កំពង់ចាម ៖ សពស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅមាត់ស្រះទឹក កាលពីវេលាម៉ោង០៦ និង៣០នាទី នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមិនដឹងមូលហេតុ តែសមត្ថកិច្ចសង្ស័យថាប្តីជាឃាតក។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចនគរបាលជំនាញស្រុកកំពង់សៀម សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខេត្ត និងកម្លាំងសមត្ថកិច្ចជំនាញបច្ចេកទេសខេត្តកំពង់ចាម និងកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលរអាង ចាត់វិធានការជាបន្ទាន់ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងពិនិត្យលើសាកសពឈ្មោះ ចន្ធូ ភេទស្រី អាយុប្រហែល ៣០ឆ្នាំជាង មិនស្គាល់អាសយដ្ឋាន បច្ចុប្បន្នស្នាក់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ប៉ូលិសបានឲ្យដឹងថា បន្ទាប់ពីធ្វើការពិនិត្យ និងស្រាវជ្រាវរួច សមត្ថកិច្ចជំនាញ បានកំណត់មុខសញ្ញាជនសង្ស័យឈ្មោះ ណេន ប៉ឹក ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ត្រូវជាប្តី) បានធ្វើសកម្មភាពវាយសម្លាប់ទៅលើជនរងគ្រោះ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់ពីមូលដ្ឋាន។
ប៉ូលិសបានបន្តថា បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមប្រឹក្សា ឃុំរអាង យកទៅបញ្ចុះនៅមុខវត្តបល្ល័ងពេជ្រ ស្ថិតនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមបញ្ជាលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង៨និង៤៦នាទី។ ប៉ូលិសបានបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមរកជនសង្ស័យ និងកសាង ឯកសារ និងសំណុំរឿងតាមនីតិវិធី៕