ប៉ោ ភារិទ្ធ ជួបកីឡាករអ៊ីរ៉ង់ ខណៈសេក គឹមរួន និងវ៉ាន់ វឿន ឡើងសាកស្នៀតគុនជាមួយកីឡាករថៃ

0
1068

ភ្នំពេញ ៖ កីឡាករប៉ោ ភារិទ្ធ អ្នកប្រដាល់នៃក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ឡើងសាកស្នៀតគុននិងកីឡាករអ៊ីរ៉ង់ម៉ូមេនី រ៉េហ្សា ខណៈកីឡាករសេក គឹមរួនអ្នកប្រដាល់របស់ក្លិបម្កុដរាជសីហ៍ និងកីឡាករវ៉ាន់ វឿន អ្នកប្រដាល់មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ត្រូវឡើងជួបជាមួយកីឡាករថៃអេរ៉ាវ៉ាន់ កុងមេផី និងកីឡាករមឿងថង ពៀកខាឃែរ៍ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

កីឡាករ​ប៉ោ ភារិទ្ធ បន្ទាប់ពីគេធ្វើបានល្អដោយប្រមាណជា១០ប្រកួតចុងក្រោយវាយមិនដែលចាញ់កីឡាករបរទេសមក ពេលនេះត្រូវគេផ្គូផ្គងឲ្យឡើងសងសឹកលើកីឡាករអ៊ីរ៉ង់ម៉ូមេនី រ៉េហ្សា ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក តែការប្រកួតនេះត្រូវអ្នក​ស្នេហា​វិស័យកីឡាប្រដាល់គុនខ្មែរអះអាងថា ភាគរយ​ឈ្នះច្រើនលើ​អ្នក​ប្រដាល់​អ៊ីរ៉ង់​ម្នាក់នេះ។

កីឡាករប៉ោ ភារិទ្ធ គេមាន​កណ្ដាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ និងមាន​កាយសម្បទា​រឹងមាំ ចិត្ត​ប្រដាល់​ធំ និង​មាន​កលល្បិច​ខ្ពស់​ក្នុង​ការប្រកួត ហើ​យធ្លាប់ជួប​​ប្រកួត​ជាមួយ​ថៃ​ច្រើន​នាក់​ឈ្នះច្រើនជាងចាញ់ ដូចនេះមិនជាពិបាកក្នុងការយកឈ្នះលើកីឡាករអ៊ីរ៉ង់ម្នាក់នេះឡើយ។ ចាំមើលកីឡាករប៉ោ ភារិទ្ធ អាចយកឈ្នះលើកីឡាករអ៊ីរ៉ង់ម៉ូមេនី រ៉េហ្សា បានដូចការអះអាងរបស់អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរដែរឬយ៉ាងណា?។

ចំណែកកីឡាករ​សេក គឹមរួន ត្រូវជួបជាមួយកីឡាករថៃអេរ៉ាវ៉ាន់ កុងមេផី ក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក ហើយមិនទាន់ដឹងថាកីឡាករថៃម្នាក់មានវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ។ រីឯការប្រកួតរបស់សេក គឹមរួន​កន្លងមក បើជួបគូប្រកួតខ្លាំងគេក៍ខ្លាំង តែជួបគូប្រកួតខ្សោយគេក៍​ខ្សោ​យទៅតាម​នោះដែរ តែគេប្រកួតឈ្នះច្រើនជាងចាញ់ ដែលបានធ្វើឲ្យអ្នកគាំទ្រចាប់​អារម្ម​ណ៍​ពីមួយប្រកួតទៅមួយប្រកួតចង់ទស្សនានៃការឡើងរេញរបស់គេ។

ស្នៀតខ្លាំងរបស់កីឡាករសេក គឹមរួន គឺកណ្តាប់ដៃនិងស្នៀតជើងទាត់ ហើយគេជា​កី​ឡា​ករ​មានចិត្ត​ប្រដាល់​ធំ ព្រមទាំងកម្លាំង​ស៊ុ​ហ្វ​ខ្លាំងថែមទៀត។ បើ​តាម​ក្រុម​អ្នកវិភាគ​ប្រដាល់​អះ​អាង​​​ថា សម្រា​ប់​ការប្រកួត​នេះកីឡាករ​សេក គឹមរួន គឺសង្ឃឹម​ឈ្នះលើគូប្រកួតហា​សិប​ភាគ​រយប៉ុណ្ណោះ​បើទោះជាពួកគេមិនដែលជួបគ្នា​ក៍ដោយ។ ចាំមើលរវាងកីឡាករ​សេក គឹមរួន និង​កីឡា​ករអេរ៉ាវ៉ាន់ កុងមេផី នណាជាអ្នកឈ្នះ?។

ដោយឡែកកីឡាករវ៉ាន់ វឿន ត្រូវជួបជាមួយកីឡាករថៃ​មឿងថង ពៀកខាឃែរ៍ ក្នុងប្រភេទទម្ងន់៥៤៧គីឡូក្រាម​ អ្នក​ប្រដាល់​ថៃមឿងថង ពៀកខាឃែរ៍ នេះធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនដងមក​​ហើយ មាន​ឈ្នះ​មានចាញ់ជាមួយកីឡាករជើងខ្លាំងកម្ពុជា គេមានស្នៀតជើងទាត់ និងជង្គង់ល្អ ដែលអាច​វាយប្រយោលក៍បានចូលគៀកក៍បាន។
​រីឯវ៉ាន់ វឿន គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និងជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​ វ៉ាន់ វឿន នោះគឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ​ថៃ​មួយ​មុខ​ប៉ុណ្ណោះ។​ កីឡាករវ៉ាន់ វឿន បច្ចប្នន្នគេគេវាយឡើងកូដជាខ្លាំង ហើយត្រូវ​បានអ្នក​ផ្គូរ​ផ្គង​តាមសង្វៀនចាប់គូឲ្យប្រកួតជាមួយកីឡាករថៃស្ទើររាល់សប្តាហ៍ ហើយកីឡាកររូប​នេះក៍​មិនបានធ្វើឲ្យអ្នកទស្សនាខកបំណងនោះដែរ។ ចាំមើលតើ​ វ៉ាន់ វឿន អាចយកឈ្នះលើ​កីឡា​ករ​ថៃ​មឿងថង ពៀកខាឃែរ៍ រក្សាភាពខ្លាំងរបស់ខ្លួនបានបន្តទៀតឫយ៉ាងណា?៕

Facebook Comments
Loading...