អគ្គិសនីមានតម្លៃទាប ធ្វើឱ្យកសិករនៅខេត្តកំពង់ស្ពឺសប្បាយរីករាយយ៉ាងខ្លាំងក្នុងការចិញ្ចឹមសត្វ និងធ្វើកសិកម្ម

0
785

កំពង់ស្ពឺ ៖ អគ្គិសនីមានតម្លៃទាប ធ្វើឱ្យកសិករនៅខេត្តកំពង់ស្ពឺសប្បាយរីករាយយ៉ាងខ្លាំង ដែលបានធ្វើឱ្យប្រជាពលរដ្ឋចំណេញទាំងពេលវេលា និងថវិកាក្នុងការចិញ្ចឹមសត្វ និងធ្វើកសិកម្ម ដែលទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ។

លោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្ននេះខេត្តកំពង់ស្ពឺមានកំណើនចិញ្ចឹមសត្វ និងការដាំដុះច្រើនបន្ទាប់​ពីមានទីផ្សារល្អ ខណៈរាជរដ្ឋាភិបាលបានបញ្ចុះតម្លៃអគ្គិសនីមានតម្លៃទាបនៅ​ពេលយប់ ដែលបង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្ដឱ្យប្រជាពលរដ្ឋខិតខំចិញ្ចឹមសត្វ និងការធ្វើកសិកម្មបានកាន់តែច្រើនបន្ថែមទៀត។

លោកបញ្ជាក់ថា ការបញ្ចុះតម្លៃអគ្គិសនីនេះ គឺបានធ្វើឱ្យប្រជាពលរដ្ឋចំណេញទាំងពេលវេលា និងថវិកាក្នុងការចិញ្ចឹមសត្វ និងធ្វើកសិកម្ម ដែលទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ។ លោកបន្ថែមថា ការចិញ្ចឹមសត្វ គឺត្រូវការភ្លើងអគ្គិសនី បូមបាញ់ទឹក សម្អាតបំភ្លឺ កម្ដៅ ធ្វើចំណីគ្រប់បែបយ៉ាង ខ្ញុំលើកឧទាហរណ៍បងស្រីម្នាក់ គាត់ចិញ្ចឹមមាន់ អ៊ីចឹងគាត់ចំណាយតម្លៃអគ្គិសនីប្រមាណជាង១០លានរៀល ក្រោយមកគាត់ថយអស់៣០ភាគរយ ។ហើយមានកសិករម្នាក់ទៀត ផលិតជីកំប៉ុស គាត់ចំណាយជាង១០លានរៀល ដល់ឥឡូវនេះគាត់ចំណាយអស់តែជាង៥លានទេ អ៊ីចឹងគាត់សន្សំបានជិត៤០ភាគរយ ដែលកាលពីមុនបានតែរួចខ្លួន តែដល់បានថ្លៃអគ្គិសនីទាប គឺចំណេញជាង៣០ភាគរយបាត់»។

ជាមួយគ្នានោះ លោកប្រធានមន្ទីរក៏បានលើកទឹកចិត្ត និងគាំទ្រឱ្យវិស័យឯកជន ជាពិសេសប្រជាកសិករនាំគ្នា ខិតខំពង្រីកអាជីវកម្មចិញ្ចឹមសត្វ និងដាំដំណាំ បន្លែបង្កា ឱ្យបានច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការរបស់ទីផ្សារក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ មន្ទីរកសិកម្មនឹងខិតខំបង្កើនការគាំទ្រ ទាំងការបណ្ដុះបណ្ដាល និងបច្ចេកទេសជូនដល់ប្រជាពលរដ្ឋក្នុងការចិញ្ចឹមសត្វ និងធ្វើកសិកម្ម។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះថ្លៃអគ្គិសនី កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម និងកសិកម្ម រហូតដល់៨០ភាគរយ នៃចំនួនអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ហើយការបញ្ចុះតម្លៃនេះ គឺជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមលើផែនការបញ្ចុះថ្លៃអគ្គិសនី តាមផែនការនៃឆ្នាំនិមួយៗ៕

 

Facebook Comments
Loading...