សាលាខណ្ឌព្រែកព្នៅចុះពិនិត្យការលើកទំនប់ព្រុំប្រទល់ និងស្ដារស្រះលួងដើម្បីទុកប្រើប្រាស់ជាប្រយោជន៍រួម

0
936

ភ្នំពេញ ៖ មន្ត្រីសាលាខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានចុះពិនិត្យការស្ដារស្រះលួង និងលើកទំនប់ព្រុំប្រទល់ដើម្បីស្ដុកទឹក​ទុក​ជូនប្រជាពល​រដ្ឋប្រើប្រាស់នៅរដូវប្រាំង និងដើម្បីកុំឲ្យមានការរំលោភបំពានពីប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី០១៩ ខែឧសភា ឆ្នាំ២០២០នេះ​នៅក្នុងសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានី​ភ្នំពេញ។

លោក សុខ សម្បត្តិ បានលើកឡើងថា តំបន់ស្រះលួងនេះគឺជាដីសាធារណៈរបស់រដ្ឋ ដូចនេះពុំមាននរណាម្នាក់អាចមករំលោភបំពានកាន់កាប់យកដីនេះធ្វើជាកម្មសិទ្ធរបស់ខ្លួនឡើយ។ ក្នុងនាមអាជ្ញាធរខណ្ឌព្រែកព្នៅ ត្រូវតែទប់ស្កាត់ និងថែរក្សា ស្រះលួង ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ និងទុកប្រើប្រាស់ជាប្រយោជន៍រួម ជារៀងរហូតតទៅ។

លោកអភិបាលខណ្ឌព្រែកព្នៅបានលើកឡើងទៀតថា នាពេលថ្មីៗនេះ នៅតំបន់ ស្រះលួង ទាំងលើផ្លូវអែបស្រះ និងនិងទំនប់ស្រះ មានប្រជាពលរដ្ឋមកទន្ទ្រានកាន់កាប់ដី ដោយខុសច្បាប់ ខ្លះមកបោះបង្គោល ខ្លះមកសង់ផ្ទះ សង់រោង ដើម្បីធ្វើជាកម្មសិទ្ធរបស់ខ្លួន តែសាលាខណ្ឌបានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងនោះឲ្យពួកគាត់រុះរើដោយខ្លួនឯងរួចហើយ ហើយបន្ទាប់ពីយើងលើកទំនប់រួចគឺលែងមានប្រជាពលរដ្ឋមកបោះទីតាំង ដូចមុនទៀតឡើយ។

លោកអភិបាលខណ្ឌបញ្ជាក់ថា ការលើកទំនប់ជំហ៊ានដំបូងនេះគឺមានប្រវែង១០៦១ម៉ែត្រទទឹងពីអាក់ផ្លូវមានចំនួន៧៥ម៉ែត្រ ជម្រៅប្រមាណ៣ទៅ៤ម៉ែត្រ។ គួបញ្ជាក់ថា ក្នុងការកំណត់ព្រំប្រទល់នេះ គឺអនុលោមទាំងស្រុង ទៅតាមអនុក្រឹត្យរបស់ក្រសួងមហាផ្ទៃ ដែលបានកំណត់។

លោកបន្តថា នៅរដូវប្រាំងប្រជាពលរដ្ឋនៅ ក្នុងតំបន់នេះ តែង​ជួប​បញ្ហាខ្វះខាតទឹកយ៉ាងខ្លាំងក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ដូចនេះក្រោយពី​ដំណើរការស្ដារ​ស្រះលួងនេះហើយ ប្រជាពលរដ្ឋ លែងព្រួយបារម្ភ ពីការខ្វះខាតទឹកដូចពេលមុនទៀតហើយ។ តែយ៉ាងណាប្រជាពលរដ្ឋ​ទាំងអស់មេត្តាជួយ​ថែ​រក្សាស្រៈដែលបានស្តារហើយទាំងអស់គ្នា ជាពិសេសប្រជាពល​រដ្ឋដែល​មាន​ទីលំនៅក្បែរស្រៈទឹកតែម្តង កុំ​បោះ​សំរាមនិងស្លឹកឈើចូល ដើម្បីឲ្យ​មាន​ទឹកល្អប្រើទាំងអស់គ្នា៕

Facebook Comments
Loading...