ក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ ចែកអំណោយដល់ប្រជាពលរដ្ឋទីទាល់ក្រចំនួន១៧៨គ្រួសារ

0
997

ភ្នំពេញ ៖ ដោយមើលឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈពេលដែល ប្រទេសកម្ពុជាកំពុងប្រឈម ទៅនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ នោះលោកស្រី កែវ រ័ត្នតារា ស​មាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ជា ខេមា អភិ​បាលរងខណ្ឌ បាននាំអំណោ​យចែកជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន១៧៨គ្រួសារ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នេះក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ស្ថិតឱកាសនោះដែរលោក ពេជ្រ ស៊ីនួន បានលើកឡើងថា នេះមិនមែនជាលើកទី១ទេដែលយើងធ្វើពីធីចែកជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រក្នុងមូលដ្ឋាន កន្លងមកយើងធ្វើជាហូហែរដោយអនុវត្តតាមអានុសាសន៍ប្រមុខរាជរដ្ឋាភិបាល ដោយមិនត្រូវអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ។ លោកបន្តថា អំណោយទាំងអស់នេះ វាបានចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូន បានមួយគ្រា ជាពិសេស ការដោះទ័ល នៅពេលដែលបងប្អូនមិនអាចចេញទៅប្រកបរបរទទួលទានខាងក្រៅបាន ខណៈពេលដែល ប្រទេសកម្ពុជាកំពុងប្រឈម ទៅនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ នោះ។

ចំណែកលោកស្រី កែវ រ័ត្នតារា បានមានប្រសាសន៍ផងដែរថា ដើម្បីចូលរួមចំណែកជា​មួយរាជរដ្ឋាភិបាល ការការពារនិងទប់ស្កាត់ការរីករាលដាលនូវជម្ងឺកូវីដ១៩ សូមបងប្អូន ត្រូវអនុវត្ត ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល តាមរយៈសារអប់រំសុខភាពសំខាន់ៗ ដូចខាងក្រោម ១.លាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល។ ២.ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ។ ៣.ជៀសវាងប៉ះពាល់ជិតស្និទ្ធ ជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ។ ៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។ ៥.បរិភោគអាហារ ដែលចម្អិនបានឆ្អិនល្អ។ ៦.ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។ ក្រៅពីនោះ ត្រូវប្រកាន់ខ្ជាប់ខ្ជួននូវអនាម័យ តាមរយៈ ការផឹកស្អាត ហូបស្អាត និងការរស់នៅស្អាត ដើម្បី ជៀសផុតពីជម្ងឺកូវីដ១៩។ ដោយឡែក សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ១១៥ ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង១៧៨គ្រួសារនាពេលនោះក្នុង១គ្រួសារទទួលបានអង្ករចំនួន២០គីឡូក្រាម, ទឹកស៊ីអ៊ីវចំនួន០១យូរទឹកត្រី ចំនួន០១យូរ និងថវិកា​ចំនួន​ ២០,០០០ រៀល៕

Facebook Comments
Loading...