ភ្នំពេញ ៖ បើទោះជាមានជនអមិត្តមួយត្តាប់តូច បានបង្កើតនូវឧបាយកល ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងមានចេតនាធ្វើឱ្យកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាមជាថ្មី បំផ្លាញសុខសន្តិភាពដែលកម្ពុជាកំពុងមានយ៉ាងណាក្តី ប៉ុន្តែប្រជាជនកម្ពុជាទាំងមូល បានរួមគ្នា ការពារ ទប់ស្កាត់ មិនឱ្យជនអមិត្តទាំងនោះ សម្រេចបំណងរបស់ពួកគេបានឡើយ ដោយប្រជាជនកម្ពុជាបានរស់នៅយ៉ាងសុខសាន្តជាមហាគ្រួសារខ្មែរ ក្រោមម្លប់សុខសន្តិភាពដែលកម្ពុជាបាននាំមកដោយលំបាកបំផុត។
លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងយ៉ាងដូច្នេះ នៅពិធីពិសារអាហារសាមគ្គី អបអរសាទរឆ្នាំថ្មី ឆ្នាំសាកល២០១០-២០២០ ដែលរាបចំដោយគណបក្សសង្កាត់សំរោង ដោយមានការចូលរួមពីថ្នាក់ដឹកនាំខណ្ឌ ក្រុមការងារចុះជួយមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ កាលពីរាត្រីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណសង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
លោកភិបាលបានរំលឹកថា ទំរាំមានអ្វីដូចសព្វថ្ងៃនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាល ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលះបង់កម្លាំងកាយចិត្ត ខិតខំតស៊ូយ៉ាងលំបាក ដឹកនាំប្រទេសពីបាតដៃទទេ ក្រោមនយោបាយឈ្នះឈ្នះ រហូតប្រទេសមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ សេដ្ឋកិច្ច មានកំណើនជាបន្តបន្ទាប់ ជាពិសេសប្រជាជនបានរស់នៅយ៉ាងសុខដុមរម្យនា ក្រោមម្លប់សន្តិភាព។
ជាមួយគ្នានោះ លោក សុខ សម្បត្តិ បានបញ្ជាក់ថា កម្ពុជាពិតជាមានសំណាង ដែលមានមេដឹកនាំដ៏ឈ្លាសវៃ ជាវីរៈជនកំពូល បាននាំប្រទេសឱ្យមានសេរីភាព មានការអភិវឌ្ឍន៍ និងមានសុខសន្តិភាពពេញលេញ ធ្វើឱ្យកម្ពុជា មានឈ្មោះបោះសម្លេង ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ជាពិសេសស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនៅលើសកលលោក។ អ្វីដែលសំខាន់មួយទៀត គឺធ្វើឱ្យប្រជាជនរស់នៅដោយមិនមានការបែងចែក វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និង និន្នាការនយោបាយពោលគឺរស់នៅដោយស្មើភាពគ្នាក្នុងមហាគ្រួសារខ្មែរតែមួយ។
នាឱកាសនោះដែ លោក អភិបាលខណ្ឌព្រែកព្នៅ បានអំពាវនាវឱ្យប្រជាជនក្នុងខណ្ឌព្រែកព្នៅ រួមគ្នាបន្តខិតខំចូលរួមអភិវឌ្ឍន៍មូលដ្ឋានរស់នៅឱ្យកាន់តែមានល្អប្រសើរថែមទៀត ជាពិសេសបើមានបញ្ហាអ្វី ត្រូវមកជួបគ្នា រួមគ្នាដោះស្រាយដោយមិនទុកឱ្យបញ្ហាទាំងនោះ បង្ករការរំខានដល់ការរស់នៅ និងផែនការអភិវឌ្ឍន៍មូលដ្ឋានរបស់យើងនោះឡើយ។ បន្ថែមពីនេះ គឺត្រូវរួមគ្នាការពារសុខសន្តិភាពដែលយើងកំពុងតែមានឱ្យគង់វង់និងការពារស្ថាបនិកសន្តិភាពឱ្យបានជាដាច់ខាត៕