ប៉ោ ភារិទ្ធ ម៉ឺន មេឃា និងលី ភា ឡើងសាកកណ្តាប់ដៃ និងកីឡាករថៃ

0
1080

ភ្នំពេញ ៖ កីឡាករជើងខ្លាំងកម្ពុជា៣នាក់មាន ប៉ោ ភារិទ្ធ អ្នកប្រដាល់នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ជួបកីឡាករថៃឆាលឺមឆ័យ ពៀកខាឃៀរ៍ ខណៈកីឡាករម៉ឺន មេឃា អ្នកប្រដាល់របស់ក្លិបអេភូថងកីឡា ជួបកីឡាករលីងលំ ប៉.យុទ្ធភូមិ រីឯកីឡាករលី ភា អ្នកប្រដាល់មកពីក្លិបប៉ែនកាក់គុនខ្មែរ ឡើងសាកកណ្តាប់ដៃនិងកីឡាករភីផូស៊ី សំបួនផានិត នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២១ ខែមីនា ឆ្នាំ២០២០នេះ។

កីឡាករ​ប៉ោ ភារិទ្ធ បន្ទាប់ពីគេធ្វើបានល្អដោយប្រមាណជា១០ប្រកួតចុងក្រោយមក ពេលនេះត្រូវគេផ្គូផ្គងឲ្យឡើងប្រកួតជាមួយកីឡាករថៃឆាលឺមឆ័យ ពៀកខាឃៀរ៍ ក្នុងប្រភេ​ទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក តែការប្រកួតនេះត្រូវអ្នក​ស្នេហា​វិស័យកីឡាប្រដាល់គុនខ្មែរអះអាងថា ភាគរយ​ឈ្នះច្រើនលើ​អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ បោះទោះបីជាពួកគេមិនធ្លាប់ជួបគ្នាក៍ដោយ។

កីឡាករប៉ោ ភារិទ្ធ គេមាន​កណ្ដាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ និងមាន​កាយសម្បទា​រឹងមាំ ចិត្ត​ប្រដាល់​ធំ និង​មាន​កលល្បិច​ខ្ពស់​ក្នុង​ការប្រកួត ហើ​យធ្លាប់ជួប​​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​ឈ្នះច្រើនជាងចាញ់ ដូចនេះមិនជាពិបាកក្នុងការយកឈ្នះលើកីឡាករថៃម្នាក់នេះឡើយ។ ចាំមើលកីឡាករប៉ោ ភារិទ្ធ អាចយកឈ្នះលើកីឡាករថៃឆាលឺមឆ័យ ពៀកខាឃៀរ៍ បានដូចការអះអាងរបស់អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរដែរឬយ៉ាងណា?។

ចំណែកកីឡាករម៉ឺន មេឃា ត្រូវជួបជាមួយកីឡាករថៃលីងលំ ប៉.យុទ្ធភូមិ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ដែលកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតជាមួយកីឡាករកម្ពុជា ជាច្រើននាក់មកហើយ មានឈ្នះមានចាញ់ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលទាំងជំហរ តែយ៉ាងណាស្នៀតកណ្តាប់ដៃ និងកែងរបស់គេប្រើបានដែរ តែមិនច្បាស់ដូចកីឡាករកម្ពុជានោះទេ។

រីឯកីឡាករម៉ឺន មេឃា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ គេ​មើល​ឃើញ​ថា​ អ្នក​ប្រដាល់​វ័យ​ក្មេង​រូប​នេះ​ប្រកួត​ស្ទើរ​គ្រប់​សង្វៀន​ និង​ទទួល​បាន​ជ័យជម្នះ​រហូត​ផង​ដែរ។ កីឡាករវ័យក្មេងរបស់កម្ពុជារូបនេះចេះក្បាច់គ្រប់ស្នៀត ហើយវាយមិនមើលងាយគូប្រកួតនោះទេ តែយ៉ាងណាការប្រកួតដែលគេមើលឃើញថា អាចយកឈ្នះបានគឺគេមិនប្រស់នោះទេ។ ចាំមើលរវាងម៉ឺន មេឃា និងកីឡាករថៃលីងលំ ប៉.យុទ្ធភូមិ នរណាជាអ្នកឈ្នះ?​។

ដោយឡែកការជួបគ្នារវាងកីឡាករលី ភា និងកីឡាករថៃភីផូស៊ី សំបួនផានិត ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំង២មិនធ្លាប់ជួបគ្នាទេពីមុនមក ហើយមិនទាន់មានប្រភពណាដឹងថាកីឡាករថៃម្នាក់នេះមានកម្រិតវិជ្ជាគុនខ្លាំងប៉ុណ្ណានោះទេ តែកីឡាករថៃវិជ្ជាគុនរបស់គេមិនខុសពីកីឡាករគ្នាប៉ុន្មានឡើយ គឺខ្លាំងខាងស្នៀតជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលទាំងជំហរ។

ចំណែកកីឡាករលី ភា គេហាត់ប្រដាល់នៅកម្ពុជា តែគេទៅប្រកួតនៅប្រទេសថៃ ស្នៀតខ្លាំងរបស់គេគឺជើងទាត់ កណ្តាប់ដៃ និងកែងដែលអាចវាយប្រយោលក៍បានចូលកៀកក៍បាន។ កាលដែលលី ភា ប្រកួតនៅប្រទេសថៃស្នៀតកែងរបស់គេ ដែលធ្វើឲ្យគេផ្តួលគូប្រ​កួ​តជាបន្ទាប់ ហើយបានល្បីល្បាញមកដាល់សព្វថ្ងៃ។ ការប្រកួតនេះត្រូវបានអ្នកតាមដានប្រដាល់អះអាងថា មានភាគរយឈ្នះច្រៀនជាងកីឡាករថៃ បើទោះជាគេមិនធ្លាប់មកប្រកួតនៅសង្វៀននេះក៍ដោយ។ ចាំមើលរវាងកីឡាករលី ភា និងកីឡាករថៃភីផូស៊ី សំបួនផានិត នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...