សម្ដេចតេជោ​ស្នើ​ឱ្យក្រសួងសុខាភិបាល រៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុ៦០ឆ្នាំឡើង ក្នុងលក្ខខណ្ឌបន្ទាន់

0
660

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ស្នើ​ឱ្យក្រសួងសុខាភិបាល រៀបចំចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន ដែលមានអាយុ៦០ឆ្នាំឡើង ក្នុងលក្ខខណ្ឌជាបន្ទាន់ ខណៈដែលវ៉ាក់សាំង AstraZeneca ត្រូវ​ផុតសុពលភាពត្រឹមថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ពោលគឺមានសុពលភាពតែ ៦ខែ និង​វ៉ាក់សាំងប្រភេទ ស៊ីណូហ្វាម មានសុពលភាពដល់១ឆ្នាំនោះ។

ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការចាក់វ៉ាក់សាំងជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោនាយករដ្ឋ​មន្ត្រីបាន​ប្រកាសថា មន្រ្តី និងប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងលើ នឹងផ្តល់លទ្ធ​ភាពឱ្យចាក់វ៉ាក់សាំង ឈ្មោះ អាស្ត្រាហ្សេនីកា(Astra Zeneca ) ចំណែកអ្នកអាយុ៥៩ឆ្នាំចុះក្រោម អនុញ្ញាតឱ្យចាក់វ៉ាក់សាំងឈ្មោះ ស៊ីណូហ្វាម( Sinopharm) ដោយសារចំនួនវ៉ាក់សាំង​មាន​កម្រិត។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា  ការចាក់វ៉ាក់សាំងមិនមែនជាដំណោះស្រាយ ក្នុងការ​លុបបំបាត់កូវីដ-១៩ពីកម្ពុជានោះទេ ប៉ុន្តែត្រូវបូករួមជាមួយនឹងវិធានការ បីកុំ និងបីការពារ ថែមទៀត ទើបជាដំណោះស្រាយដ៏ល្អ និងមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ការរីករាល​ដាល​នៃជំងឺកូវីដ-១៩។ សម្ដេចតេជោលើកឡើងថា  រហូតមដល់ពេលនេះ មិនមានប្រភពណា​បញ្ជាក់​ច្បាស់ថា ការចាក់វ៉ាក់សាំងនឹងមានប្រសិទ្ធភាពការពារ ក្នុងរយៈពេលណាមួយ ឬមួយ​ជីវិតនោះទេ ដូច្នេះមានតែវិធីការពារអនុវត្តន៍តាមការណែនាំរបស់​ក្រសួងសុខាភិបាល​តែ​ប៉ុណ្ណោះ ទើបល្អប្រសើរ។សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំធ្វើដំណើរចេញ-ចូល ខេត្ត ព្រះសីហនុ បើមិនចាំបាច់នោះទេ និងអំពាវនាវដល់ពលរដ្ឋខេត្តព្រះសីហនុ កុំចេញ ឆ្លងខេត្តដទៃទៀតក្នុងមួយរយៈពេលនេះ ដោយសារតែជំងឺកូវីដ-១៩ កំពុងតែមានការឆ្លង រាលដាលនោះ។ ទន្ទឹមនឹងនោះ សម្ដេចតេជោ ក៏បានសម្រេចផ្អាកការធ្វើដំណើររបស់​ប្រជា​ពល​​​រដ្ឋទេសចរណ៍ចូលខេត្តព្រះសីហនុ ប៉ុន្តែការដឹកទំនិញចេញ-ចូលនៅប្រព្រឹត្តទៅជាធម្មតា និងបានបន្តអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋនៅភ្នំពេញ កុំចេញពីផ្ទះ បើសិនជាគ្មានភាពចាំបាច់​នោះទេ ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ទាំងអស់គ្នា។ ក្រៅពីនោះ សម្តេចតេជោ ក៏បានឯកភាពជាមួយសំណើក្រសួងអប់រំ យុវជននិងកីឡា ឱ្យពន្យាការបិទសាលារៀន នៅ​រាជ​ធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ មួយរយៈបន្តទៀតដើម្បីចៀសវាងការឆ្លង​រីករាលដាលនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ដែរថា មកដល់ពេលនេះកម្ពុជាបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ សរុប ចំនួន ៩០៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤៨៤នាក់ និងកំពុងសម្រាក​ព្យាបាលនៅមន្ទីរពេទ្យមានចំនួន ៤២៥នាក់៕

Facebook Comments
Loading...