អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ណែនាំ​ឲ្យអាជ្ញាធរ​ខណ្ឌ សង្កាត់​ ចុះ​មើលផ្លូវ​ និង​​ប្រព័ន្ធ​ប្រឡាយ​លូ​តាមបណ្តាសង្កាត់ទាំង៥ក្នុងរដូវភ្លៀងនេះ

0
5618

ភ្នំពេញ​ ៖ លើកឡើងក្នុង ​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ កាលពី​រសៀល​ថ្ងៃ​ទី​០៨​ ខែ​សីហា​ ឆ្នាំ​២០២០ លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បាន​ណែនាំ​ឲ្យការិយាល័យ​​សាធារណការ​ បង្កើត​ក្រុមការងារ​ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ សង្កាត់​ ដើម្បី​ចុះ​មើលផ្លូវ​ដែល​ទទួល​រង​ការខូចខាត​ និង​ចុះ​មើល​ប្រព័ន្ធ​ប្រឡាយ​លូ​តាមបណ្តាសង្កាត់ទាំង៥ ក្នុងខណ្ឌព្រែកព្នៅ ក្នុងរដូវភ្លៀងនេះ។

លោក​ សុខ សម្បត្តិ​ បាន​មានប្រសាសន៍​លើកឡើងថា ការិយាល័យសាធារណការ​ ​ ត្រូវបង្កើត​ក្រុមការងារ​ ដោយ​សហការ​ជាមួយ​សង្កាត់ទាំង៥ ក្នុង​ការ​ចុះ​មើលផ្លូវ​ដែល​ទទួលរង​ការខូចខាត ដូចជា ​គ្រលុក​សំបុក​មាន់ ត្រូវ​ធ្វើ​ការ​ជួសជុល​ឡើងវិញ​ជាបន្ទាន់ កុំ​ទុក​ឲ្យ​ទទួល​រង​ការខូចខាត​ធ្ងន់ធ្ងរ ក្នុងការជួសជុល​អស់​ថវិកា​ច្រើន។ ការងារ​មួយទៀត ពាក់ព័ន្ធ​ប្រព័ន្ធ​លូ ក៏​ត្រូវ​ចុះ​ពិនិត្យមើល​ស្ថានភាព​លូ​នៅ​តាម​បណ្ដា​មូលដ្ឋាន​សង្កាត់ទាំង៥ មានន័យថា បើ​កន្លែង​ណា​ទទួលរង​ការ​ខូចខាត ​ឬ​បាក់បែក ក៏​ត្រូវតែ​ធ្វើការ​ជួសជុល​ឡើងវិញ​ជាបន្ទាន់​ដែរ​។

មួយវិញទៀត ចំពោះ​ទឹក​ដក់​នៅ​ចិញ្ចើមផ្លូវ ​ក៏​ជាការ​ងារ​ដែល​ត្រូវតែ​ធ្វើ​ផង​ដែរ ពោល​គឺ​ត្រូវ​កាយ​ទឹក​ដក់​ទាំងនោះ​ឲ្យ​ហូរ​ចូល​លូ មិន​ត្រូវ​ទុកឲ្យ​ស្អុយ​នៅ​តាម​បណ្ដា​ផ្លូវ​សាធារណៈ​នោះ​ទេ​។​
​ពាក់ព័ន្ធ​នឹង​ការងារ​នេះ​ផង​ដែរ លោក​អភិបាល​ខណ្ឌ​ ក៏បាន​ណែនាំ​ដល់​សង្កាត់ទាំង៥ ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​នេះ គឺ​ត្រូវ​ជំរុញ​ឲ្យ​មន្ត្រី​ចុះ​ទៅ​ដល់​មូលដ្ឋាន ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង។

ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ​ខណ្ឌ សង្កាត់​ ត្រូវ​ចុះ​ណែនាំ​ប្រជាពលរដ្ឋ​ ឲ្យ​ពួកគាត់​ទុកដាក់ វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ល្អ ​កុំ​ទុកដាក់​សំរាម​នៅ​លើ​គម្រប​លូ មាត់​លូ ដែល​បង្ក​ឲ្យ​ស្ទះលូ ពេល​ដែល​ភ្លៀង​ធ្លាក់​ម្ដងៗ​៕

Facebook Comments
Loading...