ឈរលើគោលការណ៍ ចំនួន០៥ចំណុចក្នុងយុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាទ្បើងវិញ

0
10869

ភ្នំពេញ ៖ កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើ “សេចក្ដីព្រាងយុទ្ធសាស្រ្តស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ” ដោយឈរលើគោលការណ៍ ចំនួន០៥ចំណុច។

ជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីធានាបាននូវសុវត្ថិភាពរបស់សិស្សានុសិស្ស, បុគ្គលិកសិក្សា, បុគ្គលិកបម្រើការផ្សេងទៀត និងសហគមន៍ទាំងមូល ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យគ្រប់គ្រឹះស្ថានសិក្សានៅទូទាំងប្រទេសកម្ពុជាផ្អាកដំណើរការចាប់តាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ កន្លងមក។

ការវាយតម្លៃ របស់ក្រសួងអប់រំ យុវជន និងកីទ្បា បានបង្ហាញឱ្យឃើញថា នៅក្នុងឆ្នាំ ២០២០ និង២០២១ នេះគ្រឹះស្ថានសិក្សាគ្រប់ប្រភេទនឹងមិនអាចមានដំណើរការបានដូចមុនពេលមានវិបត្តិនៃជំងឺកូវីដ-១៩ ឡើយ។ គ្រឹះស្ថាន-សិក្សា ត្រូវសម្របសម្រួលទៅតាម “ជីវិតរស់នៅធម្មតាតាមគន្លងបែបថ្មី” (New Normal Life) តាមរយៈការអនុវត្ត “វិធានការសុវត្ថិភាពសិក្សា” ដើម្បីការពារសុវត្ថិភាពអ្នកសិក្សា, បុគ្គលិកសិក្សា, បុគ្គលិកបម្រើការផ្សេងទៀត និងផ្តល់ទំនុកចិត្តដល់មាតាបិតា។ ក្នុងបរិការណ៍នេះ, ក្រសួងអប់រំ យុវជន និងកីទ្បា បានរៀបចំ “យុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាទ្បើងវិញ” ដោយឈរលើអភិក្រម២ គឺ១. ការបើកដំណើរការឡើងវិញតាមដំណាក់កាល នូវគ្រឹះស្ថានសិក្សាដែលអាចអនុវត្តបានត្រឹមត្រូវតាម “ស្តង់ដាសុវត្ថិភាពសុខភាព” និង ២. ការបន្តអនុវត្តវិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ គឺការសិក្សាក្នុងថ្នាក់រៀន, ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេទ្បិចត្រូនិក (distance and e-learning) និងតាមបែបប្រ​ពៃ​​ណី (សន្លឹកកិច្ចការជំនួយ) រួមទាំងការធ្វើស័្វយសិក្សា (សម្រាប់សិស្សនៅទីជនបទ)។

ដោយឈរ លើអភិក្រមទាំងពីរនេះ “យុទ្ធសាស្ត្រស្តីពីការបើកដំណើរការគ្រឹះស្ថានសិក្សាទ្បើងវិញ” ត្រូវបានរៀបចំទ្បើងដោយឈរលើគោលការណ៍ ចំនួន០៥ចំណុច រួមមាន៖១. ក្រសួងរៀបចំការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជា៣ដំណាក់កាល បន្តបន្ទាប់គ្នា។ ២.គ្រឹះស្ថានសិក្សាមិនទាន់អាចដំណើរការឡើងវិញពេញលេញនៅឡើយ និងត្រូវអនុវត្តនូវវិធីសាស្ត្រចម្រុះគឺ ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងតាមប្រព័ន្ធប្រពៃណី (សម្រាប់ទីជនបទ) រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន។

៣. ការអនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញតាមដំណាក់កាលនីមួយៗ បន្ទាប់ពីគ្រឹះស្ថានសិក្សា ទាំងនោះបានត្រៀមខ្លួនរួចរាល់ និងអនុវត្តបានត្រឹមត្រូវតាមលក្ខខណ្ឌតម្រូវសុវត្ថិភាពដែលកំណត់ដោយក្រសួងសុខាភិបាល និងលក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀន ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។ ៤. ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមានការទទួលខុសត្រូវ ខ្ពស់ និងការប្តេជ្ញាចិត្តក្នុងការអនុវត្តវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ៥. ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក៏ឈរលើគោលការណ៍នៃទីតាំងភូមិសាស្រ្តនៃកម្រិតហានិភ័យរបស់ការរាលដាលនៃជំងឺកូវីដ-១៩។

ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០, នៅទីស្ដីការក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ,ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ជាធាតុចូល និងរៀបចំឯកសារដ៏មានសារៈសំខាន់នេះ និងស្នើឱ្យក្រសួង-ស្ថាប័នពាក់ ព័ន្ធបន្តផ្ដល់កិច្ចសហការ និងកែសម្រួលឯកសារនេះតាមស្មារតីនៃអង្គប្រជុំ ដើម្បី ឱ្យឯកសារនេះមានភាពពេញលេញ, គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានក្នុងពេលឆាប់ៗខាងមុខនេះ៕

Facebook Comments
Loading...