កីឡាបរទេស ៖ ក្រុមParis Saint-Germain បង្ហាញកម្រង់លេងល្អនៃពានរង្វាន់ Champions League ដោយយកឈ្នះលើក្រុមBarca ក្នុងលទ្ធផល៤-១ កាលពីសប្តាហ៍មុន តែមកអន់នៃពានរង្វាន់ក្នុងស្រុកដោយទទួលរងបរាជ័យក្រោមលទ្ធផល ២-០ ក្រុមMonaco ដែលនៅចំណាត់ថ្នាក់ Top5តារាងLigue1។
ក្រុមសេដ្ឋីបារាំង Paris Saint-Germain មិនអាចយកឈ្នះទៅលើ Monaco បាននោះទេកាលពីយប់មិញ ដោយទទួលរងបរាជ័យក្រោមលទ្ធផល ២-០ ការចាញ់ក្រុម Monaco នេះ ខាងក្រុម PSG មិនមានវត្តមាន Neymar នោះទេកាលពីយប់មិញ ហើយ Mbappe លេងនៅតំណែងប្រយុទ្ធស្លាបឆ្វេង រីឯ Keane ប្រយុទ្ធស្លាបស្តាំ និង Icardi នៅប្រយុទ្ធកណ្តាល។
យ៉ាងណាមិញអ្នកទាំងបីមានឱកាសស៊ុតចំគោលដៅទៅលើ Monaco តែ១ជើងគត់នៅចំណោម១០ ជើងសរុប។ក្រោយចប់ការប្រកួតលោក Pochettino ដែលជាអ្នកចាត់ការ បាននិយាយការពារកូនក្រុមរបស់ខ្លួនជាពិសេសគឺ Mbappe បែបនេះថា៖ “ថ្ងៃនេះមិនមែនតែ Kylian ទេ តែគឺក្រុមទាំងមូលដែលមិនបានលេងនៅកម្រិតដ៏ខ្ពស់ តែខ្ញុំចង់និយាយថា អ្នកដែលទទួលខុសត្រូវលើបរាជ័យនេះដំបូងបង្អស់នោះគឺជាអ្នកចាត់ការ ដោយខ្ញុំសូមទទួលខុសត្រូវលើរឿងនេះទាំងស្រុង”។
លោកបន្ថែមទៀតថា៖ “នៅពេលយើងបរាជ័យ មនុស្សដំបូងដែលត្រូវទទួលខុសគឺជាអ្នកចាត់ការ ហើយខ្ញុំសូមទទួលយកទាំងស្រុង”។បញ្ជាក់ដែរថា Monaco ក្រោយយកបាន៣ពិន្ទុពួកគេក៏តាមប្រកិត PSG នៅចំណាត់ថ្នាក់ Top 4 ដោយចាញ់២ពិន្ទុ ហើយក្រុមLyon មាន៥៥ពិន្ទុ និងLille មាន៥៨ពិន្ទុនៅតារាងLigue1៕