វង្ស វិឆ័យ ស្វាគមន៍នី សុភី មកសងសឹក រីឯតាញ់ មករា ឡើងសាកស្នៀតនិងអេលិត សាន់

0
12570

ភ្នំពេញ ៖ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៧ ខែមិថុនា ឆ្នាំ២០២០ កីឡាករដែលកំពុងមានប្រជាប្រិយ វង្ស វិឆ័យ អ្នកប្រដាល់របស់ក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១ ស្វាគមន៍កីឡាករនី សុភី អ្នកប្រដាល់នៃក្លិបកុលបុត្រគុនខ្មែរខណ្ឌទួលគោក មកសងសឹក ខណៈកីឡាករតាញ់ មករា អ្នកប្រដាល់នៃសមាគមន៍កីឡាប្រដាល់ក្រសួងការពារជាតិ ជួបអេលីត សាន់ អ្នកប្រដាល់មកពីក្លិបប៉ែនកាក់គុនខ្មែរ។

កីឡាករវង្ស វិឆ័យ ត្រូវជួបកីឡាករនី សុភី ក្នុងប្រភេទម្ងន់៦៩គីឡូក្រាម អ្នកទាំងពីរធ្លាប់ជួបគ្នាជាច្រើនលើកមកហើយ មានឈ្នះមានចាញ់ទៅវិញទៅមកម្តងមក។ ស្នៀតខ្លាំងរបស់វង្ស វិឆ័យ គឺជង្គង់ និងកណ្តាប់ដៃ ប៉ុន្តែការប្រកួតលើកនេះត្រូវបានអ្នកតាមដានកីឡាលើកឡើងថា វង្ស វិឆ័យ មានភាគរយឈ្នះហាសិបភាគរយប៉ុណ្ណោះលើកីឡាករនី សុភី បើទោះជាគេកំពុងឡើងកូដ វាយកម្រចាញ់គូប្រកួតទាំងកីឡាករក្នុងស្រុក និងកីឡាករបរទេស ហើយធ្លាប់ឈ្នះនី សុភី ម្តងក៍ដោយ។

អ្នកប្រដាល់នី សុភី នរណា​ក៏ទទួល​ស្គាល់​ថា គេ​មាន​ស្នៀតជង្គង់​ល្អដែរ ពេល​ប្រកួត​រាល់លើក សុទ្ធតែផ្តួលដៃគូត​ស៊ូពីក្បាច់​ជង្គង់​ពិឃាត​របស់​គេនេះ​តែម្តង។ ការប្រកួត​ទាំង​ថ្នាក់​ជាតិនិងអន្តរៈជាតិ សុភីគេ​ចូលចិត្តប្រើស្នៀត​កែង​និង​ជង្គង់នេះណាស់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​កៀក​ក៏​បាន​ហើយមានប្រសិទ្ធិភាពទៀត។ តែយ៉ាងណាកាលជួបជាមួយវង្ស វិឆ័យ នីសុភី ហាក់ចាញ់ស្នៀតជង្គង់ទៅវិញ ទើបធ្វើឲ្យគេចាញ់ទាំងមិនអស់ចិត្ត។ ចាំមើលការប្រកួតនេះនី សុភី អាចសងសឹកទៅលើវង្ស វិឆ័យ បានដែរឬយ៉ាងណា?។

ដោយឡែកកីឡាករអេលិត សាន់ ឡើងសាកស្នៀតគុននិងកីឡាករតាញ់ ក្នុងប្រភេ​ទទម្ងន់៦០គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួមគ្នាទេកន្លងមក។ កី​ឡាករអេលិត សាន់ គេជាកីឡាករវ័យក្មេងស្រករក្រោយមែនតែការប្រកួតរបស់គេពិតជាធ្វើបានល្អ ហើយស្នៀតខ្លាំងរបស់គេគឺល្អទាំងព្រមតែម្តង ការប្រកួតកន្លងមកគេចូលចិត្តវាយដកថយដើម្បីមើលចំ​ណុ​ចខ្សោយរបស់គូប្រកួត បើគេដឹងពីចំណុយខ្សោយហើយ គឺវាយសម្រុកយកឈ្នះតែម្តង។

ចំណែកកីឡាករតាញ់ មករា បច្ចប្បន្ននេះគេ​ក៏​ជា​អ្នក​ប្រដា​ល់​​ជើង​ខ្លាំង​មួយ​រូប ក្នុងចំ​ណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដានកីឡា​ប្រដា​ល់កម្ពុជាកំ​ពុង​តែ​ចាប់អារ​ម្មណ៍ចំពោះស្នៀតគុនរបស់​កីឡា​ករ​រូបនេះ ដែលឡើងប្រកួតម្តងៗ​ធ្វើឲ្យអ្នកទស្ស​នា​ជក់ចិត្តជាខ្លាំងនោះ។ តាញ់ មករា ជា​អ្នក​ប្រដាល់​ដែល​មាន​កណ្ដាប់​ដៃ និងកម្លាំងជើងទាត់​ខ្លាំង​ តែមិនសូវសំបូរច្ចេក​ទេសនិង​ល្បិ​ច​​កល​ប្រកួត​ប៉ុន្មានឡើយ ក៍ប៉ុន្តែគេមានកម្លាំងស៊ុហ្វខ្លាំង។ ពីមុនមករាគេ​​វ៉ៃ​អាង​តែលើកម្លាំងបាយ​តែប៉ុណ្ណោះ ​តែមួយរយះមក​គេ​វាយ​ចេញ​ដោយកណ្តាប់ដៃ​ដាល់​ត្រូវ​ចំ​គោ​ល​ដៅ​បានច្រើន មួយៗ​តែ​ធ្ងន់​ចំណែក​ ឯ​ការពារ​របស់​គេ​ ក៏បាន​ល្អ​និង​រឹងមាំ​ផង​ដែរ។ ចាំមើលតាញ់ មករា និងអេលិត សាន់ នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...