សូមប្រុងប្រយ័ត្នរលកទី២នៃការងើបឡើងវិញ នៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩

0
977

ភ្នំពេញ ៖ ប្រជាពលរដ្ឋគ្រប់រូបត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២នៃការងើបឡើងវិញ នៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ ដ៏កាចសាហាវបំផុត នេះបើតាមការអំពាវនាវតាមបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ។

សម្តេចតេជោ បញ្ជាក់ថា ដើម្បីទប់ស្កាត់នូវការរាតត្បាតជំងឺកូវីដ-១៩ រលកទី២ សម្តេចបានជំរុញឲ្យប្រជាពលរដ្ឋ ត្រូវថែរក្សាអនាម័យសុខភាពអាយុជីវិត សម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំឲ្យឆ្លងមេរោគកូវីដ-១៩ឲ្យសោះ និងសូមកុំឲ្យមានវិប្បដិសារីកើតឡើង ព្រោះតែការធ្វេសប្រហែសមើលស្រាល ចំពោះស្ថានការណ៍បច្ចុប្បន្ន។

សម្តេចតេជោ បានសរសេរក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា «សូមប្រុងប្រយ័ត្នរលកទី២ នៃការរាត្បតជំងឺឆ្លងកូវីដ-១៩ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការថែរក្សាអនាម័យសុខភាពអាយុជីវិត សម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំឲ្យឆ្លងមេរោគកូវីដ-១៩ ឲ្យសោះ។ សូមកុំឲ្យមានវិប្បដិសារីកើតឡើង ព្រោះតែការធ្វេសប្រហែស មើលស្រាល ចំពោះស្ថានការណ៍បច្ចុប្បន្ន។ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២ នៃការងើបឡើងវិញ នៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ ដ៏កាចសាហាវបំផុតនេះ។

មកទល់ថ្ងៃនេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ចំនួនអ្នកឆ្លងក្នុងប្រទេស២១៧ ដែលមានអ្នកឆ្លងរោគបានកើនឡើងជាង៥លាននាក់ហើយ(5,491,678) ហើយស្លាប់ជាង៣០ម៉ឺននាក់ ក្នុងនោះកម្ពុជាក៏មានអ្នកឆ្លងថ្មី២នាក់ផងដែរ។ មកទល់ពេលនេះ មិនទាន់មានថ្នាំព្យាបាលកូវីដ-១៩នៅឡើយទេ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋ ត្រូវតែពាក់ម៉ាស ហើយត្រូវដុសលាងសម្អាតដៃជាប្រចាំ ដោយទឹកអាល់កុល ឬចឹលសម្លាប់មេរោគ។ ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស ឬខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម៕

សូមបន្តស្តាប់តាមការណែនាំ របស់ក្រសួងសុខាភិបាលគ្រប់ពេល។ បើមានចម្ងល់ឬការសង្ស័យណាមួយ សូមទូរស័ព្វទៅលេខ ១១៥ ជាបន្ទាន់។ យើងទាំងអស់គ្នាត្រូវបន្តចូលរួមទប់ស្កាត់ការឆ្លងរាតត្បាត នៃជំងឺឆ្លងកូវីដ-១៩ នៅទូទាំងប្រទេស»៕

Facebook Comments
Loading...