ខេត្ត​កំពង់​ស្ពឺ​ ត្រូវបានគេរកឃើញថាមានស្នាដៃឆ្នើម ក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍

0
777

កំពង់​ស្ពឺ​ ៖ ក្នុងសិក្ខាសាលា​ និង​ពិធី​ចែក​ពាន​ “បរិស្ថាន​គ្មាន​ផ្សែងបារី​ក្នុង​ វិស័យ​ទេសចរណ៍​”នា​ថ្ងៃ​ទី​១១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០ លោកហោ សារុន លើកឡើងថា សណ្ឋា​គារ និងភោជនីយដ្ឋានមួយចំនួន ដែលមានមូលដ្ឋាននៅក្នុងខេត្ត​ កំពង់​ស្ពឺ​ ហើយត្រូវបានគេរកឃើញថា សណ្ឋាគារ​ និង​ផ្ទះ​សំណាក់​ ចំនួន១០កន្លែង និងភោជនីយដ្ឋាន១០កន្លែង ដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍។

លោក ហោ សារុន អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សិក្ខាសាលាស្តីពី បរិស្ថានគ្មានផ្សែងបារីនេះ បានរៀបចំជាច្រើនលើកមកហើយ ក្នុងទឹកដីខេត្តកំពង់ស្ពឺ​ តែអ្វីដែលគួរឲ្យកត់សម្គាល់គឺ កម្មវិធីនៅថ្ងៃនេះ ក៏មានពិធីចែកពាន បរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ជូនដល់សណ្ឋាគារ និងភោជនីយដ្ឋាន ដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ នាពេលកន្លងមក។

លោកបន្ដថា នៅក្នុងសប្តាហ៍ទី២​ នៃខែ​កុម្ភៈ​ នេះ ក្រុមការងារបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ និងអង្គការដៃគូ បានជួបប្រជុំជាមួយរដ្ឋបាលខេត្ត​ កំពង់​ស្ពឺ​ ដែលមាន លោក សុខ​ ភា ​អភិបាលរងខេត្ត លោក សៅ​ សារ៉ន​ ប្រធាន​មន្ទីរ​ទេសចរណ៍​ និងមន្ទីរ​ពាក់ព័ន្ធជុំវិញខេត្តផងដែរ និងបានឯកភាពគ្នាខិតខំជំរុញរបស់​ខេត្ត​កំពង់​ស្ពឺ​ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី នៅឆ្នាំ២០២០ នេះផងដែរ ។

លោក ហោ សារុន បានគូសបញ្ជាក់ទៀតថា ក្រុមការងារ ក៏បានចុះត្រួតពិនិត្យវាយតម្លៃ នៅតាមសណ្ឋាគារ និងភោជនីយដ្ឋានមួយចំនួន ដែលមានមូលដ្ឋាននៅក្នុងខេត្ត​ កំពង់​ស្ពឺ​នេះ ហើយជាលទ្ធផលរកឃើញសណ្ឋាគារ​ និង​ផ្ទះ​សំណាក់​ ចំនួន១០កន្លែង និងភោជនីយដ្ឋាន១០កន្លែង ដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍។
ជាមួយគ្នានោះ លោកបានបញ្ជាក់បន្ថែមថា ការជ្រើសរើសវាយតម្លៃ ផ្តល់ជូនសណ្ឋាគារ/ភោជនីយដ្ឋានឆ្នើម ដែលទទួលពានបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ គឺផ្អែកទៅលើពិន្ទុនៃកម្រងសំណួរ ដែលបានរៀបចំឡើង ដោយមានសូចនាករ លក្ខណៈវិនិច្ឆ័យត្រឹមត្រូវ យោងទៅតាមច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានា ក្រោមច្បាប់ រួមមាន៖ អនុក្រឹត្យ ប្រកាស សារាចរ សេចក្តីណែនាំ -ល- ។

លោក បន្ដថា ក្នុងបរិវេណមូលដ្ឋានរបស់ខ្លួន ទោះក្នុងទម្រង់ណាក៏ដោយ អាចដាក់តាំងបង្ហាញកញ្ចប់ផលិតផល ថ្នាំជក់ធម្មតា បានតែមួយកញ្ចប់ក្នុងមួយម៉ាក ត្រូវដាក់តាំងបង្ហាញឬលក់ តែផលិតផលថ្នាំជក់ណា ដែលមានសារព្រមានសុខភាពជារូបភាព និងជាភាសាខ្មែរទំហំ ៥៥ភាគរយ បោះពុម្ពលើផ្នែកខាងលើផ្ទៃសំខាន់ទាំង២ នៃកញ្ចប់ផលិតផលថ្នាំជក់ ។

ក្នុងឱកាសនោះ លោកក៏បានលើកឡើងថា វិធានការចម្បង២ ដែលក្រុមការងារបរិស្ថានគ្មានផ្សែងបារី ប្រកាន់យកគឺ៖ វិធានការអប់រំ និងវិធានការរដ្ឋបាល។ វិធានការទី១៖ គឺវិធានការអប់រំ ដោយបានរៀបចំជាសិក្ខាសាលា បណ្តុះបណ្តាល ប្រជុំ ផ្សព្វផ្សាយ ប៉ាណូ និងរៀបចំបោះសំភារៈផ្សព្វផ្សាយ និងណែនាំឲ្យម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេស​ចរណ៍ទាំងអស់ យកចិត្តទុកដាក់ គោរពអនុវត្តតាមច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលបានដាក់ឲ្យប្រើប្រាស់ តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥។ ក្រោមឆ័ត្រនៃច្បាប់នេះ មានអនុក្រឹត្យស្តីពី ការបោះពុម្ពសារព្រមានជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់, អនុក្រឹត្យស្តីពី វិធានការហាមការជក់ ឬការបង្ហុយផ្សែងផលិត​ផលថ្នាំជក់ នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ ព្រមទាំងប្រកាសផ្សេងៗថែមទៀត។

ក្រសួងទេសចរណ៍ ក៏បានរៀបចំសៀវភៅណែនាំ ស្តីពី បរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងប្រទេសកម្ពុជា លេខ០០៧សណន ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ចែកជូនដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេស​ចរណ៍ឲ្យបានជ្រួតជ្រាប និងយល់ដឹងគោរពទៅតាមការណែនាំនេះ ឲ្យបានល្អប្រសើរ។ វិធានការទី២៖ ដែលនឹងត្រូវអនុវត្ត បន្តជាវិធានការរដ្ឋបាល គឺការផាកពិន័យចំពោះបុគ្គល អ្នកជក់នៅទីកន្លែងហាមឃាត់ ម្ចាស់អាជីវកម្មដែលអនុញ្ញាតឲ្យគេជក់ នៅទីតាំងរបស់ខ្លួន ការតាំងលក់ផលិតផលថ្នាំជក់ ខុសពីការកំណត់ និងផាកពិន័យរហូតដល់ក្រុមហ៊ុនបារី ដែលនាំនិងលក់ផលិតផលថ្នាំជក់ គ្មានសារព្រមានជារូបភាព ផ្សាយពាណិជ្ជកម្មបារីខុសច្បាប់ -ល-។

លោក ហោ សារុន បញ្ជាក់ថា ការផាកពិន័យអន្តរការណ៍ នឹងធ្វើតាមប្រកាសអន្តរក្រសួង រវាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយក្រុមអធិការកិច្ចក្រសួងសុខាភិបាល ដែលមាននីតិសម្បទា ជានគរបាលយុត្តិធម៌ផងដែរ៕

Facebook Comments
Loading...