មកដឹងពីប្រវត្តិលោកលីសៀវឡុង ជាតារាសម្ដែងក្បាច់គុណដ៏ល្បីល្បាញមួយរូបដែលមហាជនគាំទ្រនិងទទួលស្នាដៃសម្ដែង

0
22398

បរទេស ៖ លោក Bruce Lee ឬទស្សនិកខ្មែរមួយចំនួនហៅថា លីសៀវឡុង ជាតារាសម្ដែងក្បាច់គុណដ៏ល្បីល្បាញមួយរូបដែលមហាជនគាំទ្រនិងទទួលស្នាដៃសម្ដែងដ៏ប៉ិនប្រសប់របស់លោក។ ប៉ុន្តែជាអកុសលលោកជាតួកុនម្នាក់ដែលឆាប់ទទួលមរណៈទាំងនៅវ័យក្មេងផងដែរ ទោះបីតួគុននិយមរូបនេះ អានិច្ចកម្មទៅហើយក្ដី លោកត្រូវបានប្រគល់ពានរង្វាន់ស្ថាបនិកឆ្នើម ដែលធ្វើឡើងនៅក្នុងកម្មវិធីពានរង្វាន់អាស៊ី ក្នុងឆ្នាំ២០១៣។

តោះ! ឥឡូវមកអានប្រវត្តិខ្លះៗនៃសិល្បករឆ្នើមរូបនេះ!លោក Bruce Lee កើតថ្ងៃទី ២៧ ខែវិច្ឆិការ ឆ្នាំ ១៩៤០ នៅ Chinatown រដ្ឋ San Francisco សហរដ្ឋអាមេរិក។ លោកជាកូនប្រុសតារាចម្រៀងអូប៉េរ៉ាលោក Lee Hoi-chuen និងអ្នកស្រី Grace Ho ដែលលោកមានបងប្អូន ៤ នាក់។ នៅអាយុ ៣ ខែក្រុមគ្រួសាររបស់លោកបានផ្លាស់ទៅរស់នៅហុងកុង។

ថ្វីត្បិតតែត្រូវបានចិញ្ចឹមបីបាច់នៅក្នុងគ្រួសារអ្នកមានក៏ដោយ ក៏ Bruce Lee នៅតែហ្វឹកហាត់ក្បាច់គុន ហើយគ្រូដំបូងជាឪពុករបស់លោក។នៅឆ្នាំ ១៩៥៩ លោកត្រូវបានឪពុកម្តាយផ្លាស់ទៅរស់នៅ សាន់ហ្វ្រានស៊ីស្កូ វិញ ដោយសារពួកគាត់ព្រួយបារម្ភពីសុវត្ថិភាពនិងសុខភាពរបស់កូនប្រុស ព្រោះតែលោកចេះតែចូលរួមជាមួយពួកបងតូចបងធំបង្ករឿងតាមផ្លូវជាហូរហែរ។

បន្ទាប់ពីទៅដល់ សាន់ហ្វ្រាន់ស៊ីស្កូ ពីរបីខែ Bruce Lee បានផ្លាស់ទៅរស់នៅទីក្រុង Seattle ហើយលោកបានចុះឈ្មោះរៀននៅសាលាបច្ចេកទេស Edison ដើម្បីបញ្ចប់ការសិក្សា។ ក្នុងពេលនោះដែរ លោកបានធ្វើការជាអ្នករត់តុក្នុងភោជនីយដ្ឋាន Ruby Chow។មកដល់ឆ្នាំ ១៩៦១ Bruce Lee ចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យវ៉ាស៊ីនតោន ជំនាញសម្ដែងភាពយន្ត។

ការចាប់ផ្ដើមអាជីពលោក Bruce Lee ចាប់ផ្ដើមសម្ដែងដំបូងខណៈអាយុទើបតែ ៣ ខែប៉ុណ្ណោះ ដែលសម្ដែងនៅក្នុងរឿង “Golden Gate Girl” ។ រហូតមកដល់អាយុ ១៨ ឆ្នាំលោកសម្ដែងបាន ២០ ខ្សែភាពយន្តឯណោះ។

