ភ្នំពេញ ៖ ឆ្លៀតពេលដ៏មមាញឹក ក្នុងការថែរក្សាសន្ដិសុខសុវត្ថិភាពនិង ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមក នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ លោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅតំណាងលោកឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ រួមនឹងមន្ដ្រីក្នុងសាលាខណ្ឌព្រែកព្នៅទាំងមូលផងនោះ បាននាំយកនូវបរិក្ខាមួយចំនួនដើម្បី ធ្វើពិធីកាន់បិណ្ឌវេនទី១នៅប្រសិទ្ធីរីមារាម ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
នេះគឺជាការប្រតិបត្តិ ទៅតាមទំនៀមទំលាប់ប្រពៃណីពីដូនតា ដែលតែងតែប្រារព ធ្វើឡើងជារាងរាល់ឆ្នាំគឺចាប់ពីថ្ងៃ១រោច ដល់ថៃ្ង១៥រោចខែភទ្របទ ជាថ្ងៃភ្ជុំធំ។ ការរៀបចំធ្វើពិធីបុណ្យនេះឡើងក្នុងគោលបំណង ដើម្បីនាំយកចង្ហាន់ មានបាយ សម្ល នំចំណី ផ្លែឈើ ទៀនធូប ផ្កាភ្ញី ថវិកា និងទេយ្យទានមួយចំនួន ថ្វាយព្រះរតនត្រ័យ និងដាក់បាត្រប្រគេនដល់ព្រះសង្ឃ បួងសួងឧទ្ទិសកុសលផលបុណ្យជូនដល់ មាតា បិតា ជីដូនជីតា កូនចៅ និងញាត្តិការទាំងប្រាំពីរសណ្តាន ដែលបានចែកស្ថានទៅក្នុងលោកខាងមុខឲ្យចាកផុតពីទុក្ខទោស ហើយបានទៅកើតក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ពិធីបុណ្យនេះ មិនត្រឹមតែបង្ហាញពីភាពកត្តញ្ញូរបស់កូនចៅ ចំពោះអ្នកមានគុណប៉ុណ្ណោះទេ ប៉ុន្ដែនៅមានអត្ថនយ័សំខាន់មួយទៀត គឺការពិចារណានូវសង្សារវដ្ដ ដែលមនុស្សកើតមកតែងតែស្លាប់ទៅវិញ ជាធម្មតាដែលអាចជំរុញទឹកចិត្តអោយលះបង់អំពើបាបហើយខិតខំធ្វើតែអំពើល្អដើម្បីវៀរចាកពីអបាយភូមិទាំង៤ មាននរក ប្រេត តិរិច្ឆាន និងអសុរកាយដើម ហើយបុណ្យកាន់បិណ្ឌនេះក៏ទុកថា ជាឱកាសសម្រាប់មនុស្សធ្វើសេចក្តីល្អ គឺល្អទាំងកាយ ទាំងវាចា ទាំងចិត្ត បើទោះជាធ្វើល្អបានតែក្នុងរយៈពេលដ៏ខ្លីនេះក៏ដោយ ក៏ជាឧបនិស្ស័យមួយដែលប្រសើរជាងអត់សោះ ហើយក៏ជាការក្រើនរំលឹកដល់ចិត្តមនុស្សឱ្យគិតដល់សេចក្តីល្អ និងស្គាល់រសជាតិនៃសេចក្តីល្អផងដែរ៕