ភ្នំពេញ ៖ រថយន្ត LEXUS GS300 បើកបរដោយខ្វះការប្រុងប្រយ័ត្ន ក៏បើកទៅកៀររថយន្ត LEXUS 570 បណ្ដាលឲ្យខូចខាត បន្តិចបន្តួចប៉ុណ្ណោះ តែម្ចាស់GS300មិនព្រមឈប់ដោះស្រាយទេ បែរជាព្យាយាមបើករត់ ក៏ជ្រុលទៅប៉ះនឹងរថយន្ត Highlander មួយគ្រឿងទៀត នៅគល់ស្ពានក្បាលថ្នល់ នាយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវជាតិលេខ២ ជិតរោងចក្រ ជិនម៉ីយ៉ុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ម្ចាស់រថយន្តLEXUS 570 ដែលគេបានស្គាល់ថាជាអតីតម្ចាស់ភោជនីយដ្ឋានរំចង់នៅក្រុងតាខ្មៅ ហើយបច្ចុប្បន្នជាថៅកែសាងសងផ្ទះល្វែងលក់នៅក្រុងតាខ្មៅផងដែរនោះ បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា លោកមិនចង់បានសំណងអ្វីនោះទេ ប៉ុន្តែសូមឲ្យសមត្ថកិច្ចជួយធ្វើការពិនិត្យមើលជាតិអាល់កុលម្ចាស់រថយន្ត LEXUS GS300 និងជួយធ្វើការណែនាំអប់រំផង ព្រោះគាត់បានបើកបរមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោកបែបនេះ អាចធ្វើឱ្យបង្កគ្រោះថ្នាក់ដល់ពលរដ្ឋផ្សេងទៀតដែលធ្វើដំណើរតាមដងផ្លូវដោយយថាហេតុនៅថ្ងៃណាមួយ ដោយមើលទៅដូចមានជាតិស្រវឹងក្នុងខ្លួនទៀតផង។
ទោះបីជាយ៉ាងណាម្ចាស់រថយន្ត LEXUS 570 មានចិត្តទូលាយក៏យល់ព្រមបញ្ចប់បញ្ហានៅចំពោះមុខសមត្ថកិច្ចនិងសំនូមពរឲ្យសមត្ថកិច្ចជួយអប់រំម្ចាស់រថយន្ត LEXUS GS300 ជៀសវាងមានកំហុសឆ្គងក្នុងការបើកបរបន្តទៀត៕