បុគ្គលិកធនាគារម្នាក់ ករណីក្លែងត្រាមេឃុំ បោកប្រាស់ពលរដ្ឋដាក់បញ្ចាំទ្រព្យយកលុយពីធនាគារ៣ម៉ឺនដុល្លារ ត្រូវបានចាប់ខ្លួន

0
5716

កណ្ដាល ៖ បុគ្គលិកធនាគារម្នាក់ត្រូវបាន នគរបាលស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួនបុរសម្នាក់ ក្រោយលោក មាន ណាត មេឃុំភូមិធំ ប្ដឹងករណីបន្លំត្រាមេឃុំ ទៅបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីដាក់ទ្រព្យនិងលិខិតផ្សេងៗ ក្នុងការយកលុយពីធនាគារ ចំនួន៣ម៉ឺនដុល្លារ។ ក្រោយទទួលពាក្យបណ្ដឹងភ្លាម នគរបាលបានស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ៃ វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារ មានលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជននេះបានបោកប្រាស់មនុស្សដែលមានឈ្មោះ៖ ទី១. លោក មៀច ផៃ អាយុ៦៧ឆ្នាំ មុខរបរជំទប់ទី១ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ទី២. លោក ឡាង ថុល អាយុ៦៧ឆ្នាំ មុខរបរមេភូមិ មានទៅលំភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមដំណើររឿង ក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ បានទទួលព័ត៌មានពីលោក មាន ណាត ជាមេឃុំភូមិធំថា មានគេបន្លំធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ដោយមានត្រាក្លែងក្លាយ ទាំងឈ្មោះ ហត្ថលេខា និងត្រាថែមទៀត។ ពេលទទួលបានពាក្យបណ្តឹងភ្លាម នគរបាលប៉ុស្តិ៍ភូមិធំ សហការណ៍ជាមួយនគរបាលយុត្តិធម៌ស្រុក បានហៅជនសង្ស័យខាងលើមកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ម៉ៃ វណ្ណៈ បានឆ្លើយសារភាពថាខ្លួនបានឆាតទៅកន្លែងឆ្លាក់ត្រា តាមរយៈ Facebook ដែលមានយីហោឆ្លាក់ត្រាពីចំងាយ ឲ្យធ្វើត្រាឃុំភូមិធំ និងត្រាឈ្មោះឲ្យខ្លួន ក្នុងតម្លៃ២០ដុល្លារ ដោយផ្ញើលុយតាមរយៈ ABA រយៈពេលមួយអាទិត្យទើបកន្លែងឆ្លាក់ត្រាឲ្យម៉ូតូឌុបយកមកឲ្យខ្លួន។ ក្រោយពេលបានត្រាហើយ ខ្លួនក៏រៀបចំឯកសារក្លែងក្លាយដោយមានបោះត្រាមូល និងត្រាឈ្មោះក្លែងក្លាយ លើលិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ដើម្បីយកទៅដាក់នៅមីក្រូហិរញ្ញវត្ថុខេមា យកប្រាក់ចំនួន ៣០០០០ដុល្លារ ដើម្បីប្រកបមុខរបរប្រាកដមែន។ ជនសង្ស័យ ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

Facebook Comments
Loading...