ភ្នំពេញ ៖ ផលិតកម្មថោន កោះហៅឲ្យតារាចម្រៀងសំឡេងស្អក លោក ប៉ុន សុណារិន ហៅខេម ចូលខ្លួនដោះស្រាយគ្នា ចំថ្ងៃទទួលវត្តមានតារាចម្រៀង ព្រាប សុវត្ថិ ចូល Galaxy Navatra តែយ៉ាងណាបានតែប៉ុន្មានម៉ោងក្រោយមក ខេម ក៏បានបង្ហោះសារតបវិញថា ឆ្កែមួយក្បាលនេះ បម្រើម្ចាស់មិនដែលទាមទារអ្វីឡើយ។
បន្ទាប់ពីការកោះហៅពីផលិតកម្មថោនខាងលើមិនបានប៉ុន្មានផង ខេម ក៏បានបង្ហោះសារ អមជាមួយស្ទីកឃ័រដ៏កម្សត់ថា យប់ជ្រៅហើយ អរគុណគ្រប់យ៉ាងមេ មេពិតជាមេដ៏ល្អមែន ច្រើនឆ្នាំមកហើយដែលឆ្កែមួយក្បាលនេះបម្រើម្ចាស់មិនដែលទាមទារអ្វីឡើយ ក៏មិនដែលធ្វើអ្វីឲ្យមេលំបាកនោះទេ គ្រាន់តែឃើញលិខិតមួយដែលមេបង្ហោះជាសាធារណៈថា ឆ្កែមួយក្បាលដែលស្មោះត្រង់រាប់ឆ្នាំនេះបំពានកុងត្រានោះ គឺពិតជាភ្ញាក់ផ្អើល ហួសចិត្ត ព្រោះឆ្កែមួយក្បាលនេះមិនដែលមានបំណងឡើយ។
អមជាមួយសំណេររៀបរាប់ដ៏កម្សត់ និងចាក់ដោត ក្នុងសារដដែលនោះ តារាចម្រៀងសំឡេងស្អកបានបន្តទៀតថា ហើយឆ្កែមួយក្បាលនេះ គឺសុំលាឈប់ដោយត្រឹមត្រូវ មានទាំងលិខិតលាឈប់ព្រោះគិតថាផុតកុងត្រាហើយ តែមេថានៅកុងត្រា តែឆ្កែមួយក្បាលសុំមើលជាច្រើនលើកហើយ ថាបើនៅនឹង នៅច្រៀងទៀត តែមេគេចវេះ រុញទៅអ្នកនេះ អ្នកនោះ មិនឲ្យមើល ឬមេចង់ឲ្យខ្ញុំបង្ហាញភស្តុតាងតាមហ្វេសប៊ុកនេះ)។ ខ្ញុំមិននឹកស្មានថា មេខ្ញុំដែលសព្វថ្ងៃជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រុងភ្នំពេញ មានលុយរាប់សិបលានដុល្លារ ហៀរចាយមិនអស់ ជាមនុស្សដែលមានចំណេះដឹងខ្ពស់ បែរមានគំនិតចង់បំផ្លាញឆ្កែមួយក្បាលដែលធ្លាប់រស់នៅបម្រើជាច្រើនឆ្នាំ បក្សពួកនិយមក្នុងក្រុមហ៊ុន ដែលបែងចែកការស្រលាញ់យ៉ាងឆ្ងាយផុតលេខ ទោះដឹងថាមេស្រលាញ់ពួកគេនោះក្នុងឋានៈអ្វីក៏ដោយ ទាំងដែលឆ្កែមួយក្បាលនេះ ប្រឹងព្រុសឲ្យម្ចាស់ខ្លាំងជាងគេនៅក្រុមហ៊ុន ទោះបីមេមិនដែលខ្វល់ និងបោះឆ្អឹងឲ្យក៏ដោយ ក៏ឆ្កែមួយក្បាលនេះ គោរព និងស្រលាញ់ម្ចាស់ស្មោះស្ម័គ្របំផុត។
ក្រោយទទួលការឈឺចាប់ និងទទួលភាពលំអៀងពីក្រុមហ៊ុន ក្នុងសារដដែលរបស់ លោក ខេម បានរៀបរាប់បន្ថែមទៀតថា មេអើយមេ មេមើលឃើញតែអ្នកពិសេសរបស់មេទាំងពីរនាក់ដែលមេផ្ដល់ឲ្យគ្រប់យ៉ាង តែឆ្កែមួយក្បាលនេះ មេមិនដែលខ្វល់ទេ ចង់ឲ្យព្រុស ក៏ហៅទៅព្រុស។ មេកុំបង្ខំឲ្យឆ្កែអនាថាមួយក្បាលនេះចេះខាំអី មេអើយ ទុកឲ្យគ្នារកឆ្អឹងចិញ្ចឹមជីវិត និងម្ដាយជាស្ត្រីមេម៉ាយដ៏កម្សត់ផង ក៏ដឹង មេមានដឹងទេថា ឆ្កែអនាថាមួយក្បាលនេះ ដេកហូរទឹកភ្នែកប៉ុន្មានឆ្នាំ មុននឹងសម្រេចចិត្តចេញពីម្ចាស់ ប៉ុន្មានឆ្នាំចុងក្រោយ សូម្បីតែចង់បានចម្រៀងចេញ ក៏ឆ្កែនេះត្រូវរត់ត្រុកៗ ដើររកបទខ្លួនឯងដែរ មេដែលមើលកំហុសខ្លួនឯងដែលធ្វើដាក់ឆ្កែនេះទេ? បើម្ចាស់ផ្ដល់ភាពកក់ក្ដៅឲ្យតែ៥%នៃមនុស្សពិសេសទាំងពីររបស់មេ ឆ្កែមួយក្បាលនេះ សុខចិត្តបម្រើម្ចាស់ដល់ថ្ងៃចុងក្រោយ។ ឆ្កែម្នាក់នេះ ទ្រាំខាំធ្មេញ សង្កត់បំផុត ព្រោះស្រឡាញ់ម្ចាស់ មានពេលមួយនោះ ខ្ញុំគេងយំ ម៉ែសួរខ្ញុំថាកើតអីកូន? ខ្ញុំប្រាប់វិញថា ខ្ញុំមិនចង់ចាកចេញពីកន្លែងចាស់ទេ ខ្ញុំមានអនុស្សាវរីយច្រើនណាស់ ប្រាប់ថាគ្មានការជួបណាដែលមិនបែកនោះទេ កូនត្រូវស្ងប់ស្ងាត់ ម៉ែកូនទ្រាំច្រើនពេកហើយមែនទេ? កូនល្ងង់ណាស់មែនទេ? ឬមកពីគ្រួសារយើងគ្មានឪពុក គ្មានបងប្អូន គ្មានខ្សែ គ្មានខ្នង ទើបខ្ញុំទទួលរឿងទាំងនេះ ម៉ែអើយ តើខ្ញុំគួរទ្រាំទៀតទេ? មែនហើយ ចេតនាមេពេលនេះចង់ឲ្យឆ្កែមួយក្បាលនេះ ត្រូវគេស្អប់ទ័លច្រក បូករួមទាំងកន្លែងថ្មី មេចង់ឲ្យគេស្អប់ខ្ពើមមែនទេ? មេមិនពិបាកធ្វើទេរឿងនេះ។
ជាមួយការរៀបរាប់ដែលពោរពេញដោយការខកចិត្ត និង មិនស្មើភាពពីមេរបស់ខ្លួន សារដដែលបានបន្តថា លិខិតអញ្ជើញរបស់មេមួយសន្លឹកនេះ គឺពិតជាឃើញទឹកចិត្តដ៏ថ្លៃថ្លាណាស់ សម្រាប់ឆ្កែមួយក្បាលនេះណាស់ ទោះបីដីកាកោះរបស់តុលាការក៏ទុកពេលឲ្យបានយូរជាងនេះដែរ បើនិយាយពីផ្លូវច្បាប់ តើមេមានបំណងអ្វី? ហៅថ្ងៃនេះឲ្យទៅស្អែក ពីព្រោះស្អែកនេះ មេដឹងថាឆ្កែនេះទទួលកម្មវិធីគេរកចំណីចិញ្ចឹមក្រពះមែនទេ ក៏ដឹងថាខ្ញុំបានបញ្ចប់ការងារជាមួយគ្នា ហើយមុនពេលចាកចេញមេចង់មានកម្មពារជាមួយគ្នាធ្វើអីមេ ពិបាកទទួលយក នៃភាពជោគជ័យរបស់ខ្ញុំ។ មេអើយ ឆ្កែមួយក្បាលនេះ មេកុំបង្ខំវាអី សុំមួយរស់ទេ មានរឿងច្រើនណាស់ដែលឆ្កែមួយក្បាលនេះលាក់ក្នុងចិត្តដោយការឈឺចាប់បំផុត មេអាចដាក់កំហុសគ្រប់យ៉ាងមកឆ្កែអនាថានេះបាន ដើម្បីកិត្តិយសមេ តែបើមេព្យាយាមវៃក្បាលឆ្កែនេះ អាចនឹងពេលមួយវាទ័លច្រក។
បន្ទាប់ពីការបង្ហោះសារដ៏កម្សត់ និងតូចចិត្តខាងលើរបស់តារាចម្រៀង ខេម រួចមក សង្កេតឃើញថា មានបងប្អូន មិត្តភ័ក្ដិ និងអ្នកគាំទ្រលោកជាច្រើន បានសម្តែងការមិនសប្បាយចិត្ត ហើយព្រមទាំងបានលើកទឹកចិត្តលោកឲ្យស៊ូទ្រាំបន្តទៅមុខទៀតផងដែរ។ទន្ទឹមនឹងរឿងរ៉ាវខាងលើ រវាងផលិតកម្មថោន និងតារាចម្រៀងប្រុស ខេម នេះផងដែរ យើងនៅមិនទាន់ដឹងថាយ៉ាងណាទៀតនោះទេ។ បើមានអ្វីបន្ថែមបន្ទាញព័ត៏មានជាយក្រុងនឹងធ្វើការផ្សាយជូនប្រីយមិត្តបន្តទៀត៕