រដ្ឋបាលខណ្ឌព្រែកព្នៅចុះរុះរើខ្ទម និងស៊ងសង់ក្នុងបឹងតាមោគក្រោយធ្វើកិច្ចសន្យា

0
5479

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ ដែលមានកម្លាំងចម្រុះប្រមាណជិត១០០ ដឹកនាំដោយលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានចុះរុះរើខ្ទមអានាធិបតេយ្យ និងស៊ងចិញ្ចឹមត្រីជាច្រើនគ្រូសារដែលសង់ក្រោយធ្វើកិច្ចសន្យាជាមួយសា​លាខណ្ឌកាលពីពេលកន្លងមក ស្ថិតក្នុងសង្កាត់ព្រែកព្នៅ សង្កាត់សំរោង និងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃព្រឹកទី២៣ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងប្រតិបត្តិការចុះរុះរើស៊ង និងខ្ទមសង់តាមជាយផ្លូវកាត់បឹងតាមោគ យ៉ាងអនាធិ​បតេយ្យក្នុងបឹងតាមោគនេះ លោកសុខ សម្បត្តិ បានមានប្រសាសន៍ថា បន្ទាប់ពីពិនិត្យឃើញមានប្រជាពលរដ្ឋជាច្រើនគ្រួសារ បានសាងសង់ខ្ទមលើទំនប់ លើទឹក និងស៊ងចិញ្ចឹមត្រីថ្មីៗរំលោភយកផ្ទៃបឹងតាមោគធ្វើជាកម្មសិទ្ធមក ក្នុងនាមលោកជាអាជ្ញាធរខណ្ឌ បានសុំគោលការណ៍ពីឯកឧត្តមឃួង ស្រេង ប្រធានគណៈបញ្ជាការរាជធានីភ្នំពេញ ចុះរុះរើតែម្តងដើម្បីកុំឲ្យស៊ងចិញ្ចឹមត្រី និងផ្ទះអនាធិបតេយ្យទាំងនេះកើតមានជាបន្តបន្ទាប់ទៀត ហើយមកដល់ពេលនេះជាលើកទី៤ហើយដែលរដ្ឋបាលខណ្ឌព្រែកព្នៅ ចុះប្រតិបត្តិការរុះរើ សរុបរុះរើផ្ទះលើទំនប់ និងតូបដែលសង់លើទឹកបានប្រមាណជិត២០០ផ្ទះនិងតូបហើយ។

លោកបន្តថា ក្នុងប្រតិបត្តិការចុះរុះរើនេះផងដែរ កម្លាំងចម្រុះកាត់ទំលាក់ទឹកចោលបើផ្ទះណាមិនព្រមរុះរើដោយខ្លួនឯងទេនោះ ចំណែកស៊ងចិញ្ចឹមត្រីដែលបានធ្វើកិច្ចសន្យាជាមួយរដ្ឋបាលខណ្ឌទុករយៈពេលឲ្យយកត្រីចេញដល់ដាច់ឆ្នាំ២០២០នេះ ហើយរុះរើជាបន្ទាន់ ព្រោះមានកិច្ចសន្យាជាមួយគ្នារួចហើយ បើពុំនោះទេគឺយើងលែងយោគយល់ទៀតហើយ ចំណែកអ្នកមកដាក់ស្បៃស៊ងថ្មីក្រោយកិច្ចសន្យា ត្រូវរុះរើចេញពីផ្ទៃបឹងឲ្យអស់មិនទុកឲ្យកើតមានបន្តទៀតទេ។

ក្នុងនោះផងដែរលោកអភិបាលខណ្ឌព្រែកព្នៅ ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋដ៍ទៃទៀត កុំព្យាយាមបោះតំរ៉ុយក្នុងបឹងតាមោគយកធ្វើជាកម្មសិទ្ធទៀតអី ព្រោះបឹងតាមោគនេះកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ ស្ដីពីការកំណត់ផ្ទៃបឹងតាមោគ ឬបឹងកប់ស្រូវ ដែលក្រឡា ផ្ទៃបឹងមានទំហំ ៣២៣៩,៧ហិកតាស្ថិតក្នុងរាជធានីភ្នំពេញ ជាសាធារណៈរបស់រដ្ឋ មិនត្រូវឲ្យមានជនណាម្នាក់រំលោភយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបានឡើយ៕

Facebook Comments
Loading...