ក្លឹប City Sport បង្កើតព្រឹត្តិការណ៍ វាយកូនឃ្លីលើតុដើម្បីបង្កើន សាមគ្គីភាពនិង លើកកម្ពស់សុខមាលភាព

0
1144

ភ្នំពេញ ៖ ដើម្បីរួមចំណែកលើកកម្ពស់ការលេងកីឡាដើម្បីសុខភាពមិត្តភាព និងពង្រឹងចំណងសាមគ្គីភាព ក្លិប city sport បានបង្កើតការប្រកួតកីឡាវាយកូនឃ្លីលើតុដណ្ដើមពានរង្វាន់អាឃ្វ័ររៀស មានការចូលរួមពីកីឡាករចំនួន៨៤ រូប មកពី១៤ក្លឹបនៅក្នុងរាជធានីភ្នំពេញ ដោយប្រកួតលើ២វិញ្ញាសា គឺវិញ្ញាសាវាយឯកត្តជន និងវិញ្ញាសាវាយគូ រយៈពេល១ថ្ងៃពេញ។

ក្នុងឱកាសបិទការប្រកួត កាលពីយប់ថ្ងៃទី២៣ ខែវិច្ឆិកា នៅក្លឹបស៊ីធីស្ប៉ត ក្នុងខណ្ឌច្បារអំពៅ លោក គ្រូច ពិសិដ្ឋ គណៈកម្មការរៀបចំការប្រកួតបានមានប្រសាសន៍ថាការប្រកួតនេះគឺយើងមិន  ផ្តោតសំខាន់ទៅលើលទ្ធផលទេ គឺបង្កើតឡើងដើម្បីផ្តល់ឱកា​ស ដល់អ្នកស្រលាញ់ វិស័យកីឡាវាយកូនឃ្លីលើតុ បានជួបជុំគ្នាចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងបង្កើនមិត្តភាព សាមគ្គីភាពផងដែរ។ លោកថា លើសពីនេះវាក៏ជាការផ្សព្វផ្សាយអោយមានការចូលរួមលេងកីឡាដើម្បីសុខភាពថែមទៀតផង។

ចំណែក លោក ហូ វណ្ឌី ដែលបានចូលរួមក្នុងការប្រកួតនេះ មានប្រសាសន៍ថា ក្រុមលោកចូលរួមក្នុងការប្រកួតនេះ គឺបង្ហាញពីការស្រលាញ់កីឡាវាយកូនឃ្លីលើតុ ហើយយើងចំណាយពេលវេលា និងថវិកាចូលមន្ទីរពេទ្យ មួយវិញទៀត យើងបានជួបជុំគ្នា ប្រាស្រ័យទាក់ទងគ្នា បង្កើនចំណងមិត្តភាព។ លោកបានបន្ថែមថា នេះក៏ជាការរួមការរួមចំណែកលើកម្ពស់វិស័យកីឡាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅឆ្ពោះទៅស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្រាប់លទ្ធផល ក្នុងការប្រកួតកីឡាវាយកូនឃ្លីលើតុដណ្ដើមពាន់រង្វាន់អាឃ្វ័ររៀសប្រចាំក្លឹបស៊ីធីស្ព័តនេះ លើវិញ្ញាសារឯកត្តជនចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ហួត សុវឌ្ឍនៈ មកពីក្លឹបអូឡាំព្យា លេខ២ បានលើកីឡាករ ហ៊ាន ដារ៉ា មកពីក្លឹបស៊ីធីស្ព័ត លេខ៣ កីឡាករ ហេង សុជាតិ មកពីក្លឹបសន្ធរម៉ុកថ្មី លេខ៣ស្ទួន កីឡាករ ជា លីរ័ត្ន មកពីក្លឹប អលស្តារ។

ដោយឡែក សម្រាប់វិញ្ញាសារវាយគូរចំណាត់ថ្នាក់លេខ១ បានលើកីឡាករ ហេង សុជាតិ និងកីឡាករហួន កុសល មកពីក្លឹប សន្ធរម៉ុកថ្មី លេខ២ កីឡាករហួត សុវឌ្ឍនៈ និងកីឡាការិនីឡុង ឌីអាណា មកពីក្លឹបអូឡាំព្យាលេខ៣ កីឡាករឌួង សំណាង និងកីឡាករហ្គូវ ម៉ិចអៀវ មកពីក្លិបមានជ័យលេខ៣ស្ទួន កីឡាករជា លាងឃាង និងកីឡាករជុំ សំអឿន មកពីក្លិប Fujitsu team៕

Facebook Comments
Loading...