លោកសុខ សម្បត្តិ បញ្ជាឲ្យទប់ស្កាត់បទល្មើសរំលោភយកដីរដ្ឋ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ក្នុងតំបន់បឹងតាមោគ

0
939

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា នេះ លោក សុខ សម្បត្តិ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានដាក់បញ្ជា ដល់កងកម្លាំង និងអាជ្ញាធរភូមិសង្កាត់ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវរួមសហការជាមួយ មន្ត្រីផ្នែកជលផល ទប់ស្កាត់បទល្មើស រំលោភយកដីរដ្ឋ ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដែលកំពុងកើតមាន ក្នុងតំបន់បឹងតាមោគ។ ដើម្បីអនុវត្តន៍ឲ្យមានប្រសិទ្ធលើការងារនេះ គ្រប់ជំនាញ គ្រប់ផ្នែកពាក់ព័ន្ធ ត្រូវរួមគ្នាគិត រួមគ្នាធ្វើ និងរួបរួមគ្នាទទួលខុសត្រូវ មិនត្រូវមើលបំណាំគ្នា ដើម្បីប្រយោជន៍ ដល់ប្រជាពលរដ្ឋនិងសង្គម។

លោកអភិបាលខណ្ឌបានណែនាំដល់ អភិបាលរងតាមវេន ប្រចាំបញ្ជា ពេលចប់កិច្ចប្រជុំនេះត្រូវរៀបចំកម្លាំងដឹកនាំ ចុះរុះរើជាបន្ទាន់ នូវសំណង់ទាំងឡាយដែលបានសង់រំលោភលើដីអនុក្រឹត្យដែលជាដីរបស់រដ្ឋ ក្នុងនោះមាន ផ្ទះ រោង បង្គោល ស៊ងត្រី និង សម្រះ ដោយរឹបអូសយកសម្ភារៈដុតកម្ទេចចោល ដែលនេះគឺជាអំពើខុសច្បាប់មិនអាចបណ្ដែតបណ្ដោយ ឲ្យកើតមានឡើយ ហើយការងារនេះគណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានីភ្នំពេញបានទម្លាក់ មកឲ្យយើងធ្វើហើយ ដូចនេះយើងត្រូវតែធ្វើឲ្យបានសម្រេច។ចំពោះអ្នករំលោភបំពាន ទន្ទ្រានយកដីរដ្ឋនេះ លោកអភិបាលខណ្ឌបានសុំគោលការពីលោកអភិបាលរាជធានីភ្នំពេញរួចហើយ នឹងធ្វើការប្ដឹងទៅតុលាការ។ លោក សុខ សម្ប​ត្តិ បានស្ដីបន្ទោសដល់ មេភូមិដែលជាម្ចាស់មូលដ្ឋាន នៅក្នុងមូលដ្ឋានផ្ទាល់ កន្លងមកមិនបានយកចិត្តទុកដាក់ផ្ដល់ព៌តមាន មេភូមិសម្ងំ បន្លំដេកមិនព្រមរាយការមកថ្នាក់ខណ្ឌដើម្បីចាត់វិធានការ ទប់ស្កាត់ឲ្យបានទាន់ពេលវេលា។

ចំណែកលោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងមាត្រាទី២០នៃច្បាប់ជលផល ការដាក់សម្រាស់ត្រីនៅក្នុងតំបន់ហាមឃាត់ដែលគ្រប់​គ្រងដោយរដ្ឋគ្មានច្បាប់អនុញ្ញាតិ ធ្វើឲ្យរាំងស្ទះទឹក គឺជាអំពើខុសច្បាប់ គឺមានទោស អាចជាប់ពន្ធនាគារ រយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ ពី៥លាន ទៅ៥០លានរៀល។ ចំពោះអ្នកដាក់សម្រាស់នៅបឹងតាមោគនេះគឺមាន២ករណី ទី១គឺដើម្បីយកត្រី និងទី២គឺដើម្បី ទន្ទ្រានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។

ជាមួយគ្នានេះលោក ស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីកម្ម សំណង់ និងភូមិបាល បានកត់សម្គាល់ឃើញថាការកើនឡើងនៃការទន្ទ្រាន កាន់កាប់ដីនៅតំបន់បឹងតាមោគ គឺដោយសារមានអ្នកទិញ ទើបមានអ្នកបំពាន ហើយអ្នកទិញទាំងនោះ គឺមានទាំងតំណាងរាស្ដ្រ និងអ្នកមានបុណ្យសក្ដិធំ កងកម្លាំងផងដែរ ។ដើម្បីទប់ស្កាត់បញ្ហានេះ លោកបានសុំយោបល់ពីគណៈអភិបាលខណ្ឌ ចេញសជណ មិនទទួលស្គាល់ការ ទិញ លក់ដីនៅតំបន់បឹងតាមោគ ព្រោះ ដីក្នុងអនុក្រឹត្យជាដីសាធារណៈរបស់រដ្ឋ គឺពុំអាចមាននរណាម្នាក់ អាចរំលោភយក ឬលក់ដូរបានឡើយ៕

Facebook Comments
Loading...