ភ្នំពេញ ៖ បន្ទាប់ពីចូលរួមប្រជុំនៅសាលារាជធានីភ្នំពេញមក នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីផ្សព្វផ្សាយ និងអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក៏ដូចជាវិធានការការពាររបស់ក្រសួងសុខាភិបាល។
លោកសុខ សម្បត្តិ បានដាក់បទបញ្ជាបន្ដយ៉ាងម៉ឺងម៉ាត់ជូនប្រធានគណៈបញ្ជាការឯកភាពសង្កាត់ទាំង៥ និងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ពិសេសនគរបាល កងរាជអាវុធហត្ថ និងការិយាល័យសុខាភិបាល ត្រូវធ្វើការរួមគ្នាយ៉ាងយកចិត្តទុកដាក់ ពង្រឹងវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាដាលជំងឺកូវីដ-១៩ ដោយត្រូវរៀបចំចាក់សារសម្លេងផ្សព្វផ្សាយតាមទីប្រជុំជន និងតាមបណ្តាភូមិឡើងវិញ។
លោកបន្ដថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជា និងអំពាវនាវចំនួន៦ចំណុច ដល់ភាគីពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋ ដើម្បីរួមគ្នាទប់ស្កាត់ព្រឹត្តិការណ៍ ២០កុម្ភៈ ដែលជាព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍កម្ពុជាជាថ្មីម្តងទៀតនេះរួមមានទី១-ស្នើសុំការយោគយល់ពីអ្នកធុរកិច្ច និងពលរដ្ឋដែលរស់នៅតំបន់នោះដែលអាជ្ញាធរតម្រូវឱ្យមានការបិទអគារ ក្លិបកម្សាន្ត និងតំបន់មួយចំនួនដែលផ្ទុះករណីកូវីដ-១៩ ជាចាំបាច់។ សម្តេចថ្លែងថា អ្នកនៅតំបន់នេះនឹងមានផលប៉ះពាល់ ប៉ុន្តែរាជរដ្ឋាភិបាលគ្មានជម្រើសទេ។ពលរដ្ឋដែលនៅក្នុងតំបន់នោះ អនុញ្ញាតឱ្យមានការចូលបើសិនជាគាត់ជាម្ចាស់ផ្ទះ ប៉ុន្តែមិនអនុញ្ញាតឱ្យចេញមកក្រៅនោះទេ។
ទី២- ត្រូវបន្តយកសំណាកដើម្បីធ្វើតេស្តសម្រាប់អ្នកនៅក្នុងតំបន់មានផ្ទុះកូវីដ-១៩ លើកនេះ ហើយបន្ទាប់ពីធ្វើតេស្ត ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីរង់ចាំការធ្វើតេស្តលើកទី២ ដែលចំនួននៃការធ្វើតេស្តអាចនឹងមានចំនួនច្រើន។សម្តេចបានថ្លែងថា ប្រតិបត្តិការនេះត្រូវធ្វើឱ្យលឿន ដោយអំពាវនាវឱ្យពលរដ្ឋដែលពាក់ព័ន្ធធ្វើការសហការដើម្បីឱ្យក្រុមគ្រូពេទ្យចូលទៅយកសំណាក ដើម្បីធ្វើតេស្ត។សម្តេចស្នើឱ្យក្រសួងសុខាភិបាលពិចារណាក្នុងការធ្វើតេស្ត២ដងឬ៣ដង។
ទី៣-អាជ្ញាធរត្រូវបន្តស្វែងរកអ្នកពាក់ព័ន្ធនិងក្លិបN8 ទោះទៅដល់ទីណាក៏ដោយ។ សម្តេចថ្លែងថា បណ្តាខេត្តដែលមិនទាន់កើត ក៏ត្រូវមានការប្រុងប្រយ័ត្ន ព្រោះការឆ្លងបែបនេះ នឹងបន្តរីករាលដាលទៅកាន់បណ្តាខេត្ត ដែលបទពិសោធន៍កន្លងមកមានរួចហើយ ដូចជាព្រឹត្តិការណ៍៣វិច្ឆិកា រាលដាលដល់១០រាជធានី-ខេត្ត និង២៨វិច្ឆិការាលដាលដល់ជាង២០រាជធានី-ខេត្តជាដើម។ បណ្តាខេត្តត្រូវមានការសម្របសម្រួល និងសហការដល់ការស្វែងរកអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។
ទី៤-ត្រូវធ្វើចត្តាឡីស័កសម្រាប់អ្នកដែលមានការពាក់ព័ន្ធទាំងអស់ ហើយក្រុមគ្រូពេទ្យត្រូវខិតខំយកសំណាក។ ចំពោះការធ្វើចត្តាឡីស័កអ្នកដែលមានអាផាតមិន ត្រូវរស់នៅតាមអាផាតមិន អ្នកដែលមានផ្ទះត្រូវធ្វើនៅតាមទីកន្លែងផ្ទះរៀងៗខ្លួន ហើយអាជ្ញាធរត្រូវទទួលខុសត្រូវលើអ្នកធ្វើចត្តាឡីស័កទាំងនេះ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យកើតមានករណីដូចប៉ុន្មានថ្ងៃមុនដែលស្រ្តី៤នាក់ចេញពីកន្លែងធ្វើចត្តាឡីស័ក ហើយចូលទៅវិញដោយក្នុងនោះមាន២នាក់ត្រូវបានរកឃើញមានកូវីដ-១៩ ដែលករណីនេះគឺមានការជួយសម្រួលពីសន្តិសុខ។
ទី៥- អំពាវនាវដល់អ្នកពាក់ព័ន្ធនឹងក្លិប N8 ទាំងអស់ និងពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ-១៩ទាំង៣២នាក់នេះ ត្រូវមានម្ចាស់ការមកឱ្យពិនិត្យសំណាក ព្រោះបន្តទៅទៀតជំងឺខ្លួនឯងក៏មាន ហើយអាចបន្តចម្លងទៅអ្នកដទៃ ដែលយើងត្រួតត្រាលែងបាន។ សម្តេចស្នើឱ្យមានការយកចិត្តទុកដាក់ចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់។ និងទី៦-សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋនៅភ្នំពេញ និងតំបន់ដទៃទៀត តែពិសេសរាជធានីភ្នំពេញ ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងក្នុងការអនុវត្តវិធានការ៣ការពារ និង៣កុំ។
សម្តេចប្រកាសឱ្យអនុវត្តការពាក់ម៉ាស់នៅគ្រប់ទីធ្លាសាធារណៈទាំងអស់ ដោយរក្សាគម្លាត និងលាងដៃ។ សម្តេចតេជោ ហ៊ុន សែន មិនចេញបញ្ជាឱ្យបិទពិធីមង្គលការ ឬសាលារៀនទាំងរដ្ឋ និងឯកជនទេ ក្នុងករណីដែលពលរដ្ឋអនុវត្តវិធានការត្រឹមត្រូវ តែសម្តេចអំពាវនាវឱ្យអនុវត្តវិធានការ៣កុំ និង៣ការពារ។ សម្តេចតេជោ ហ៊ុន សែន បន្តប្រាប់ដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន បើគ្មានការចាំបាច់ សូមកុំចេញពីផ្ទះ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាប្រជាពលរដ្ឋទាំងអស់ នឹងបន្តចូលរួមជាមួយវិធានការ៣ការពារ និង៣កុំនេះឲ្យបានគ្រប់ៗគ្នា៕