នារីជាសង្សារស្លាប់ចំណែកខាងប្រុសរួចខ្លួន ខណៈធ្លាក់ចូលអន្លង់​ជម្រៅ​រហូតដល់២០ម៉ែត្រ

0
1127

ស្ទឹងត្រែង ៖ សង្សារមួយគូរ នាំគ្នា​ដើរលេង​កម្សាន្ត លេង​ទឹក​ទន្លេ​មេគង្គក្នុង​ខេត្ត​ស្ទឹង​ត្រែង ហើយក៏​នាំគ្នា​ដើរ​ឆ្លង​ពី​កោះ​ខ្សាច់​មួយ​ទៅ​កោះ​ខ្សាច់​មួយ ខណៈ​ដែល​កំពុង​ឆ្លង​នោះ ​ក៏​ចំ​អន្លង់​ដ៏​ជ្រៅ​មួយ​ដែល​មាន​ជម្រៅ​រហូតដល់២០ម៉ែត្រ ​​លង់​នារី​រង​គ្រោះស្លាប់ភ្លាមៗតែម្តង ចំណែកខាងប្រុសរួចខ្លួន​ កាលពី​រសៀល​ថ្ងៃទី២២​ ​ខែ​កុម្ភៈ​ ឆ្នាំ២០២០​ ត្រង់ចំណុច​រមណីយដ្ឋាន​កោះ​ខេ ស្ថិត​ក្នុង​ភូមិ​គីឡូ​ប្រាំបី​ សង្កាត់​សាមគ្គី​ ក្រុង​/​ខេត្ត​ស្ទឹង​ត្រែង​។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹងថា ​នារី​រងគ្រោះ​ ដែល​បាន​លង់ទឹក​ស្លាប់​មានឈ្មោះ​ លី ស្រីនាថ អាយុ​២៣​ឆ្នាំ ​រស់​នៅ​សង្កាត់​បឹងទំពុន​ទី១ ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ​។​ រីឯ​គូសង្សារ​ប្រុស​រៀបរាប់​ឲ្យ​ដឹងថា ​រូបគេ​ និង​សង្សារ រួម​នឹង​មិត្តភ័ក្ដិ​ប្រុស​ម្នាក់ទៀត​ បានចេញ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​២០​ ខែ​កុម្ភៈ ​ទៅ​ដើរលេង​កម្សាន្ត​នៅ​ខេត្ត​សៀមរាប ​ហើយ​នៅ​ថ្ងៃទី​២១​ មកលេង​មិត្តភ័ក្ដិ​នៅ​ខេត្ត​ព្រះវិហារ​ និង​ថ្ងៃទី​២២ ក៏​បន្ត​ដំណើរ​មក​លេង​ខេត្ត​ស្ទឹងត្រែង នៅ​រមណីយដ្ឋាន​កោះ​ខេ ​ក្នុង​ដង​ទន្លេ​មេគង្គ​។​
យុវជន​ជា​សង្សារ​ បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ នៅ​ថ្ងៃកើតហេតុ ​រូបគេ និង​នារី​ជា​សង្សារ​ បាននាំគ្នា​ដើរលេង​លើ​ឆ្នេរ​ខ្សាច់ ​និង​ថត​យក​ទេសភាព​នៅក្នុង​ដង​ទន្លេ​ ហើយក៏​នាំគ្នា​ដើរ​ឆ្លង​ពី​កោះ​ខ្សាច់​មួយ​ទៅ​កោះ​ខ្សាច់​មួយ ខណៈ​ដែល​កំពុង​ឆ្លង​នោះ ​ក៏​ចំ​អន្លង់​ដ៏​ជ្រៅ​មួយ​ដែល​មាន​ជម្រៅ​រហូតដល់២០ម៉ែត្រ ​​លង់​នារី​រង​គ្រោះ​ខាងលើ​ ហើយ​ខ្លួន​​​​​ក៏បាន​ជួយ​ដែរ ​តែ​មិន​អាច​ជួយ​បាន​។ ពេលនោះ​នារី​ជា​សង្សារ​​របស់​ខ្លួន​ ក៏បាន​លិច​បាត់​ទៅ​ក្នុង​អន្លង់​នោះ​តែម្ដង។​ក្រោយ​កើតហេតុ​ ក៏បាន​រាយការណ៍​ទៅ​សហគមន៍​ទេសចរណ៍​ និង​អាជ្ញាធរ​ភូមិ/​ឃុំ​ សមត្ថកិច្ច​បាន​ចុះ​មក​កន្លែងកើតហេតុ​ដើម្បី​រាវរក​នារី​រងគ្រោះ​ តែ​នៅ​ល្ងាច​នោះ​ មិន​អាច​រក​ឃើញ​នោះ​ឡើយ​។​

អាជ្ញាធរ​ភូមិ/​ឃុំ​ដែល​មាន​អប្បិយជំនឿ​ ក៏បាន​នាំគ្នា​ធ្វើ​ពិធី​សែនព្រេន​ដល់​អារុក្ខអារក្ខ​អ្នកតា​ថែរក្សា​ទី​ទឹកដី​ដើម្បី​រក​សព​នារី​រងគ្រោះ ក្រោយ​ធ្វើ​ពិធី​បួងសួង​រួច​ ​បាន​រក​អ្នក​ជំនាញ​ខាង​មុជទឹក​រាវរក​ក្នុង​អន្លង់​នោះ ក៏បាន​ប្រទះឃើញ​ជនរងគ្រោះ​នៅ​រសៀល​ថ្ងៃ​២៣កុម្ភៈ។
សព ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ ​រួច​ពិនិត្យ​មើលឃើញថា ​នារី​រងគ្រោះ​ពិតជា​ស្លាប់​ដោយ​សារ​លង់ទឹក​ពិតប្រាកដ​មែន​ និង​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ ដែល​មកពី​ភ្នំពេញ​ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Facebook Comments
Loading...