មន្ដ្រីសាលាខណ្ឌព្រែកព្នៅ និងសង្កាត់ពន្សាំង អំពាវនាវដល់ប្រជាជននិងអាជីវករលក់ដូរចូលរួមរក្សានិងទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ

0
4785

ភ្នំពេញ ៖ មន្ដ្រី បុគ្គលិក នៃសាលាខណ្ឌព្រែកព្នៅ មន្ដ្រីសាលាសង្កាត់ពន្សាំង កម្លាំងប្រជាការពារ និងកម្លាំងសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់ពន្សាំង ជាង១០០នាក់ បានជួបជុំគ្នានៅបរិវេណវត្តភ្នំរាប ស្ថិតក្នុងសង្កាត់ពន្សាំង ដើម្បីធ្វើការផ្សព្វផ្សាយ ពីការទុកដាក់ និងប្រមូលសម្រាម និងរក្សាទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ កាលពីព្រឹកថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០។

លោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង មានប្រសាសន៍ថា ការចុះផ្សព្វផ្សាយ និង ធ្វើពលកម្ម សំអាតសម្រាម នៅទីនេះធ្វើឡើង ចំថ្ងៃថ្ងៃអាទិត្យ ដែលមានភ្ញៀវមកលេងកំសាន្ដច្រើន ក្នុងបំណងបង្ហាញឲ្យមហាជន ភ្ញៀវទេសចរ បានយល់ដឹង និងចូលរួមជាមួយអាជ្ញាធរ ដើម្បីកែប្រែសោភ័ណភាពនៅតំបន់ភ្នំរាបនេះ ឲ្យកាន់តែមានភាព ល្អប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកកាន់ទីនេះ ឲ្យបានច្រើនផង ជាពិសេសបំផុសចលនាអប់រំដល់ ប្រជាជនមហាជន ឲ្យបានយល់ដឹងពីអត្ថប្រយោជន៍ នៃបរិស្ថាន ដើម្បីឲ្យមានការចូលរួមទាំងអស់គ្នា ក្នុងកិច្ចការពារបរិស្ថាន ការអភិរ័ក្សជីវចំរុះ និងការរស់នៅប្រកបដោយចីរភាពស្របទៅតាមប្រធានបទ របស់បរិស្ថាន គឺ «ចូលរួមទាំងអស់គ្នា ដើម្បីពិភពលោកស្រស់ស្អាត»។

ចំណែកលោក ភោគ សុឃឿន អនុប្រធានការិយាល័យ សាធារណការនិងដឹកជញ្ជូនអនាម័យបរិស្ថានសណ្ដាប់ធ្នាប់សាធារណៈ ខណ្ឌព្រែកព្នៅមានប្រសាសន៍ថា សកម្មភាពក្នុងការ សំអាត បរិស្ថាននេះគឺជាការពញ្ញាក់ស្មារតីឲ្យប្រជាជន មហាជនបានយល់ដឹងពីបញ្ហាបរិស្ថានដើម្បីឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន រួមចំណែកធ្វើឲ្យបរិស្ថាន នៅក្នុងមូលដ្ឋានរបស់យើង មានភាពល្អប្រសើរ ព្រោះថាបើ បរិស្ថាន មិនល្អ ជីវិតនឹងមានភាពអាប់អួរ ហើយក៏អាចធ្វើឲ្យ បាត់បង់ដល់អាយុជីវិតផងដែរ។

លោកបានលើកឡើងទៀតថា យើងសង្កេតឃើញថាពិភពលោក បច្ចុប្បន្ននេះកំពុងទទួលរងឥទ្ធិពលអវិជ្ជមានក្នុងស្រទាប់បរិយាកាស ដែលធ្វើឲ្យមាន ការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួត ទឹកជំនន់ ខ្យល់ព្យុះនិងរលកកំដៅជាដើម ដែលបានប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាក់ស្ដែងដោយសារមាន បម្រែបម្រួលអាកាសធាតុខ្លាំង មានកំណើនសីតុណ្ហភាពខ្ពស់ ដែលមិនធ្លាប់មាន បានផ្ដាច់ផ្ដិលជីវិតមនុស្សអស់ជាច្រើន នាក់នៅបណ្ដាប្រទេស១ចំនួន នាពេលកន្លងមក។ដោយសារសារៈសំខាន់នេះហើយបានជា មានបណ្ដាប្រទេសជាច្រើន នៅលើពិភពលើករៀបចំ ប្រារព្ធទិវាបរិស្ថាន ដើម្បីជាសារ១ សម្រាប់ដាស់តឿនឲ្យមនុស្សដែលរស់នៅលើភពផែនដី ឈប់បំផ្លាញបរិស្ថាន ចូលរួមលើកស្ទួយបរិស្ថានឲ្យបានប្រសើរឡើងវិញ។

ក្នុងឱកាសនោះលោក ភោគ សុឃឿន បានអំពាវនាវ ដល់ប្រជាជនមហាជន និង អាជីវករលក់ដូរទាំងអស់សូមចូលរួម រក្សានិងទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ដើម្បីបរិយាកាសក្នុងការរស់នៅផង ដើម្បីឲ្យមាន សោភណ័ភាពផងនិងដើម្បី ការរស់ មាន ភាពថ្លៃថ្នូរ និងស៊ីវីល័យផងដែរ៕

Facebook Comments
Loading...