គិតមកដល់វេលាម៉ោង៣រសៀលនេះ ទឹកជំនន់ចាប់ផ្ដើមហូរកាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចកំពង់ទួល ក្នុងស្រុកកណ្ដាលស្ទឹង

0
2705

កណ្ដាល ៖ រហូតមកដល់វេលាម៉ោង ៣រសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ទឹកជំនន់ចាប់ផ្ដើមហូរកាត់លើផ្លូវជាតិលេខ៣ ត្រង់ចំណុចកំពង់ទួល ហួសពីទំនប់៧មករា ប្រមាណកន្លះគីឡូម៉ែត្រ ស្ថិតក្នុងឃុំអន្លង់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដោយសារទឹកហូរមកខ្លាំងពេកពីខេត្តកំពងស្ពឺ បូករួមជាមួយបរិមាណភ្លៀងយ៉ាងច្រើនសន្ធឹកសន្ធាប់។

ទឹកជំនន់ចាប់ផ្ដើមលិចលង់បណ្ដើរៗហើយ លើកំណាត់ផ្លូវជាតិលេខ៣ ចំណុចភូមិកំពង់ទួល ឃុំអន្លង់រមៀត និងចាប់ផ្ដើមបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។បើតាមសេចក្ដីរាយការណ៍ ឃុំចំនួន៤ ដែលកំពុងរងគ្រោះខ្លាំងរួមមាន ឃុំដើមឬស ឃុំកណ្ដោក ឃុំជើងកើប និងឃុំអន្លង់រមៀត នៃស្រុកកណ្ដាលស្ទឹង។

នៅពេលនេះ វត្តមានរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បាននិងកំពុងដឹកនាំកម្លាំងចម្រុះចុះអន្ដរាគមន៍ សម្រួលចរាចរណ៍ចំណុចកំពង់ទួល ដែលកំពុងលិចផ្លូវនេះផងដែរ។តាមសេចក្ដីរាយការណ៍ កម្ពស់ទឹកស្ទឹងព្រែកត្នោតឆ្នាំនេះគិតមកដល់ថ្ងៃទី១៤ ខែតុលានេះ កើនឡើង ៩,២៥ម៉ែត្រ កើនឡើងជាងឆ្នាំមុនដែលមានកម្រិតទឹកត្រឹមតែ ៨,៥៩ម៉ែត្រប៉ុណ្ណោះ៕

Facebook Comments
Loading...