អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ ទទួលទយ្យវត្ថុ និងបច្ច័យពីព្រះចៅអធិការវត្តប្រាសាទ

0
1227

ភ្នំពេញ ៖ ទយ្យវត្ថុ ជាច្រើន មានគ្រឿង ឧបភោគ បរិភោគ រួមទាំងបច្ច័យ១ចំនួនផង ត្រូវបានព្រះឧត្តមធម្ម សោម ស៊ីម ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះធម្មធរ អនុគុណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការវត្តប្រាសាទ ប្រគល់ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ លើការងារមនុស្សធ៌ម ពិសេសជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានទុក្ខលំបាក ឬជួបឧបទ្ទវហេតុផ្សេងៗ។

ទយ្យទានទាំងនេះ បានប្រគល់និងទទួលនារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នៅវត្តប្រាសាទ ស្ថិតក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក សុខ សម្បត្តិ ប្រធានកិត្តិយស អនុសាខាកាកបាទក្រហម ខណ្ឌព្រែកព្នៅ លោក ជា ខេម៉ា ប្រធានអនុសាខាកាកបាទក្រហមខណ្ឌ និងសមាជិក សមាជិកាជាច្រើនរូបទៀត។

ព្រះឧត្តមធម្ម សោម ស៊ីម មានថេរៈដីការថា គ្រឿងឧបភោគបរិភោគ និងថវិកាទាំងនេះ គឺបានមកពីពុទ្ធបរិស័ទ ជិតឆ្ងាយយកមកប្រគេនព្រះសង្ឃក្នុងពេលបុណ្យទាន ផ្សេងៗ នាពេលកន្លងមក។ ដោយព្រះអង្គយល់ឃើញថាពេលនេះព្រះសង្ឃមានចង្ហាន់ គ្រប់គ្រាន់ហើយ ដូចនេះគ្រឿងឧបភោគដែលលើសពីតម្រូវការគឺត្រូវចែករំលែក ទៅប្រជាពលរដ្ឋដែលខ្វះខាត ស្របពេលដែលបច្ចប្បន្ននេះ យើងកំពុងជួបវិប្បនូវការរីករាលដាលនៃជម្ងឺកូវីដ១៩ តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ។ ព្រោះទយ្យវត្ថុនិងបច្ច័យទាំងនេះគឺបានមក ពីពុទ្ធបរិស័ទយកមកប្រគេន ដូចនេះព្រះអង្គ ត្រូវតែចែករំលែកទៅពុទ្ធបរិស័ទវិញ ទៅតាមលទ្ធភាពដែលអាចជួយបានវិញផងដែរ។

ក្នុងឱកាសនោះលោកសុខ សម្បត្តិ ក្នុងនាមអនុសាខាកាកបាទក្រហម ខណ្ឌព្រែកព្នៅ បានថ្លែងអំណរគុណ ប្រគេនព្រះឧត្តមធម្ម សោម ស៊ីម ដែលព្រះអង្គមានទឹកព្រះទ័យទូលំទូលាយ បានបរិច្ចាគនូវសម្ភារៈ គ្រឿង ឧបភោគ បរិភោគ និងថវិកាដល់អនុសាខាកាកបាទក្រហមខណ្ឌ ទុកសម្រាប់ផ្តល់ជូនដល់អ្នកក្រីក្រនិងអ្នកជួបការលំបាក ដែលត្រូវការជំនួយជាចាំបាច់ក្នុងខណ្ឌព្រែកព្នៅ។

លោកបានលើកឡើងទៀតថា ព្រះឧត្តមធម្ម សោម ស៊ីម ក៏ដូចជាព្រះចៅអធិការវត្ត១ចំនួនទៀត ក្នុងខណ្ឌព្រែកព្នៅ តែងបានយកចិត្តទុកដាក់ រួមចំណែកឧបត្ថម្ភដល់សាខា និង អនុសាខាកាកបាទក្រហមកម្ពុជា រាជធានី-ខណ្ឌ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាមួយជាអាជ្ញាធរ និងបានចូលរួមការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើងផងដែរ ខណៈដែលប្រជាពលរដ្ឋក្នុងមូលដ្ឋាន កំពុងទទួលរង លើផ្នែកសេដ្ឋកិច្ចដោយសារបញ្ហាវិប្បត្តកូវីដ១៩។

គួរបញ្ជាក់ថាសម្ភារៈដែលបានផ្ដល់ជូនអនុសាខា កាកបាទក្រហមខណ្ឌនាឱកាសនោះ មានរួមមានអង្ក២តោន មី២៥០កេស ទឹកត្រី៤៣យួរ ទឹកស៊ីអ៊ីវ៤៥យួរ ត្រីខ៤០០កំប៉ុង ទឹកក្រូច៥០កេស ទឹកសុទ្ធ២០០កេស ត្រីខ២០០កំប៉ុង ទឹកដោះគោ២កេះធំ ស្ករ៥បាវ   និងបច្ច័យចំនួន៦លានរៀល៕

Facebook Comments
Loading...