ស្ដ្រីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំពាក់ព័ន្ធផ្សព្វ​ផ្សាយលក់ថ្នាំដែលគ្មានបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល

0
1334

ភ្នំពេញ ៖ ស្ដ្រីម្នាក់ ឈ្មោះ កង សម្បត្តិនី អាយុ២៥ឆ្នាំ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង កោះហៅមកធ្វើការសួរនាំ ពាក់ព័ន្ធការធ្វើអាជីវកម្មតាមអនឡាញ ផ្សព្វ​ផ្សាយលក់ថ្នាំដែលគ្មានបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។

យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ស្ដ្រីខាងលើត្រូវបានសមត្ថកិច្ចកោះហៅមកសួរនាំ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក ដោយមានការអនុញ្ញាតពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដ្រីឈ្មោះ កង សម្បត្តិនី បានប្រើប្រាស់ទំព័រហ្វេសប៊ុកឈ្មោះ Eva Cambodia ដើម្បីបង្ហោះលក់ថ្នាំ Chlora​mine B ជាសាធារណៈនៅក្នុងបណ្ដាយសង្គមហ្វេសប៊ុក ប៉ុន្ដែឈ្មោះកង សម្បត្តិនី មិនបានបញ្ជាទិញពីបរទេសមកនោះទេ ដោយសារខ្លួនមិនទាន់ស្នើរសុំសិទ្ធិ ពីក្រសួងសុខាភិបាល ហើយក៏មិនទាន់មានអតិថិជនបញ្ជាទិញនៅឡើយដែរ។

រហូតដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ទើបឈ្មោះ កង សម្បត្តិនី បានឃើញទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រសួងសុខាភិបាល ដែលបានបញ្ជាក់ថា ថ្នាំដែលខ្លួនបានបង្ហោះក្នុងហ្វេសប៊ុស Eva Cambodia នោះមិនបានចុះបញ្ជីរត្រឹមត្រូវនោះទេ។

ក្រោយពីធ្វើការសារភាព និងទទួលការសិក្សាអប់រំ ព្រមានពីមន្ត្រីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារួចមកឈ្មោះ កង សម្បត្តិនី អាយុ២៥ឆ្នាំ ត្រូវបានឯកភាពពីអយ្យការសាលាដំបូងរាជធានីភ្នំពេញ ឲ្យធ្វើកិច្ចសន្យា និងមានការធានាពីបងស្រី នឹងបានត្រលប់ឲ្យទៅលំនៅដ្ឋានវិញ តែត្រូវស្ថិតនៅក្នុងការ ឃ្លាំមើលរបស់សមត្ថកិច្ច៕

 

Facebook Comments
Loading...