សត្វខ្ទីងមួយក្បាលទៀត ត្រូវពានព្រៃសម្លាប់កាត់យកស្នែង បន្សល់ទុកក្បាល និងសាច់ជាច្រើនគីឡូក្រាម

0
6894

ពោធិសត់ ៖ មន្ត្រីឧទ្យានុរក្ស និងមន្ត្រីនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប្រទះឃើញសត្វខ្ទីងដែលជាប្រភេទសត្វកម្រនៅកម្ពុជាមួយក្បាល ត្រូវបានព្រានព្រៃចិត្តអប្រិយដាក់អន្ទាក់ និងសម្លាប់ គំនរសាច់ និងសពសត្វខ្ទីងដែលព្រានព្រៃប្រមូលយកទៅមិនទាន់អស់នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ពេលចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់សត្វខ្ទីងមួយក្បាលនេះ និងថ្កោលទោសចំពោះក្រុមជនល្មើសដែលតែងតែងលួចប្រព្រឹត្តបទល្មើសដាក់អន្ទាក់សត្វ និងបរបាញ់សត្វកម្រ បើទោះបីជាក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធខិតខំប្រឹងប្រែងក្នុងការការពារអភិរក្ស បង្កើនការផ្សព្វផ្សាយ អប់រំ កុំឱ្យបរបាញ់សត្វព្រៃយ៉ាងណាក៏ដោយ។លោករដ្ឋលេខាធិការក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានដឹង ឬស្គាល់ពីអត្តសញ្ញានៃជនល្មើសជួយរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីចាត់វិធានការតាមច្បាប់។

លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រុមជនល្មើសបានរត់គេចខ្លួនបាត់នៅពេលដែលដឹងថា ក្រុមមន្ត្រីឧទ្យានុរក្សដើរល្បាតនៅក្នុងតំបន់នោះ ដោយបន្សល់ទុកនូវសាច់សត្វខ្ទីងដែលបានពន្លះជាដុំៗបម្រុងនឹងដឹកចេញ។ តាមការបញ្ជាក់របស់លោករដ្ឋលេខាធិការក្រសួងបរិស្ថាន សត្វខ្ទីងដែលត្រូវបានសម្លាប់ នេះមានជើងជាប់អន្ទាក់ ហើយស្នែងរបស់វាត្រូវបានគេកាត់យកទៅបាត់បន្សល់ទុកក្បាល និងសាច់ជាច្រើនគីឡូក្រាម។ «នេះគឺជាសត្វខ្ទីងទី២ ហើយដែលត្រូវបានដឹងថា បានស្លាប់នៅក្នុងរយៈពេល ២ខែចុងក្រោយនេះ។ ខ្ទីងពេញវ័យមួយក្បាលអាយុប្រហែល ៥ឆ្នាំ ត្រូវបានដឹងថា ត្រូវបានព្រានបាញ់សម្លាប់ ដោយបន្សល់ទុកតែក្បាលនៅក្នុងដែនជម្រកសត្វព្រៃព្រះរកានៅក្នុងខេត្តព្រះវិហារកាលពីខែឧសភាកន្លងទៅ»។

លោក នេត្រ ភក្ត្រា បានលើកឡើងថា អន្ទាក់និងកាំភ្លើងកែច្នៃ គឺជាឃាតកលាក់មុខសម្លាប់សត្វព្រៃនៅកម្ពុជា ជារៀងរាល់ដែលចាំបាច់ត្រូវទប់ស្កាត់និងបង្ក្រាបកុំឱ្យមានការយកចូលក្នុងតំបន់ការពារធម្មជាតិ។ លោកថ្លែងថា អន្ទាក់ជាងមួយម៉ឺនត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងកាំភ្លើងរួមនឹងកាំភ្លើងកែច្នៃជាង ៣០០ដើមត្រូវបានរឹបអូសនៅក្នុងរយៈពេល ៤ខែដើមឆ្នាំ ២០២០នេះ។

