សម្ដេចតេជោបញ្ជាក់ថា គឺវាល្មមដល់ពេលវេលាកីឡាមួយចំនួនមានសកម្មភាពប្រកួតឡើងវិញហើយ តែត្រូវបិទទ្វារ

0
1244

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ភ្លើងខៀវឲ្យកីឡាមួយចំនួនដែលមានកម្មវិធីប្រកួតនោះ ត្រូវមានសកម្មភាពប្រកួតឡើងវិញប៉ុន្តែត្រូវធ្វើការប្រកួតដោយបិទទ្វារ ពោលគឺហាមមិនឲ្យមានអ្នកទស្សនាមើលនោះឡើយ បន្ទាប់ពីកីឡាមួយចំនួនដែលបានផ្អាកសកម្មភាពទាំងការហ្វឹកហាត ទាំងការប្រកួតមួយរយ:នៃការទប់ស្កាត់និងបង្ការជំងឺកូវីដ19 អស់រយៈពេលជាង២ខែកន្លងមកនេះ។

នៅក្នុងសារជាសំឡេងដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ ២០២០នេះ បានមានប្រសាសន៍ថា ឯកឧត្តមម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល,ឯកឧត្តមថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមហង់ជួនណារ៉ុនរដ្ឋមន្ត្រីក្រសួង អប់រំយុវជននិងកីឡា គប្បីធ្វើការពិភាក្សាគ្នាដើម្បីបើកឱ្យមានការប្រកួតកីឡាមួយចំនួនឡើងវិញ។

សម្ដេចតេជោបានមានប្រសាសន៍ថាកន្លងមកទាក់ទងវិស័យកីឡា គឺយើងបានអនុញ្ញាតអោយតែកីឡាប្រដាល់ធ្វើការប្រកួតដោយបិទទ្វារ ឯកីឡាដទៃទៀតគឺស្ងប់ស្ងាត់។សម្រាប់ពេលនេះ យើងពិនិត្យឃើញថាយើងគួរចាប់ផ្ដើមឲ្យមានសកម្មភាពកីឡាគ្រប់ប្រភេទគ្រប់ទំរង់ទាំងបាល់ទាត់ បាល់ទះបាល់បោះ និងកីឡាប្រភេទដទៃទៀតប៉ុន្តែប្រសិនជាមានការប្រកួត ក៏ប្រកួតបិទ ទ្វារដដែល។

សម្ដេចយល់ថា ហានិភ័យនៅកន្លែងការប្រកួតកីឡាមិនជាមានច្រើនប៉ុន្មានទេ ដោយយើងកំណត់ទាក់ទិននឹងការប្រកួតដូចជាបាល់ទាត់យើងមិនត្រូវឲ្យមានអ្នកដែលត្រូវចូលទៅមើលទេ គឺក្នុង១កន្លែងប្រកួតហ្នឹង យ៉ាងច្រើនប្រើ ប្រាស់បើថាបាល់ទាត់វាអាចថា៥០ឬ៦០ នាក់ប៉ុណ្ណោះ ទាំងគ្រូបង្វឹកទាំងកីឡាករហើយទីធ្លាក៏ធំដែរ ហើយបាល់ទះក៏ដូច្នេះដែរគឺវាមិនច្រើនទេបាល់ទះ បាល់បោះហើយប្រភេទកីឡាផ្សេងៗទៀតក៏ដូចគ្នាដែរ។ដូច្នេះហានិភ័យវាមិនជាខ្ពស់ទេហើយប្រយ័ត្នទៀតយើងប្រគល់ឲ្យសហព័ន្ធនីមួយៗជាមួយក្លឹបជាអ្នកទទួលខុសត្រូវដែលកន្លែងប្រកួត យើងក៏ត្រូវមានវិធានការម៉ឺងម៉ាត់ទៅលើបញ្ហាការត្រួតពិនិត្យកម្ដៅ ការត្រួតពិនិត្យផ្សេងៗមុននឹងឲ្យចូលទៅធ្វើការប្រកួត។ដូច្នេះស្នើឲ្យឱ្យឯកឧត្តមរដ្ឋមន្រ្តីទាំងបីពិនិត្យមើលដោយយើងបើកជាជំហ៊ានៗ ប៉ុន្តែនៅក្លឹបហាត់ ប្រាណមិនទាន់ឲ្យបើកទេវិស័យឯកជនដែលប្រមូលផ្ដុំកកកុញដោយមនុស្សទៅហាត់ប្រាណ ហើយកន្លែងក្លឹបម៉ាស្សាខារ៉ាអូខេក៏មិនទាន់ឲ្យបើកដែរ។

សម្ដេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ជំរុញវិស័យកីឡាឲ្យចេញមុខ ដោយសារហានិភ័យហាក់ដូចជាទាបបើប្រៀបធៀបនឹងសកម្មភាពទេសចរណ៍ដែលកំពុងមានសព្វថ្ងៃ ហើយម្យ៉ាងទៀតវិធានការការការពារគឺត្រូវតែមានគ្រប់ទីកន្លែងទាំងអស់។

ដូច្នេះគួរពិចារណាឲ្យមានការប្រកួតដោយសារតែយើងមានវគ្គប្រកួតនេះវគ្គប្រកួតនោះឬកម្មវិធីប្រកួតផ្សេងៗ ហើយម្យ៉ាងទៀតធនធានកីឡារបស់យើងបើសិនយើងពន្យារចោលយូរពេកគឺការហ្វឹកហាត់ក៏មិនបានធ្វើការប្រកួតក៏មិនបានធ្វើនិងធ្វើឲ្យផ្នែកកីឡារបស់យើងចុះខ្សោយដែរ។ដូច្នេះសូមពិចារណាលើរឿងនេះហើយបើឯកភាពគ្នាហើយសូមផ្ដល់មតិយោបល់មកសម្ដេចវិញ ដើម្បីនឹងប្រកាសបើកឲ្យមានការប្រកួតតែម្ដង។សម្ដេចតេជោបានបញ្ជាក់ថា គឺវាល្មមដល់ពេលវេលាហើយ៕

Facebook Comments
Loading...