ចាប់ពីឆ្នាំ ១៩៥៩ រហូតដល់ឆ្នាំ ១៩៦៤ តារារូបនេះបានបោះបង់អាជីពសម្ដែងរបស់ខ្លួនដើម្បីបន្តអាជីពសិល្បៈក្បាច់គុន ដោយបានចាប់ផ្តើមធ្វើជាគ្រូបង្រៀនក្បាច់គុន កុងហ្វូ និងបានបើកសាលាសិល្បៈក្បាច់គុនផ្ទាល់ខ្លួនឈ្មោះ វិទ្យាស្ថាន Lee Jun Fan Gung Fu នៅទីក្រុងស៊ីថល។នៅឆ្នាំ ១៩៦៤ លោកបោះបង់ការសិក្សានៅមហាវិទ្យាល័យដើម្បីចូលរួមជាមួយលោក James Lee ជាគ្រូបង្ហាត់ក្បាច់គុនដ៏ល្បីល្បាញនៅ Oakland ។ អ្នកទាំងពីរបានបើកវិទ្យាស្ថានមួយទៀតឈ្មោះ Jun Fan Martial Art Studio ។

នៅឆ្នាំដដែល លោកបានចូលរួមក្នុងការប្រកួត ការ៉ាតេដូអន្តរជាតិ នៅទីក្រុងឡុងប៊ិច និងបានប្រកួត តៃក្វាន់ដូ ដែលសុទ្ធសឹងតែឈ្នះការប្រកួត។ចាប់ពីឆ្នាំ១៩៦៧ រហូតដល់ឆ្នាំ ១៩៦៩ លីសៀវឡុង បានបង្ហាញខ្លួនជាភ្ញៀវនៅក្នុងបណ្តាញទូរទស្សន៍មួយចំនួនរួមមាន “Ironside” “Here Comes the Brides” និង “Blondie” ។

នៅឆ្នាំ ១៩៧១ គ្រូក្បាច់គុនរូបនេះបានចាកចេញពីរដ្ឋ ឡូសអេនជឺលេស ទៅហុងកុង ។ ពេលមកដល់ហុងកុង Bruce Lee បានចុះកុងត្រាភាពយន្តចំនួន ២ ។ ភាពយន្តទីមួយគឺរឿង “The Big Boss” ដែលខ្សែភាពយន្តនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនយូរប៉ុន្មានខ្សែភាពយន្តទីពីរចំណងជើងថា “Fist of Fury” បានទទួលជោគជ័យវ៉ាដាច់រឿងដំបូង។

ឆ្នាំ ១៩៧២ ភាពយន្តចំណងជើង “Way of the Dragon” បានប្រែក្លាយ លីសៀវឡុង ពីតំណែងតារាសម្តែងទៅជាអ្នកនិពន្ធ អ្នកដឹកនាំ និងជាអ្នកសម្របសម្រួលឈុតឆាកប្រយុទ្ធក្នុងភាពយន្ត។ នៅឆ្នាំដដែលនោះលោកត្រូវបានគេឱ្យសម្ដែងក្នុងរឿង “Enter the Dragon” ដែលជាការវិនិយោគរួមគ្នាលើកដំបូងរបស់ក្រុមហ៊ុន Golden Harvest និង Warner Bros ។រឿង “Enter the Dragon” ត្រូវបានគ្រោងចាក់បញ្ចាំងថ្ងៃទី ២៦ ខែកក្កដាឆ្នាំ ១៩៧៣ ។ ទោះយ៉ាងណា ៦ មុនថ្ងៃចេញផ្សាយភាពយន្តនេះ Bruce Lee បានទទួលមរណភាព។

ជីវិតអាពាហ៍ពិពាហ៍ និងកេរដំណែល

ពេលកំពុងសិក្សានៅសាកលវិទ្យាល័យវ៉ាស៊ីនតោន លីសៀវឡុង បានជួបនារីម្នាក់ឈ្មោះ Linda Emery ដែលក្រោយមកនៅខែសីហាឆ្នាំ ១៩៦៤ ពួកគេបានរៀបអាពាហ៍ពិពាហ៍។ ប្តីប្រពន្ធគូនេះមានកូនស្រីពីរនាក់គឺ Brandon Lee និង Shannon Lee ។

នៅថ្ងៃទី ១០ ខែឧសភាឆ្នាំ ១៩៧៣ ខណៈបញ្ចូលសម្លេងរឿង “Enter the Dragon” លោកបានដួលសន្លប់ភ្លាមៗ ដោយមានអាការៈប្រកាច់និងឈឺក្បាល។ ភ្លាមៗនោះ លោកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Hong Kong Baptist  ហើយត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា លោកមានជំងឺខួរក្បាល ប៉ុន្តែពេលនោះបានជាសះស្បើយមកវិញ។

