ក្មេងប្រុសម្នាក់ ស្រីម្នាក់ នាំគ្នាចុះយកយកបាល់ក្នុងថ្លុកទឹករណ្តៅដីបណ្តាលឲ្យលង់ស្លាប់ទាំងអស់គ្នា

0
1063

កំពង់ឆ្នាំង ៖ ក្មេងប្រុសម្នាក់ ស្រីម្នាក់ ដែលជាបងប្អូនជីដូនមួយនិងគ្នា នាំគ្នាចុះយកយកបាល់ក្នុងថ្លុកទឹករណ្តៅដីបណ្តាលឲ្យលង់ស្លាប់ទាំងអស់គ្នា ដែលហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា កុមាររងគ្រោះទាំង២នាក់នេះទី១ឈ្មោះថុន គាថេន ភេទប្រុស អាយុ៧ឆ្នាំ និងទី២ឈ្មោះធូ ចាន់ថុន ភេទស្រី អាយុ១០ឆ្នាំ កុមាររងគ្រោះទាំងពីរនាក់រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅចន្លោះពីម៉ោង៥ ក្រុមគ្រួសារក្មេងរងគ្រោះបានបាត់ក្មេងពីផ្ទះ ហើយបាននាំគ្នាដើររកក្មេងទាំងពីរប៉ុន្តែមិនបានឃើញនោះទេ រហូតដល់ម៉ោងប្រមាណជិត៧យប់ ក៍ស្រាប់តែឃើញស្បែកជើងក្មេងរងគ្រោះ នៅពីមុខរណ្តៅថ្លុកមួយដែលមានទឹកជ្រៅនៅទីនោះ ដោយមានការសង្ស័យ ក៍បាននាំគ្នាចុះរាវក៍ប្រទះឃើញសពក្មេងរងគ្រោះបានលង់ទឹកស្លាប់បាត់ទៅហើយ។

ចំណែកប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យក្មេងរងគ្រោះទាំងពីរនាក់លង់ទឹកនេះ គឺអាចបណ្តាលមកពីក្មេងលេងបាល់ ក្នុងពេលដែលលេងនោះបាល់ធ្លាក់ចូលក្នុងរណ្តៅទឹកថ្លុក ហើយក៍នាំគ្នាចុះយកទើបបណ្តាលឲ្យលង់ស្លាប់បែបនេះតែម្តង ព្រោះនៅក្នុងរណ្តៅទឹកថ្លុកនេះ មានបាល់មួយនៅក្នុងនោះ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបាន ចុះទៅពិនិត្យសាកសព តាមការសន្និដ្ឋានដំបូងរបស់សមត្ថកិច្ច កុមាររងគ្រោះទាំង២ពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយបានប្រគល់សាកសពជូនគ្រួសារសព ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...