យោងតាមជីវសាស្ត្រ សត្វខ្ទីងអាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកម្ពស់ខ្ពស់រហូតដល់កម្ពស់ជាង ២០០០ម៉ែត្រ ហើយសត្វខ្ទីងរស់នៅក្នុងតំបន់មួយចំនួនដូចជាភូមិភាគឦសាន ភូមិភាគខាងជើង ខេត្តកោះកុង ពោធិ៍សាត់ (ជួរភ្នំក្រវាញ) និងក្នុងខេត្តកំពង់ស្ពឺជាដើម។

សត្វប្រភេទនេះចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយសត្វខ្ទីងតែងតែចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច។ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វា គឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ សត្វខ្ទីងញីអាចបង្កើតកូនបាន១ បន្ទាប់ពីពពោះរយៈពេល៩ខែ។

លោក នេត្រ ភក្ត្រា បានលើកឡើងថា សត្វខ្ទីងជាប្រភេទសត្វកម្រ ដែលងាយទទួលរងការគំរាមកំហែងយ៉ាងខ្លាំង ហើយចំនួនសត្វខ្ទីងត្រូវបានគេដឹងថា ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វព្រៃងាយរងគ្រោះថ្នាក់ជាសកលនៅឆ្នាំ១៩៨៦ ហើយនៅឆ្នាំ២០១៦។ សត្វខ្ទីងនៅលើពិភពលោកមានចំនួនប្រមាណ ២១,០០០ ក្បាលដែលរស់នៅក្នុងប្រទេស ឥណ្ឌានិងតំបន់អាស៊ីអាគ្នេយ៍។ សត្វខ្ទីងញីអាចមានទម្ងន់រហូតដល់ជិត១តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់១តោនកន្លះ។ ចំនួនសត្វខ្ទីងមានការថយចុះគួរឱ្យកត់សម្គាល់ដោយសារតែការបាត់បង់ទីជម្រក ជាពិសេសគឺការបរបាញ់ដើម្បីយកសាច់ ស្នែង ឆ្អឹងនិងការជួញដូរផ្សេងទៀត។ សត្វខ្ទីងស្ថិតនៅក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស។

ដើម្បីចូលរួមការពារនិងអភិរក្សសត្វព្រៃជាពិសេសសត្វព្រៃកម្រៗនៅលើពិភពលោកដែលមានវត្ត មាននៅកម្ពុជា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការបរិភោគ សាច់សត្វព្រៃ និងកុំជឿថាបរិភោគសាច់សត្វព្រៃផ្តល់នូវសុខភាពល្អ។ ជាមួយគ្នានេះ សមត្ថកិច្ចពាក់ព័ន្ធនឹង អនុវត្តច្បាប់ប្រឆាំងនឹងជនល្មើសសម្លាប់សត្វដោយមិនលើកលែងឡើយ។

លោក នេត្រ ភក្ត្រា ក៏បានស្នើសុំប្រជាពលរដ្ឋទាំងអស់ចូលរួមការពារនិងអភិរក្សសត្វព្រៃ និងសូមនិយាយថា ទេចំពោះការជួញដូរសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងចូលរួមរាយការណ៍ប្រាប់សមត្ថកិច្ច ប្រសិនបើឃើញមានការបរបាញ់សត្វ ការដាក់អន្ទាក់ចាប់សត្វ និងចូលរួមបណ្តុះស្មារតីក្មេងៗជំនាន់ក្រោយស្រឡាញ់ធនធានធម្មជាតិ និងសត្វព្រៃដើម្បីផលប្រយោជន៍ សម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ បង្កើនចំណូលប្រជាសហគមន៍មូលដ្ឋាន កាត់បន្ថយនិងលុបបំបាត់របរ ចូលព្រៃកាប់ឈើនិងបរបាញ់សត្វ ឬដាក់អន្ទាក់ចាប់សត្វដែលប្រជាពលរដ្ឋមួយចំនួនកំពុងប្រកបរបរដែលប្រឈមនឹងមុខច្បាប់នេះ៕

Facebook Comments
Loading...