នៅថ្ងៃទី ២០ ខែកក្កដាឆ្នាំ ១៩៧៣ ខណៈគ្រោងជួបពិភាក្សាជាមួយតារាសម្ដែង James Bond និង George Lazenby ព្រមទាំងផលិតករ Raymond Chow and Betty Ting Pei ដើម្បីជជែកអំពីភាពយន្តថ្មីរឿង ‘Games of Death’ លោកស្រាប់តែត្អូញពីការឈឺក្បាល ហើយលេបថ្នាំបំបាត់ការឈឺចាប់សម្រាក។ ថ្ងៃនោះហើយ ជាថ្ងៃចុងក្រោយរបស់ លីសៀវឡុង  នៅលើផែនដី។

លោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Queen Elizabeth ប៉ុន្តែជាអកុសលលោកមិនត្រូវបានជួយសង្គ្រោះទាន់ពេលវេលាទេ។ ការធ្វើកោសល្យវិច័យបានបញ្ជាក់ថា ការស្លាប់នេះបណ្តាលមកពីប្រតិកម្មអាឡែហ្ស៊ីមកពីធាតុផ្សំ meprobamate ដែលប្រើជំនួយក្នុងការបន្ធូរសាច់ដុំ ដោយវាធ្វើឱ្យទំហំខួរក្បាលរបស់លោកកើនឡើង ១៣% ពី ១.៤០០ ក្រាម ទៅ ១.៥៧៥ ក្រាម។

លោក Bruce  Lee ត្រូវបានបញ្ចុះនៅឯស្រុកកំណើតខាងភរិយានៅទីក្រុង Seattle។ រីឯផ្ទះនៅហុងកុងត្រូវបានប្រកាស ជាកន្លែងអភិរក្សនិងប្រែក្លាយទៅជាតំបន់ទេសចរណ៍មួយដែលគ្រប់គ្រងដោយសប្បុរសជនម្នាក់គឺលោក Yu Pang-lin ។

ការងារសំខាន់ៗ

លោក លីសៀវឡុង ជាតួក្បាច់គុនដ៏ល្បីល្បាញម្នាក់ ដោយបានសម្ដែងនៅក្នុងកម្មវិធីទូរទស្សន៍ និងខ្សែភាពយន្តជាច្រើនរឿង។ ទោះយ៉ាងណា ខ្សែភាពយន្តដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត និងធ្វើឱ្យតារារូបនេះក្លាយជា “វីរៈបុរស” ទាំងនៅភាគខាងលិច ក៏ដូចជាក្នុងផលិតកម្ម Golden Harvest និង Warner Bros គឺរឿង “Enter the Dragon” ។ ខ្សែភាពយន្តនេះរកចំណូលបានប្រហែល ២០០ លានដុល្លារនៅទូទាំងពិភពលោក។

តារាសម្ដែងក្បាច់គុន Bruce Lee ត្រូវបានគេចុះបញ្ជីក្នុងទស្សនាវដ្តី Time ថាជា “បុគ្គលមានឥទ្ធិពលបំផុតក្នុងចំណោមមនុស្សល្បីៗ ១០០ នាក់ នាសតវត្សរ៍ទី ២០”។

ទោះបី តួគុននិយមរូបនេះ អានិច្ចកម្មទៅហើយក្ដី លោកត្រូវបានប្រគល់ពានរង្វាន់ស្ថាបនិកឆ្នើម ដែលធ្វើឡើងនៅក្នុងកម្មវិធីពានរង្វាន់អាស៊ី ក្នុងឆ្នាំ២០១៣។ នៅឆ្នាំដដែល រូបសំណាករបស់ លីសៀវឡុង ត្រូវបានគេដាក់បង្ហាញនៅ Chinatown នៃរដ្ឋ Los Angeles។ រូបសំណាកកម្ពស់៧ហ្វីតនេះត្រូវបានសាងសង់ឡើងនៅខេត្តក្វាងចូវ ប្រទេសចិនក្នុងគោលបំណងសម្ដែងក្ដីមោទនភាពនៃស្នាដៃរបស់លោកក្នុងនាមជាគ្រូបង្ហាត់ក្បាច់គុនម្នាក់៕

 

Facebook Comments
Loading...