ភ្នំពេញ ៖ កីឡាករស្រករក្រោយលន បញ្ញា អ្នកប្រដាល់នៃសមាគមន៍កីឡាប្រដាល់ក្រសួងការពារជាតិ កៀកស្មារនិងកីឡាករឡុង ជិន អ្នកប្រដាល់របស់ក្លិបខ្លារខិនមានរិទ្ធឡើងដណ្តើមប្រាក់លានជាមួយកីឡាករថៃលីងលំ ប៉យុទ្ធភូមិ និងកីឡាករថៃវិតថៈយ៉ាយុទ្ធ និធិតណាយក្វាម នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
កីឡាករស្រករក្រោយលន បញ្ញា ត្រូវជួបជាមួយកីឡាករថៃលីងលំ ប៉យុទ្ធភូមិ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេពីមុនមក ដោយសារលន បញ្ញា ជាកីឡាករជើងថ្មីទើបវាយឡើងរហូតបានប្រកួតជាមួយកីឡាករបរទេស តែកីឡាករថៃធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកមកហើយ មានឈ្នះមានចាញ់ជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ស្នៀតខ្លាំងរបស់គេគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួល។
រីឯកីឡាករលន បញ្ញា គេជាកីឡាករស្រករក្រោយទេតែស្នៀតខ្លាំងរបស់គេខ្លាំងទាំងព្រមតែម្តង ក្នុងនោះបើគេទាត់មួយជើងហើយកណ្តាប់ដៃក៍ចេញតាមក្រោយដែរ ហើយស្នៀតកែងបុកកាណូតក៍គ្រោះថ្នាក់ដែរ កីឡាករល្មមៗមិនអាចទប់ជាមួយគេបានប្រាំទឹកនោះទេ ហើយគេមានកម្ពស់ខ្ពស់ទៀត ដែលអាចបោះជង្គង់ខ្លីក៍បានវែងក៍បាន តែយ៉ាងណាលន បញ្ញា គេមិនសូវខ្លាំងខាងកម្លាំងស៊ុហ្វនោះទេ។ ចាំមើលលន បញ្ញា ជាអ្នកឈ្នះឬកីឡាករថៃលីងលំ ប៉យុទ្ធភូមិ?។
ដោយឡែកកីឡាករឡុង ជិន ត្រូវជួបជាមួយកីឡាករថៃវិតថៈយ៉ាយុទ្ធ និធិតណាយក្វាម ក្នុងប្រភឹទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក តែកីឡាករថៃម្នាក់នេះធ្លាប់មកប្រកួតនៅប្រទេសកម្ពុជា ជាច្រើនលើកមកហើយ ស្នៀតខ្លាំងរបស់កីឡាករថៃនេះគឺជើងទាត់ ជង្គង់ និងស្នៀតកាច់ផ្តួលឲ្យគូប្រកួតដួលទាំងជំហរ។
រីឯកីឡាករឡុង ជិន ជាអ្នកប្រដាល់វ័យក្មេងមានស្នៀតប្រដាល់ល្អ វាយចេញចូលលឿន និងរហ័ស និងមានបច្ចេកទេសក្នុងការប្រកួតល្អដែរ។ មួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿន និងមានផ្លែល្អថែមទៀត។ គេជាអ្នកប្រដាល់ស្រករក្រោយទេ តែគេមានស្នៀតប្រដាល់ល្អ ហើយធ្លាប់ផ្ដួលអ្នកប្រដាល់រួមជាតិ ដែលជាជើងខ្លាំងៗច្រើននាក់ហើយ ។ ចាំមើលរវាងកីឡាករឡុង ជិន និងកីឡាករថៃវិតថៈយ៉ាយុទ្ធ នរណាជាអ្នកឈ្នះទទួលបានប្រាក់លាន៕