ជនសង្ស័យ៣នាក់លួចរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿងចេញពីខណ្ឌពោធិ៍សែនជ័យ តែត្រូវអស់ល័ក្ខប្រទះជួបកម្លាំងនគរបាលប៉ុស្តិ៍ព្រៃស

0
775

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់បានធ្វើសកម្មភាពលួចរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿងចេញពីខណ្ឌពោធិ៍សែនជ័យ ហើយព្យាយាមបើកគេចខ្លួនតែដោយសារម៉ូតូអស់សាំងក៏នាំគ្នាបណ្តើរគេចខ្លួនបន្ត តែត្រូវអស់ល័ក្ខប្រទះជួបកម្លាំងនគរបាលប៉ុស្តិ៍ព្រៃស ខណ្ឌដង្កោ នៅចំណុចផ្លូវ៥០ម៉ែត្រ ភូមិប្រកា សង្កាត់ព្រៃស កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានហៅមកសាកសួរ ក៍បែកធ្លាយទើបទំនាក់ទំនងទៅនគរបាលខណ្ឌពោធិសែនជ័យ នាំយកជនសង្ស័យទៅសាកសួរ នៅប៉ុស្តិ៍ចោមចៅទី១វិញ ដើម្បីកសាងសំណុំរឿងបន្ត។

នគរបាលប៉ុស្តិ៍ព្រៃសបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ចាប់ខ្លួនបាន ទី១ ឈ្មោះ គ្រុយ ម៉េងលី ហៅហ៊ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកអចលនទ្រព្យ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ទី២ ឈ្មោះ ហេង តុលា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ៣ ឈ្មោះ លី មករា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

ចំណែកជនរងគ្រោះឈ្មោះ អ៊ួន ប៉ាវ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ និងរត់ម៉ូតូកង់បី ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។ រីឯម៉ូតូកង់បីដែលជនសង្ស័យធ្វើសកម្មភាពលួច ម៉ាកហុងដាវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ 1J-4639 សណ្តោងរុឺម៉ក ត្រូវបានដកហូតយកមកវិញ។

ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ កម្លាំងល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់រាល់បទល្មើស ស្រាប់តែប្រទះជួបជនសង្ស័យ៣នាក់ កំពុងនាំគ្នាចុះរុញ អូស ម៉ូតូកង់បី នៅតាមផ្លូវ៥០ម៉ែត្រ ភូមិប្រកា សង្កាត់ព្រៃស សង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍ ទើបបែកធ្លាយ លួចម៉ូតូកង់បីចេញពីក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ហើយខណៈដែលកំពុងសាកសួរ មិនទាន់ចប់ផង ស្រាប់តែលេចមុខជនរងគ្រោះ ម្ចាស់រ៉ឺម៉ក ដើរសាកសួរ ប្តឹងប៉ូលិស ដល់ប៉ុស្តិ៍ព្រៃសតែម្តង ដឹងរឿងអង្គហេតុហើយ ទើបនគរបាលប៉ុស្តិ៍ព្រៃស ទំនាក់ទំនងទៅនគរបាលខណ្ឌពោធិ៍សែនជ័យ ឲ្យកម្លាំងទៅទទួលយកជនសង្ស័យ និងវត្ថុតាង នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅទី១ វិញ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ នៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ម៉ូតូកង់បី ជិតអស់សាំងទៅហើយ ចតទុកដាក់មុខបន្ទប់ជួល ដូចសព្វដង រួចចូលដេកសម្រាកបាត់ទៅ លុះដល់វេលាម៉ោង៦ព្រឹកថ្ងៃទី០៣ ខែមីនា នេះ បាត់កង់បី ក៏ចេញដើរស្វែងរក ទៅដល់ប៉ុស្តិ៍ព្រៃស សង្កាត់ព្រៃស ប្រទះឃើញម៉ូតូកង់បីរបស់ខ្លួន ទើបដឹងថា នគរបាលចាប់ឃាត់បាន រួមទាំងជនសង្ស័យ៣នាក់។

ជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាង ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍ព្រៃស ខណ្ឌដង្កោ ចាប់ខ្លួនបានហើយ រួចប្រគល់ទៅនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នាំខ្លួនសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯម៉ូតូកង់បី ត្រូវបាននគរបាល សុំគោលការណ៍ ប្រគល់ជូនទៅម្ចាស់ ជនរងគ្រោះយកទៅប្រើប្រាស់វិញ៕

Facebook Comments
Loading...