាំកាតកាត់ទោស៕