ប្រជាពលរដ្ឋក្នុងសង្កាត់ពន្សាំងមួយចំនួន មានក្ដីបារម្ភពីដីរបស់ពួកគាត់ជាប់ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៅតំបន់បឹងតាមោគ

0
11904

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសមញ្ញ លើកទី១៦របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ លោក អុល សំអឿន សមាជិកក្រុមប្រឹក្សាខណ្ឌ បានលើកឡើងពីក្ដីបារម្ភរបស់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់ដីនៅតំបន់ដឹងតាមោគ ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដោយបានសូមណូមពរដល់អាជ្ញាធរខណ្ឌជួយអន្ដរាគមន៍ ក្នុងការដោះស្រាយបញ្ហាផលប៉ះពាល់ដីស្រែចំការនិងដីភូមិ១ចំនួនដែលបងប្អូនប្រជាពលរដ្ឋបានកាន់កាប់និងអាស្រ័យផលរាប់សិបឆ្នាំមកហើយនោះផង ព្រោះឥឡូវនេះដីទាំងនោះត្រូវស្ថិតនៅក្រោមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលត្រូវបានចាត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ និងផ្ទេរទៅជាសម្បត្តិឯកជនរបស់រដ្ឋបន្ដទៀត។

គួររំលឹកថា កាលពីដើមខែកុម្ភៈឆ្នាំ២០១៦កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ ស្ដីពីការកំណត់ផ្ទៃបឹងតាមោគ ឬបឹងកប់ស្រូវ ដែលក្រឡាផ្ទៃបឹងមានទំហំ ៣២៣៩,៧ហិកតាស្ថិតក្នុងរាជធានីភ្នំពេញជាសាធារណៈរបស់រដ្ឋ។ ប៉ុន្ដែនៅលើផ្ទៃដីជាក់ស្ដែង ប្រជាពលរដ្ឋមិនទាន់បានដឹងច្បាស់លាស់ ពីព្រំប្រទល់ទីតាំងនៃទំហំផ្ទៃបឹងច្បាស់​លាស់នៅឡើយ។ ប្រជាពលរដ្ឋមានការព្រួយបារម្ភ ជាខ្លាំងព្រោះពួកគាត់នឹងត្រូវបាត់បង់ដីដែលបានកាន់កាប់ជាយូរមកហើយនោះ។

លោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា ដីដែលជាប់អនុក្រឹត្យក្នុងតំបន់បឹងតាមោគនោះ គឺជាដីដែលលិចទឹកមានជំរៅព៤ទៅ៥ម៉ែត្រ នៅរដូវវស្សា ភាគច្រើនបំផុតពុំមានអ្នកអាស្រ័យផលនោះទេ ហើយម៉្យាងទៀតមកទល់ពេលនេះក៏ពុំទាន់មានប្រជាពលរដ្ឋក្នុងសង្កាត់ពន្សាំងដាក់ពាក្យតវ៉ា មកការិយាល័យភូមិបាលខណ្ឌឡើយ គឺមានតែអ្នក១ចំនួនតូច ដែលរស់នៅក្រៅខណ្ឌព្រែកព្នៅ ដែលពួកគាត់បានទិញដីពីប្រជាពលរដ្ឋ នៅសង្កាត់ពន្សាំងប៉ុណ្ណោះបានតវ៉ា។

ចំណែកលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា ​ការងារនេះរដ្ឋបាលខណ្ឌមិនអាចសម្រេចបានឡើយ មានតែថ្នាក់ជាតិប៉ុណ្ណោះ ទើបអាចសម្រេចបាន។ លោកបន្ដថាកន្លងមកលោកធ្លាប់ បានចូលរួមប្រជុំជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយក្រសួងបានណែនាំឲ្យសាលារាជធានីភ្នំពេញ បង្កើតក្រុមការងារសិក្សាពីផលប៉ះពាល់នេះ។

ដើម្បីដោះស្រាយនូវទុក្ខកង្វល់នេះ លោកអភិបាលខណ្ឌ បានណែនាំដល់ចៅសង្កាត់ពន្សាំងត្រូវជម្រាបជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់សូមធ្វើពាក្យបណ្ដឹងតវាមកដាក់នៅសាលាសង្កាត់ ហើយសង្កាត់ធ្វើលិខិតរដ្ឋបាល មកសាលាខណ្ឌ ដើម្បីសាលាខណ្ឌ រៀបចំធ្វើលិខិតផ្លូវការ ជូនទៅអភិបាល រាជធានីភ្នំពេញ ដើម្បីស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលធ្វើការសម្រេចជាចុងក្រោយ៕

Facebook Comments
Loading...