ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើផ្លូវ១១ខ្សែ ជូនពលរដ្ឋប្រើប្រាស់ក្នុងខណ្ឌពោធិ៍សែនជ័យអស់ថវិកាជាង៨០ម៉ឺនដុល្លារ

0
805

ភ្នំពេញ ៖ ផ្លូវបេតុងឆ្អឹងដែក ចំនួន១១ខ្សែ មានប្រវែង សរុបប្រវែងជាង៣គីឡូ​ម៉ែត្រ នឹងប្រព័ន្ធលូ ចំណាយអស់ប្រាក់ជាង៨០ម៉ឺនដុល្លារ ដែលជាថវិកាផ្ទាល់ខ្លួនរបស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានបើកការដ្ឋានសាងសង់ហើយ កាលពីព្រឹកថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងចូលរួមពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជិត ១០០០នាក់ នៅក្នុងបុរី «ឡេង ណាវ៉ាត្រា» ស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

លោក ហែម ដារិទ្ធ បានលើកឡើងថា វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងលោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន «ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប» មកដល់ពេលនេះ បានចំណាយថវិកាផ្ទាល់ខ្លួនជាច្រើន ក្នុងការជួសជុលផ្លូវបេតុងឆ្អឹងដែកមានប្រវែងសរុប ៣៧៩៤ ម៉ែត្រ និងដាក់ប្រព័ន្ធលូបង្ហូរទឹកប្រវែង ៤៨៧០ម៉ែត្រ សរុបជាទឹកប្រាក់ចំនួន ៨៧២៤៧១ដុល្លារ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២។ លោក ហែម ដារិទ្ធ បានបន្តថា ដោយពិនិត្យមើលឃើញពីស្ថានភាពផ្លូវខូចខាត និងមានទឹកលិចផ្លូវលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ នៅពេលមានភ្លៀងធ្លាក់មកខ្លាំងម្តងៗ សាលា ខណ្ឌពោធិ៍សែនជ័យ ជាពិសេសសង្កាត់ចោមចៅទី២ ពិតជាមានសំណាងដោយទទួលបាននូវកាដូពិសេសពីលោកឡេង ណាវ៉ាត្រា ដោយក្រុមហ៊ុនរបស់លោក បន្តធ្វើការវិនិយោគសាងសង់បុរីឡេង ណាវ៉ាត្រា លើផ្ទៃដីទំហំ១៥ ហិកតា។

ជាមួយគ្នានេះលោក ឡេង ណាវ៉ាត្រា នឹងចំណាយថវិកាផ្ទាល់ខ្លួនបន្ថែមទៀត សម្រាប់ធ្វើការជួសជុលផ្លូវបេតុងឆ្អឹងដែកចំនួន១១ខ្សែ ប្រវែង ៣១៩៥ម៉ែត្រ ចំណាយថវិកាចំនួន ៦១៣៤៤០ដុល្លារនិងដាក់ប្រព័ន្ធលូអស់ថវិកាចំនួន ១៥៩៦០០ដុល្លារ ស្ថិតនៅក្នុងភូមិត្រពាំងរំចេកសង្កាត់ចោមចៅទី១ ដែលបាននិងកំពុងបើកការដ្ឋានដាក់ឲ្យដំណើរការនេះ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ បានធ្វើដំណើរក៏ដូចជាកាត់បន្ថយនូវការកកស្ទះចរា​ចរណ៍នៅតាមដងផ្លូវសំខាន់ៗមួយចំនួនទៀត។

ដោយឡែកលោក ស៊ុយ សេរិទ្ធ បានលើកឡើងថា ពីមុនមកតំបន់នេះជាតំបន់ដែលលិចទឹក តែក្រោយពីមានការអភិវឌ្ឍដោយក្រុមហ៊ុន «ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប» បានកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់នេះជាច្រើន។លោកថា «ជាក់ស្តែងនៅពេលនេះ ក្រុមហ៊ុន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាផ្លូវចំនួន ១១ខ្សែ ដែលមានប្រវែងជាង ៣គីឡូម៉ែត្រ ដាក់ប្រព័ន្ធលូដោយចំណាយ ថវិកាអស់ ប្រមាណជាង៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះ»។​

លោកអភិបាលរង បានបញ្ជាក់ថា ការវិនិយោគទៅលើអចនទ្រព្យនៅតំបន់នេះ គឺចំណេញទាំងពីរផ្នែក ពោលគឺចំណេញទាំងរដ្ឋផង និងវិស័យឯកជនផង។ ប្រទេសជាតិមួយដែលរីកចម្រើន ខ្លាំងដាច់ខាតត្រូវតែមានការចូលរួមពីវិស័យឯកជន។ ជាក់ស្ដែងនៅពេលនេះ ក្រុមហ៊ុនឯកជន ហ្គាឡាក់ស៊ីណាវ៉ាត្រាគ្រុប បានកសាងហេដ្ឋារចនាសម្ព័ន្ធមានទាំងផ្លូវ មានទាំងការដាក់បណ្ដាញលូ សងខាងផ្លូវ តំបន់នេះទៅអនាគតនឹងក្លាយជាទីក្រុង ដ៏តូចមួយដែលមានផ្ទៃបៃតង។

លោក ស៊ុយ សេរិទ្ធ ក៏បានបញ្ជាក់ផងដែរថា «សម្រាប់រាជធានីភ្នំពេញរបស់យើងនាពេលបច្ចុប្បន្ននេះ គឺមានបញ្ហាស្ទះ៣ នោះគឺការកកស្ទះចរាចរណ៍ ការកកស្ទះសំរាម និងការកស្ទះបណ្ដាញលូ ដែលបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ឃួង ស្រេង រាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហាទាំងបីនេះអោយបានប្រសើរឡើង។ ជាមួយនឹងការបើកការដ្ឋាន សាងសង់ផ្លូវ ប្រព័ន្ធលូ នឹងសាងសង់បុរី ជាផ្លូវការ ក៏មានការចែកជាអំណោយ ដល់ជនក្រីក្រ ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស ដែលសរុបជាងទឹកប្រាក់ ជិត១ម៉ឺនដុល្លារថែមទៀតផង៕

Facebook Comments
Loading...