ហ្គេមបាញ់ត្រីចំនួន៥កន្លែងក្នុងខណ្ឌដូនពេញ ដែលមានម្ចាស់ឈ្មោះ វេហារ កំពុងបើកលេង មិនទាន់ឃើញមានអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីជំនាញណាចុះបង្ក្រាបឡើយ

0
24403

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីចំនួន៥កន្លែង ដែលមានម្ចាស់ឈ្មោះ វេហារ កំពុងបើកលេង និងទទួលអតិថិជនចូល លេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យជាយូរឆ្នាំណាស់មកហើយ ពុំដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីជំនាញណាចុះបង្ក្រាបនោះទេ។ ដោយប្រភពបញ្ជាក់ថា ម្ចាស់ទីតាំល្បែងស៊ីសងហ្គេមបាញ់ត្រីនេះ ក៏ជាសមត្ថកិច្ចនៅក្រសួងមហាផ្ទៃផងដែរ។

ទីតាំងហ្គេមបាញ់ត្រីដែលសមត្ថកិច្ចមិនហ៊ានបង្ក្រាប ៖ទី១,ទីតាំងហ្គេមបាញ់ត្រីដុះស្លែតាមបណ្ដោយផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ទី២, ទីតាំងហ្គេមបាញ់ត្រីដុះស្លែតាមបណ្ដោយផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។ ទី៣, ទីតាំងហ្គេមបាញ់ត្រីដុះស្លែតាមបណ្ដោយផ្លូវលេខ១២៦ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។ ទី៤, ទីតាំងហ្គេមបាញ់ត្រីតាមបណ្ដោយផ្លូវ១៨៤ ក្បែរសាលា ស៊ីសុវត្ថិខណ្ឌដូនពេញ និងទី៥, ទីតាំងហ្គេមបាញ់ត្រីតាមបណ្ដោយផ្លូវ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

ពលរដ្ឋ សង្ស័យថា ម្ចាស់ទីតាំង ដាក់សំណែន ដ៏ល្អស័ក្តិសិទ្ធណាមួយហើយ ទើបបានជាអាជ្ញាធរ បណ្តែតបណ្តោយអោយទីតាំងល្មើសច្បាប់ទាំងនេះ នៅតែបន្តបើកលេងបានយ៉ាងរលូនបែបនេះ។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

យោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង បានចែងថា អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ី សង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ។

មហាជនទូទៅ និង ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងហ្គេមបាញ់ត្រីទាំងអស់នេះកំពុងរងចាំមើលថាតើចំណាត់ការរបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោកវរសេនីយ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ នឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងដុះស្លែមួយនេះបែបណា?

ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕

Facebook Comments
Loading...