ភ្នំពេញ ៖ កីឡាករប៉ោ ភារិទ្ធ អ្នកប្រដាល់នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ស្វាគមន៍កីឡាករសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក ដម្បីសាកកណ្តាប់ដៃ ខណៈកីឡាករសេក គឹមរួន អ្នកប្រដាល់មកពីក្លិបម្កុដរាជសីហ៍ ឡើងតតាំងនិងកីឡាករអេលិត ភក្តី អ្នកប្រដាល់ប៉ែនកាក់គុនខ្មែរ នាថ្ងៃសៅរ៍ទី១៧ ខែឧសភា ឆ្នាំ២០២០នេះ នៅលើសង្វៀនស៊ីអិនស៊ី។
កីឡាករប៉ោ ភារិទ្ធ បន្ទាប់ពីគេធ្វើបានល្អដោយប្រមាណជា១០ប្រកួតចុងក្រោយវាយមិនដែលចាញ់មក ពេលនេះត្រូវគេផ្គូផ្គងឲ្យឡើងជួជាមួយកីឡាករសួន ចាន់នី ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម ការជួបគ្នានេះត្រូវបានអ្នកស្នេហាវិស័យកីឡាប្រដាល់ សន្និដ្ឋានមុនថា ភាគរយក្នុងការឈ្នះអ្នកប្រដាល់ទាំងពីរនេះមានភាគរយឈ្នះត្រឹមហាសិបភាគរយម្នាក់ប៉ុណ្ណោះ បើទោះជាពួកគេមិនដែលជួបគ្នាក៍ដោយ។
កីឡាករប៉ោ ភារិទ្ធ បើទោះជាគេ មានកណ្ដាប់ដៃល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ និងមានកាយសម្បទារឹងមាំ ចិត្តប្រដាល់ធំ និងមានកលល្បិចខ្ពស់ក្នុងការប្រកួត ហើយធ្លាប់ជួបប្រកួតជាមួយថៃច្រើននាក់កន្លងមកក៍ដោយ ក៍ប្រហែលជាពិបាកមិនខាន។ ព្រោះសួន ចាន់នី ស្នៀតក្បាច់គុណខ្មែរបុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយវាយមិនមានអំនួតនិងមិនខ្លាចគូរប្រកួតណាម្នាក់នោះទេ។ ចាំមើលសួន ចាន់នី ជាអ្នកឈ្នះឬប៉ោ ភារិទ្ធ?។
ដោយឡែកសេក គឺមរួន ឡើងតតាំងនិងអេលិត ភក្តី ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម។ ការប្រកួតរបស់សេក គឹមរួន កន្លងមកបើជួបគូប្រកួតខ្លាំងគេក៍ខ្លាំង តែជួបគូប្រកួតខ្សោយគេក៍ខ្សោយទៅតាមនោះដែរ តែគេប្រកួតឈ្នះច្រើនជាងចាញ់ ដែលបានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ពីមួយប្រកួតទៅមួយប្រកួតចង់ទស្សនានៃការឡើងរេញរបស់គេ។ ស្នៀតខ្លាំងរបស់កីឡាករសេក គឹមរួន គឺកណ្តាប់ដៃនិងស្នៀតជើងទាត់ ហើយគេជាកីឡាករមានចិត្តប្រដាល់ធំ ព្រមទាំងកម្លាំងស៊ុហ្វខ្លាំងថែមទៀត។
ចំណែកកីឡាករស្រករក្រោយអេលីត ភក្តី គេមានស្នៀតប្រដាល់ល្អ និងវាយខ្លាំងទាំងដៃទាំងជើងតែម្តង ពិសេសស្នៀតកែងរបស់គេ គូប្រកួតទាំងជើងចាស់និងជើងថ្មីពេលប្រកួតជាមួយអេលីត ភក្តី បើហ៊ានប្រហេះច្បាស់ជាបែកដោយស្នៀតកែងរបស់គេមិនខាន។កីឡាករអេលីត ភក្តី មិនត្រឹមតែមានស្នៀតប្រដាល់ល្អប៉ុណ្ណោះទេ គេក៍មានកម្លាំងស៊ុហ្វក៍រឹងមាំផងដែរ សម្រាប់ការជួបគ្នារវាង អេលីត ភក្តី សេក គឺមរួន នេះមិនមាននរណាហ៊ានទស្សទាយមុនថានរណាជាអ្នកទទួលបានជ័យជម្នះនោះឡើយ គឺហាសិបភាគរយម្នាក់ប៉ុណ្ណោះ។ ចាំមើលរវាងកីឡាករទាំងពីរនរណាជាអ្នកឈ្នះ?៕