ផ្លូវទំនប់ស្រះលួង១ខ្សែប្រវែងប្រវែង៦៧៥ម ស្ថិតក្នុងសង្កាត់ពញាពន់ ត្រូវបានជួសជុលកែលម្អ រួចរាល់ជាស្ថាពរ

0
819

ភ្នំពេញ ៖ ទន្ទឹមនឹងការស្ដារស្រះលួង ដែលជាស្រះបុរាណមានតាំងពីយូរយារមកហើយនោះ អាជ្ញាធរខណ្ឌព្រែកព្នៅ បានធ្វើការជួសជុលកែលម្អផ្លូវ១ខ្សែ ស្ថិតនៅតាមបណ្ដោយស្រះលួងប្រវែងប្រវែង៦៧៥ម៉ែត្រ ក្នុងភូមិស្រែដូនតូច សង្កាត់ពញាពន់ ចាប់ពីផ្លូវ១៥១ ដល់ព្រំប្រទល់ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល ដែលមកទល់ពេលនេះបានរួចរាល់ជាស្ថាពរហើយ។

លោក ទៀប យោទ្ធារម្យ ប្រធានការិយល័យ សាធារណៈការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធញនាប់សាធារណៈ បានឲ្យដឹងថា ការជួសជុលកែលម្អផ្លូវនេះ ក្នុងគោលបំណង ដើម្បីជាទំនប់ព័ទ្ធស្រះផង និងដើម្បីសម្រួលដល់ការធ្វើចរាចរជូនដល់ប្រជាពលរដ្ឋនៅតំបន់នេះផងដែរ។ កំណាត់ផ្លូវ១ខ្សែនេះ ចាប់ពីផ្លូវ១៥១ដល់មាត់ស្រះលួងផ្នែកខាងត្បូងមានទទឹង៧ម៉ែត្រ ប៉ុន្ដែចាប់ពីមាត់ស្រះលួងខាងត្បូង ដល់ព្រំប្រទល់ឃុំឈ្វាំង គឺមានទទឹងជាង១០ម៉ែត្រ ដោយសារនៅទីនោះពុំមានផលប៉ះពាល់ដល់លំនៅដ្ឋាន របស់ បងប្អូនប្រជាពលរដ្ឋ។

លោកបន្តថា តាមពិតផ្លូវនេះ បានដំណើរការជួសជុលតាំង ខែកក្កដា ឆ្នាំ២០២០មកម្លេះ  ដោយធ្វើការឈូស ឆាយ កិនបង្ហាប់ កាត់ដើមឈើ ដែលដុះមកលើផ្លូវ និងរុះសំយ៉ាបផ្ទះដែលសង់លយចូលមកលើទ្រូងផ្លូវផងដែរ។ ដោយសារ បញ្ហាគ្រោះទឹកជំនន់ផង ដោយសារជម្ងឺឆ្លងកូវីដ១៩ផង ធ្វើឲ្យការជួសជុលផ្លូវនេះ មានការយឺតយ៉ាវ។ លោកបានឲ្យដឹងទៀតថា ផ្លូវទំនប់ស្រះលួង ត្រូវបានរដ្ឋបាលខណ្ឌព្រែកព្នៅដាក់បញ្ចូល ក្នុងគម្រោងមូលនិធិអភិវឌ្ឍខណ្ឌរយៈពេល៥ឆ្នាំរួហើយ ដែលទៅថ្ងៃអនាគតនិងត្រូវ ធ្វើការជួសជុលដោយចាក់បេតុង។

ដោយឡែកលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា ផ្លូវទំនប់ស្រះលួងនេះ ពីមុនមានទទឹងតែ៥ម៉ែត្រប៉ុណ្ណោះ គឺមានលក្ខណៈតូចចង្អៀតដែលកន្លែងខ្លះរថយន្ដចៀសគ្នាស្ទើរមិនរួច។ ប៉ុន្ដែនៅជំហានដំបូងនេះត្រូវបាន ពង្រីកដល់បង្គោលភ្លើង មានទំហំ៧ម៉ែត្រ ដែលអាចឲ្យបងប្អូនប្រជាពលរដ្ឋធ្វើចរាចរ បានប្រសើរជាងមុន។

លោកអភិបាលខណ្ឌ មានប្រសាសន៍ថា ផ្លូវនេះជាផ្លូវដ៏សំខាន់១ សម្រាប់ប្រជាពលរដ្ឋនៅតំបន់នេះ ធ្វើចរាចរចេញចូលរវាងខណ្ឌព្រែកព្នៅ និងស្រុពញាឮ ហើយជាពិសេសនៅរដូវប្រាំងបងប្អូនប្រជាពលរដ្ឋតែងធ្វើចរាចរទៅមកចេញចូលក្នុងការដឹកជញ្ជូនទឹកចេញពីស្រះលួងយកទៅប្រើប្រាស់ ខណៈដែលអាជ្ញាធរខណ្ឌ បានស្ដារស្រះលួងឡើងវិញរួចរាល់៕

Facebook Comments
Loading...