អភិបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងមកលាងសម្អាត និងធ្វើអនាម័យជូនប្រជាពលរដ្ឋក្នុងបុរី VIP

0
1199

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះរហូតដល់រាប់រយនាក់ ដោយមានទាំងរថយន្តបាញ់ទឹក និងរថយន្តបាញ់ថ្នាំសម្លាប់មូស និងមេរោគជាទ្រង់ទ្រាយធំ មកលាងសម្អាត និងធ្វើអនាម័យជូនប្រជាពល​​​រដ្ឋដែលរស់នៅនៅក្នុងបុរី VIP ដែលស្ថិតនៅខណ្ឌដង្កោ កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២០ ដែលសកម្មភា​ព​ចុះជួយស្របពេលទឹកស្រក និងក្នុងពេលប្រជាពលរដ្ឋចូលមករស់នៅនៅក្នុងបុរីវិញដូចដើមវិញនាពេលនេះ មិនត្រឹមតែពលរដ្ឋដែលទទួលផលប៉ុណ្ណោះទេ ដែលបានបង្ហាញអារ​ម្មណ៍ត្រេកអរ សូម្បីតែថ្នាក់គ្រប់គ្រងបុរីគ្រប់ជាន់ថ្នាក់ ក៏បង្ហាញនូវការអរគុណចំពោះសក​ម្មភាពយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំសាលារាជធានីនេះផងដែរ។

លោក វន វណ្ណៈ និង ហម រ៉ន ម្ចាស់គម្រោងបុរី VIP ដែលបានដុតដៃដុតជើង ក្នុងសកម្មភាពចុះសម្អាតរបស់សាលារាជធានីភ្នំពេញនេះ បានបង្ហាញនូវការសាទរយ៉ាងខ្លាំង ដែលថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះរហូតដល់រាប់រយនាក់ ចុះមកសម្អាតផ្លូវថ្នល់ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដើម្បីអោយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការជន់លិចកន្លងមក ទទួលបាននូវបរិស្ថានរស់នៅស្អាតដូចដើម។

នេះជាសកម្មភាពលាងសម្អាតនៅក្នុងបុរីជាលើកទី២ហើយ បន្ទាប់ពីថ្ងៃទី២៩ តុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានដឹកនាំកម្លាំងជាច្រើនរយនាក់ មកលាងសម្អាងនៅក្នុងបុរីបែបនេះម្ដងដែរ។ យ៉ាងណាមិញ លោកទាំងពីរចាត់ទុកថា សកម្មភាពដែលដឹកនាំដោយថ្នាក់ដឹកនាំរបស់សាលារាជធានីភ្នំពេញនាពេលនេះ មានទ្រង់ទ្រាយធំជាងមុន និងកាន់តែប្រសើរជាងមុន ដោយក្រៅពីលាងសម្អាត និងបោសសម្អាតសំរាម នៅក្នុងបុរីទាំងមូល ក៏មានការបាញ់ថ្នាំមូស និងបាញ់អាកុលសម្លាប់មេរោគ នៅគ្រប់ផ្ទះរបស់ប្រជាពលរដ្ឋ រួមទាំងតំបន់ជុំវិញ ដែលធ្វើអោយពលរដ្ឋនៅក្នុងបុរីរបស់លោក មានបរិស្ថានប្រកបដោយផាសុកភាពដូចដើម។ ក្នុងនោះការអន្តរាគមន៍លើប្រព័ន្ធទឹកស្អាត និងលើប្រព័ន្ធអគ្គីសនីក្រោយទឹកស្រក ក៏ជាអ្វីដែលពលរដ្ឋនៅក្នុងបុរីរបស់លោកត្រូវការផងដែរ។

លោក ស៊ុ ស៊ីដេត នាយកគ្រប់គ្រងទូទៅបុរី VIP បានគូសបញ្ជាក់ថា ក្រោយស្ថានភាពទឹកស្រក ទីតាំងរបស់បុរីមិនមានខូចខាតនូវប្រព័ន្ធលូ និងផ្លូវចូលបុរីធ្ងន់ធ្ងរនោះទេ ដោយប្រព័ន្ធលូដែលមានការកកស្ទះ ត្រូវបានខាងបុរីស្ដា និងជួសជុលឡើងវិញអស់ហើយ។ គាប់ជួនជាខាងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងសាលារាជធានីភ្នំពេញ បានមកជួយសម្អាតនៅក្នុងបុរីចំនួន២លើនេះផង ទើបរឹតតែធ្វើអោយទីតាំងបុរីទាំងមូលកាន់តែល្អប្រសើរ។ លោកបង្ហាញនូវអារម្មណ៍ត្រេកអរ បន្ទាប់ពីអភិបាលរាជធានីភ្នំពេញ បញ្ជាក់នៅចំពោះអ្នកកាសែតនាថ្ងៃនោះថា ក្រសួងធនធានទឹកបានគម្រោងរៀបចំរំដោះទឹក ពីតំបន់គីរីរម្យ មិនអោយហូរចាក់បង្កអោយលិចលង់ដងស្ទឹងព្រែកត្នោតនាឆ្នាំក្រោយៗ ទៀតទេ ដែលដំណោះស្រាយនេះ គឺលោកយល់ថា ពិតជាមិនធ្វើអោយតំបន់មួយផ្នែកក្នុងខណ្ឌដង្កោលិចលង់ទៀតឡើយ ដោយសារតែភាពជាក់ស្ដែង នៅក្នុងបុរីរបស់លោកគឺមិនដែលលិចបែបនេះទេ បើគ្មានភ្លៀងពីឥទ្ធិពលព្យុះ និងទឹកជនខ្លាំងពីស្ទឹងព្រែកត្នោត ដែលបណ្ដាលមកពីបាក់ទំនប់នៅគីរីរម្យ កាលពីប៉ុន្មានសប្ដាហ៍មុននោះ៕

Facebook Comments
Loading...