កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានចែករំលែកបទពិសោធន៍ ការអនុវត្តល្អៗ ស្ដីពីវិធានការទប់ស្កាត់កូវីដ-១៩

0
1059

ភ្នំពេញ ៖ លោកបណិ្ឌត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើវិស័យទេសចរណ៍អាស៊ាន ដោយមានការចូលរួមពីរដ្ឋមន្រ្តីទេសចរណ៍អាស៊ានទាំង ១០ប្រទេស និងអគ្គលេខាធិការអាស៊ាន តាមរយៈប្រព័ន្ធវីដេអូខនហ្វឺរឹន (Video Conference)នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២១ខាងមុខ (ATF 2021) និងក្នុងអណត្តិរបស់ខ្លួនជាប្រធានដឹកនាំវិស័យទេសចរណ៍អាស៊ានឆ្នាំ២០២០ ក្រសួងទេសចរណ៍កម្ពុជាបានសហការជាមួយលេខាធិការដ្ឋានអាស៊ាន និងប្រទេសជាសមាជិក រៀបចំកិច្ចប្រជុំពិសេសនេះឡើង ក្នុងគោលបំណងពិភាក្សារកដំណោះស្រាយអំពីវិបត្តិកូវីដ-១៩ លើវិស័យទេសចរណ៍ក្នុងតំបន់អាស៊ាន។

កិច្ចប្រជុំបានចែករំលែកបទពិសោធន៍ ការអនុវត្តល្អៗ ស្ដីពីវិធានការទប់ស្កាត់កូវីដ-១៩ និងផលប៉ះពាល់ក្នុងប្រទេសសមាជិកនីមួយៗ ក៏ដូចជាផែនការយុទ្ធសាស្ត្រ និងសកម្មភាពជួយសង្គ្រោះវិស័យទេសចរណ៍នៅចំពោះមុខ ក្នុងដំណាក់កាលនៃការដោះស្រាយវិបត្តិ (Mitigation Phase) ឬដំណាក់កាលនៃត្រៀមងើបឡើងវិញ (Early Recovery) ក៏ដូចជាផែនការស្ដារឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩ ( Post Covid-19 Crisis Recovery Plan)។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបានសម្រេចដាក់ចេញនូវសេចក្តីប្រកាសរួមរំលេចអំពីលទ្ធផលនៃកិច្ចប្រជុំពិសេស ដោយផ្ដោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

១ ជំរុញការសម្របសម្រួលរបស់អាស៊ានក្នុងការពន្លឿនការផ្លាស់ប្តូរព័ត៌មាន ស្តីអំពីសុខភាពទាក់ទងនឹងការធ្វើដំណើរ និងវិធានការចាំបាច់នានា ដែលអនុវត្តដោយរដ្ឋជាសមាជិកអាស៊ានទំាងអស់ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈប្រតិបត្តិការកាន់តែសកម្មឡើងរបស់ក្រុមការងារទំនាក់ទំនងវិបត្តិទេសចរណ៍អាស៊ាន (ASEAN Tourism Crisis Communication Team-ATCCT) តាមរយៈការផ្តល់ព័ត៌មានទាន់ពេលវេលា និងទុកចិត្តបាន ដល់ភ្ញៀវទេសចរដែលធ្វើដំណើរចេញនិងចូលក្នុងប្រទេស ព្រមទាំងការីទេសចរណ៍នានានៅក្នុងតំបន់

២ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទេសចរណ៍ជាតិអាស៊ាន (NTOs) ជាមួយនឹងវិស័យអាស៊ានពាក់ព័ន្ធផ្សេងៗទៀត ជាពិសេសជាមួយវិស័យសុខាភិបាល ព័ត៌មាន ដឹកជញ្ជូន និងអន្តោប្រវេសន៍ ក៏ដូចជាដៃគូខាងក្រៅរបស់អាស៊ានផ្សេងៗទៀត ព្រមទាំងអង្គការ និងសហគមន៍អន្តរជាតិនានា សំដៅរួមគ្នាអនុវត្តវិធានការទាំងឡាយ និងបង្កើតឱ្យមានទម្រង់ការផ្សេងៗគ្នារបស់ភាគីនីមួយៗ ដើម្បីជំរុញការឆ្លើយតបទាន់ពេលវេលា ឆាប់រហ័ស មានតម្លាភាព ច្បាស់លាស់លើការដោះស្រាយ និងការកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក៏ដូចជាវិបត្តិដទៃទៀតនាពេលអនាគត។៣ បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរការ អនុវត្តល្អៗ រវាងប្រទេសសមាជិកអាស៊ាន ក៏ដូចជាដៃគូអាស៊ានផ្សេងៗទៀត ស្តីពីការឆ្លើយតបចំពោះវិបត្តិ ការត្រៀមខ្លួនសម្រាប់ការទំនាក់ទំនង ការសម្របសម្រួលការតភ្ជាប់ កិច្ចខិតខំនិងវិធានការសង្គ្រោះផ្សេងៗ ដើម្បីគាំទ្រវិស័យទេសចរណ៍ ក៏ដូចជាការចាប់យកមេរៀនសំខាន់ៗស្តីពីវិបត្តិ ដើម្បីបានជារបាយការណ៍បន្ទាប់ពីវិបត្តិសម្រាប់ជាឯកសារយោងរបស់រដ្ឋជាសមាជិកអាស៊ាន ក្នុងការគ្រប់គ្រងឱ្យកាន់តែប្រសើរនូវវិបត្តិណាមួយឬជំងឺរាតត្បាតនានា នាពេលអនាគត។៤ អនុវត្តនូវវិធានការ និងគោលនយោបាយដ៏ច្បាស់លាស់នានា ដើម្បីបង្កើនទំនុកចិត្តរបស់ភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ ដែលមកទស្សនាតំបន់អាស៊ីអាគ្នេយ៍ រួមទាំងការរៀបចំបង្កើតឱ្យមានស្តង់ដា និងគោលការណ៍ណែនាំច្បាស់លាស់ ស្តីអំពីបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងផ្តល់សុខភាពល្អប្រសើរជាងមុន សំដៅការពារអ្នកបំរើការងារ និងសហគមន៍ក្នុងផ្នែកបដិសណ្ឋារកិច្ច និងឧស្សាហកម្មដែលជាប់ ពាក់ព័ន្ធវិស័យទេសចរណ៍នានា ក៏ដូចជាគោលដៅ និងស្ថាប័នទេសចរណ៍ទាំងឡាយក្នុងរដ្ឋជាសមាជិកអាស៊ាន។៥ គាំទ្រដល់ការរៀបចំ និងការអនុវត្តផែនការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដោយមិនត្រូវបន្ធូរកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាការពារសុខភាពសាធារណៈ ដែលរួមមានដូចជា ការកសាងសមត្ថភាពទេសចរណ៍អាស៊ាន ការចូលរួមជាមួយភាគីពាក់ព័ន្ធនានាក្នុងការបង្កើតទំនុកចិត្តអ្នកប្រើប្រាស់និងអាជីវកម្ម ស្វែងយល់ពីដំណោះស្រាយបែបច្នៃប្រឌិត និងនវានុវត្តន៍ក្នុងការពង្រឹងនិងជំរុញវិស័យទេសចរណ៍អាស៊ាន ជាពិសេសតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយផ្តោតសំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សារ និងកម្មវិធីផ្សព្វផ្សាយទេសចរណ៍រួម ក្នុងគោលដៅជំរុញអាស៊ានឱ្យក្លាយជាគោលដៅទេសចរណ៍តែមួយ។៦ ជំរុញការអនុវត្តគោលនយោបាយមីក្រូ និងម៉ាក្រូសេដ្ឋកិច្ច ក្នុងចំណោមគោលនយោបាយនានា ដោយផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងការសម្រួលផ្នែកហិរញ្ញវត្ថុ ការបន្ធូរបន្ថយពន្ធ និងការកសាងសមត្ថភាព ជាពិសេស លើជំនាញឌីជីថលសម្រាប់ភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ និងធ្វើដំណើរ ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម (MSMEs) ក្រុមជនដែលងាយរងគ្រោះ ព្រមទាំងសហគមន៍ដែលរងផលប៉ះពាល់នានា និង៧ បន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ាន អង្គការអន្តរជាតិនានា និងភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ ដើម្បីកសាងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ឱ្យមានភាពរឹងមាំ និងត្រៀមខ្លួនរួចជាស្រេចក្នុងការគ្រប់គ្រងវិស័យទេសចរណ៍ប្រកបដោយចីរភាព និងបរិយាបន្ន បន្ទាប់ពីវិបត្តិណាមួយ៕

Facebook Comments
Loading...