ប្រជាពលរដ្ឋសំណូមពរឲ្យមានការកែប្រែ ព្រោះនគរបាលចរាចរណ៏ស្រុកស្អាងធ្វើផ្ទុយពីគោលការណ៏ថ្នាក់លើ

0
4210

កណ្តាល ៖ ប្រជាពលរដ្ឋជាច្រើនមានការមិនពេញចិត្តនិងធ្វើការរិះគន់ទៅលើកម្លាំងប៉ូលិសចរាចរណ៍ស្រុកស្អាងយ៉ាងខ្លាំងដោយពួកគាត់ហួសចិត្ត ខណៈឃើញនគ​របាលចរាចរណ៍ស្រុកស្អាង បានដាក់គោលដៅត្រួតពិនិត្យ រឹតបន្តឹងច្បាប់ចរាចរណ៍នៅចំណុចផ្លូវកោង ទល់មុខវត្តត្រពាំងឈូក តែម្តង ដែលបង្កអោយមានការកកស្ទះចរាចរណ៍ ពិបាកក្នុងការធ្វើដំណើរ និង ជាពិសេសផ្លូវក្លោងទ្វារដែលចូលទៅក្នុងវត្ត គឺសុទ្ធតែរថយន្តដឹកដី ដឹកទំនិញឈប់ពេញ ពេលនគរបាលចរាចរណ៍ធ្វើការផាកពិន័យ។

ប្រជាពលរដ្ឋបានលើកឡើងថា ការយកទីតាំងវត្តសម្រាប់ចតយានយន្តនេះក៏ធ្វើអោយព្រះសង្ឃលោកតា យាយជី ដែលគង់នៅក្នុងវត្តពិបាកធ្វើដំណើរ ចេញចូល ផងដែរ និងស្នើសុំអោយផ្លាស់ប្តូរទីតាំង ពីព្រោះជាផ្លូវកោង តូចចង្អៀត វាងាយនឹងមានគ្រោះថ្នាក់ជាយថាហេតុ។ ពួកគាត់បន្តថា ទីតាំងដែលនគរបាលចរាចរណ៍ដាក់គោលដៅ នេះ ស្ថិតនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

តាមប្រភពព័ត៌មានច្បាស់ការណ៍ បានអោយ  ដឹងថា នគរបាលដែលដាក់គោលដៅត្រួតពិនិត្យ រឹតបន្តឹងច្បាប់ចរាចរណ៍នៅចំណុចមុខវត្តត្រពាំងឈូកនោះ គឺ ដាក់អោយតែល្អមើលទេ ដោយអង្គុយនិងឈរ ចាំចាប់ឃាត់រថយន្តដឹកដី ដឹកខ្សាច់ និងដឹកទំនិញពីជ្រៃធំ ស្រុកកោះធំ យកលុយតែប៉ុណ្ណោះ ពេលឃាត់ម្តងៗ មិនមានចេញវិកយប័ត្រឡើយ ពោលគឺហុចលុយ អោយបើករថយន្តចេញ ដោយគ្មានការត្រួតពិនិត្យ អ្វីទេ។ ជាពិសេសរថយន្តដឹកបន្លែដឹកសំពីងសំពោងចង់ទល់មេឃ គឺធ្វើចរាចរណ៍ឆ្លងកាត់បានយ៉ាងរលូនមិនឃាត់នោះទេ ព្រោះមានក្រុមហ៊ុនចាំទូទាត់ជាថ្ងៃឬជាខែតែម្តង ។

ប្រការនេះបានធ្វើឲ្យមហាជនរិះគន់យ៉ាងចាស់ដៃតែម្តង ដោយពួកគាត់លើកឡើងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករាល់ថ្ងៃរបស់ប៉ូលិសចរាចរណ៍ស្រុកស្អាងនេះមិនមានតម្លាភាពនោះទេពោលគឺចាប់ផាកតែប្រជាពលរដ្ឋទុនខ្សោយ តែប៉ុណ្ណោះ ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋក៏បានធ្វើការសំណូមពរឲ្យថ្នាក់លើមើលផងជាពិសេសណែនាំឲ្យក្រុមនគរបាលចរាចរណ៍ស្រុកស្អាងកែប្រែឥរិយាបទឡើងវិញជៀសវៀងមានការរិះពីប្រជាពលរដ្ឋបន្តទៀត ។

ជុំវិញបញ្ហានេះ លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង តែលោកឆ្លើយថាកំពុងរវល់បើកឡានមិនអាចនិយាយបានទេ រីឯលោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរងនគរបាលខេត្តកណ្តាលទទួលផែន ចរាចរណ៍ផ្លូវគោក ថ្លែងប្រាប់  ថា កាដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍គឺ មួយស្រុក មានគោលដៅមួយតាមគោលការណ៍របស់លោកស្នងការ ហើយក្រុមចរាចរណ៍ខេត្ត មានបីក្រុមចល័ត។

បញ្ហាទាំងនេះ លោកស្នងការរង នឹងអោយមានការផ្លាស់ប្តូរទីតាំង តាមការស្នើសុំរបស់ប្រជាពលរដ្ឋ ។ ចំពោះបញ្ហាពួកគាត់ដែលធ្វើអ្វីផ្តេសផ្តាសសខុសពីច្បាប់ដែលកំណត់ នោះ លោកនឹងតម្រូវអោយមានការកែប្រែជាបន្ទាន់ ។ ចំណែកលោកសេងម៉េងនីអធិការរងទទួលផែនចរាចរណ៏ស្រុកស្អាងមិនអាចសុំការពន្យល់បានទេ៕

Facebook Comments
Loading...