ភ្ញៀវនិងពលរដ្ឋប្រមាណ៩០ម៉ឺននាក់ចូលកម្សាន្តនាបុណ្យសមុទ្ររយៈពេល៣ថ្ងៃនៅខេត្តកំពត

0
850

កំពត ក្នុងរយៈពេលនៃពិធីបុណ្យសមុទ្រនៅខេត្តកំពតឆ្នាំនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តប្រមាណ៩០ម៉ឺននាក់ ខណៈបញ្ហាសន្តិសុខ សណ្ដា​​ប់ធ្នាប់ សុវត្ថិភាព ការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍កម្សាន្តនានានោះ ក៏បានប្រព្រឹត្តទៅប្រ​កបដោយភាពសប្បាយរីករាយ និងរលូនទៅមុខផងដែរ ពោលការរៀបចំព្រឹត្តិ​ការ​ណ៍នេះគឺបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។

លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ថ្ងៃទី១នៃពិធីបុណ្យមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកទស្សនាប្រមាណ២០ម៉ឺននាក់ ថ្ងៃទី២នៃពិធីបុណ្យ ថ្ងៃដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមប្រមាណ៤០ម៉ឺននាក់ និងថ្ងៃទី៣មានប្រមាណ ៣០ម៉ឺននាក់ សរុបគឺមានចំនួនប្រមាណ៩០ម៉ឺននាក់ (ភ្ញៀវទៅទស្សនាតាមរមណីយដ្ឋាននានាក្នុងខេត្តកំពតមានប្រមាណ៤ម៉ឺននាក់) ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,០០០នាក់ ពោលគឺលើសការរំពឹងទុកទៅទៀត។ កាលពីបុណ្យសមុទ្រនៅខេត្តកំពតជុំទី១ មានភ្ញៀវចូលទស្សនាកម្សាន្តតែ ៣៥ម៉ឺនប៉ុណ្ណោះ។

ថ្លែងនាពិធីបិទព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ នារាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ លោករដ្ឋមន្ត្រី ថោង ខុន បានគោរពថ្លែងអរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់អនុសាសន៍ដ៏មានតម្លៃដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នានាពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រជាផ្លូវការ។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានប្តេជ្ញាអនុវត្តន៍តាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការ
គ្រប់គ្រងអភិវឌ្ឍន៍តំបន់ឆ្នរឱ្យប្រកបដោយនិរន្តរភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាបន្ថែម។

នាឱកាសនោះ លោករដ្ឋមន្ត្រីថោង ខុន ក៏បានផ្ដល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធខិតខំផ្ដល់ហេដ្ឋរចនាសម្ពន្ធឯកជន ក្នុងនោះសហគមន៍ទេសចរណ៍ក៏ត្រូវខិតខំបង្កើតផលិតផលឱ្យបានច្រើន ពោលផលិតផលដែលប្រកបដោយគុណភាព ចំណែកឯប្រជាពលរដ្ឋក៏សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន ផ្តល់បដិសណ្ឋារកិច្ចដ៏ល្អពេញចិត្តដល់ភ្ញៀវទេសចរ ដាច់ខាតមិនត្រូវបន្លំ ឬបោកប្រាសភ្ញៀវឱ្យសោះ។
លោកបានបន្តថា «បុណ្យសមុទ្រលើកទី៨ ជុំទី២នេះ យើងបានឃើញប្រត្យក្សអំពីស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវរបស់គ្រប់ផ្នែកគ្រប់ថ្នាក់ ទាំងប្រជាពលរដ្ឋ ទាំងសាធារណៈ និងឯកជន»។ លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលបានមកពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការខិតខំចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋផងនោះ ទឹកដីកម្ពុជានឹងកាន់តែមានការអភិវឌ្ឍជឿនលឿនឆាប់រហ័ស ជីវភាពរស់នៅកាន់តែបានរីកចម្រីកឥតឈប់ឈរ។ ក្នុងនោះផងដែរលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋនៅខេត្តកំពត ក៏ដូចជាខេត្តកោះកុង ព្រះសីហនុ និងខេត្តកែប សូមត្រៀមខ្លួនទទួលអបអរសាទរ និងចូលរួមក្នុងព្រិត្តិការណ៍ប្រណាំងកង់អន្តរជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ០៤-០៦ ខែមករា ឆ្នាំ២០២០ ខាងមុខ៕

Facebook Comments
Loading...