លោកស៊ូ ស៊ីវុត្ថា ចុះត្រួតពិនិត្យបច្ចេកទេសដាក់លូ ពិនិត្យទីតាំងគម្រោងធ្វើរង្វង់មូល និងចែលម៉ាសក្នុងសហគមន៍សំរោងត្បូង

0
936

ភ្នំពេញ ៖ លោកស៊ូ ស៊ីវុត្ថា ប្រធានរៀបចំដែនដីខណ្ឌព្រែកព្នៅ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានចុះមកត្រួតពិនិត្យបច្ចេកទេសដាក់លូក្នុងសង្កាត់ និងបាននាំយកថវិកាឯកឧត្តមឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ចំនួន២០០០ដុល្លា មកឧបត្ថម្ភក្នុងការដាក់លូនេះ ហើយបានទៅពិនិត្យទីតាំងគម្រោងធ្វើរង្វង់មូលផ្លូវបំបែកក្នុងភូមិសំរោងត្បូង និងបានទៅសួរសុខទុក្ខ ការតាំងលំនៅថ្មីរបស់បងប្អូនប្រជាពលរដ្ឋសហគមន៍ភូមិសំរោងត្បូង និងបានជួយឧបត្ថម្ភបង្គោល និងអំពូលសឡាចំនួន១៥ដើម ព្រមទាំងជួយឧបត្ថម្ភដីគ្រួសចំនួន១០ឡាន ឲ្យបងប្អូនយកចាក់ក្រោមផ្ទះ ហើយនិងបានជួយឧបត្ថម្ភលូក្នុង១គ្រួរសាចំនួន២កង់ផងដែរដើម្បីធ្វើបង្គន់អនាម័យ នាព្រឹកថ្ងៃអាទិត្យទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

បន្ទាប់ពីត្រួតពិនិត្យបច្ចេកទេសដាក់លូរួចហើយក្រុមការងារ ដែលមានក្រុមប្រឹក្សាសង្កាត់ចូលរួមផងនោះបានទៅពិនិត្យទីតាំងផ្លូវបំបែកក្នុងភូមិសំរោងត្បូងមុខវត្តអង្គសេរីសួរស្តីហើយបានមូលមតិគ្នារៀបចំបង្កើតរង្វង់មូល ហើយបើកផ្លូវត្រង់ចំនុចប្រសព្វនេះ។

ក្រោយពីពិនិត្យទីតាំងផ្លូវបំបែកដើម្បីបង្កើតរង្វង់មូលរួចហើយ ក្រុមការងារបានចុះទៅពិនិត្យសហគមន៍សំរោងត្បូង ដែលទើបបង្កើតថ្មី និងសួរសុខទុក្ខ ការតាំងលំនៅថ្មីរបស់បងប្អូនប្រជាពលរដ្ឋដែលបានរុះរើចាកចេញពីក្នុងបឹងសំរោង ហើយលោកស៊ូ ស៊ីវុត្ថា បានឧបត្ថម្ភបង្គោល និងអំពូលសឡាចំនួន១៥ដើម ជូនសហគមន៍ដើម្បីបំភ្លឺក្នុងសហគមន៍ និងតាមផ្លូវ ព្រមទាំងជួយឧបត្ថម្ភដីគ្រួសចំនួន១០ឡាន ឲ្យបងប្អូនយកចាក់ក្រោមផ្ទះ ហើយនិងបានជួយឧបត្ថម្ភលូក្នុង១គ្រួរសាចំនួន២កង់ផងដែរ ដែលជាអំណោយរបស់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោកស៊ូ ស៊ីវុត្ថា បានមានប្រសាសន៍ថា ម៉ាស់ដែលយកមកចែកបងប្អូនប្រជាពលរដ្ឋនាពេលនេះ ជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញ ជាម៉ាស់ក្រណាត់ដែលអាចបោកទឹកបាន ហើយក្នុងឱកាសនោះដែរ លោកអនុប្រធានក្រុមការងារចុះជួយសង្កាត់សំរោង ក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅមានអនាម័យ សំអាតខ្លួនប្រាណ ពិសេសគឺការលាងដៃនិងសាប៊ូ ជែល អាកុល និងពាក់ម៉ាសជាប្រចាំ ដើម្បីកាការពារពីជំងឺកូវីដ១៩ទាំងអស់គ្នា៕

Facebook Comments
Loading...