បន្ទាប់ពីជូនដំណឹង២លើករួចមក រដ្ឋបាលខណ្ឌព្រែកព្នៅបានចុះកាត់ស្លាកយីហោ សំយាបផ្ទះ ចំពោះម្ចាស់លំនៅដ្ឋានណារំលោភលើផ្លូវសាធារណៈ

0
965

ភ្នំពេញ បន្ទាប់ពីរដ្ឋបាលខណ្ឌព្រែកព្នៅ ចេញសេចក្តីជូនដំណឹងលើកទី២ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេ៥ ក្នុងភូមិសាស្ត្រ សង្កាត់ព្រែកព្នៅ ខណ្ឌច្បារអំពៅរួចមក។ ពេលនេះគណៈបញ្ជាការឯកភាពខណ្ឌ ចាប់ផ្តើមអនុវត្តន៍ដោយម៉ឺងម៉ាត់បំផុតមិនបន្ធូរដៃឡើយ ព្រោះវាជាប្រយោជន៍រួម ក្នុងគោលដៅរៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយតាមដងផ្លូវ និងលើកកម្ពស់សោភណ្ឌភាពក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅផងដែរ។

ក្នុងការចុះអអនុវត្តន៍នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ គណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយលោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ តំណាងលោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានចាត់វិធានការរដ្ឋបាលចុះកាត់ស្លាកយីហោ កាត់សំយាបផ្ទះ ចំពោះម្ចាស់លំនៅដ្ឋាន ម្ចាស់តូបលក់ដូរណាដែលសាងសង់របង សាងសង់តូប ដាក់ស្លាកយីហោ និងធ្វើយ៉ាបរំលោភយកផ្លូវសាធារណៈ គឺត្រូវវាយកម្ទេច រុះរើ និងកាត់ចោលដោយគ្មានការយោគយល់ឡើយ។

ចំណាត់ការរដ្ឋបាលតឹងរ៉ឹងនេះ ធ្វើឡើងបន្ទាប់រដ្ឋបាលខណ្ឌចេញសេចក្តីជូនដំណឹងលើកទី២ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ដោយទុករយៈ៧ថ្ងៃឲ្យម្ចាស់ទីតាំងរុះរើដោយខ្លួនឯង ហើយមកដល់ពេលនេះ មានរយៈពេលលើសឱសានវាទ៧ថ្ងៃហើយ ដោយឡែកម្ចាស់ទីតាំងដែលសាងសង់រំលោភយកដីចំណីផ្លូវជាតិលេខ៥មិនអនុវត្តន៍តាមសេចក្តីជូនដំណឹងឡើយ ទើបគណៈបញ្ជាការឯកភាពខណ្ឌ ចាត់វិធានការរដ្ឋបាលចុះកាត់ចោលតែម្តង ដើម្បីអនុវត្តន៍តាមខ្លឹមសារនៃសេចក្តីជូនដំណឹងឲ្យមានប្រសិទ្ធភាព។

លោកហួត លាភពិសិដ្ឋ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០មីនានេះ គណៈបញ្ជាការឯកភាពខណ្ឌ បានចាត់វិធានការរដ្ឋបាលចុះកាត់ស្លាកយីហោ កាត់សំយ៉ាបផ្ទះ ដែលសង់រំលោភមកលើដីចំណីផ្លូវ វិធានការរដ្ឋបាលនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់ទីតាំងទាំនោះមិនអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ បានជូនដំណឹងចំនួន២លើក ថែមទាំងមានកំណត់ហេតុផ្តិតមេដៃទទួលស្គាល់ពីម្ចាស់ទីតាំងទៀតផង ផ្ទុយទៅវិញពេលគាត់ផ្តិតមេដៃអត់អនុវត្តន៍នោះទេ ទើបគណៈបញ្ជាការឯកភាពខណ្ឌចាត់វិធានការរដ្ឋបាលតែម្តង។

សូមបញ្ជាក់ថាកន្លងមក លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា គណៈបញ្ជាការឯកភាពខណ្ឌមិនដកថយទេ ទោះជាជួបនូវបញ្ហាប្រឈមយ៉ាងណាក៏ដោយ ក៏ត្រូវចាត់វិធានការរដ្ឋបាលដែរ មិនមានការយោគយល់ទេ ព្រោះរដ្ឋបាលខណ្ឌបានជូនដំណឹងរួចហើយដែរ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានណែនាំឲ្យលោក លោកស្រីជាចៅសង្កាត់ និងមន្ត្រីជំនាញ ធ្វើលើការងារសណ្តាប់ធ្នាប់បន្ថែមទៀតដើម្បីសោភ័ណភាពផ្លូវជាតិលេខ៥ក្នុងខណ្ឌព្រែកព្នៅ៕

Facebook Comments
Loading...