តុលាការនេះបានសម្រេចដោះលែងលោកថោង សារ៉ាត់ និងអង្គរក្ស ៣នាក់ទៀតឲ្យនៅក្រៅឃុំ

0
858

ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បញ្ជាក់ថា តុលាការនេះបានសម្រេចអនុញ្ញាតឲ្យអតីត ឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្ស ៣នាក់ទៀត នៅក្រៅឃុំជាបណ្តោះអាសន្ន។

សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសម្រេចឲ្យជនជាប់ចោទចំនួន ៤នាក់ រួមមាន៖ ឈ្មោះ ថោង សារ៉ាត់, ឈ្មោះ ហួយ ចាន់ថុល, ឈ្មោះ មាស សម្បត្តិ ហៅ ទូច និង ឈ្មោះ ឃុន ចិត្រា បាននៅក្រៅឃុំជាបណ្តោះអាសន្ន និងដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ពីបទ ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន, បទ ឃាតកម្មគិតទុកជាមុន និងបទនសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន យោងតាមមាត្រា២៨ មាត្រា ២៩, មាត្រា ២០០ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

ដោយឡែកជនជាប់ចោទឈ្មោះ សៀង វាសនា ជាអង្គរក្ស អតីតឧកញ៉ា ថោង សារ៉ាត់ និងជាជនដៃដល់បាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ តាមការបញ្ជារបស់អតីត ឧកញ៉ា ថោង សារ៉ាត់នោះ គឺមិនត្រូវតុលាការសាលាឧទ្ធរណ៍ដោះលែងនោះទេ។

សូមបញ្ជាក់ថា តុលាការសាលាឧទ្ធរណ៍ បានកំណត់លក្ខខណ្ឌ៤ចំណុចចំពោះជនជាប់ចោទដែលត្រូវបានដោះលែងជាបណ្តោះអាសន្ន ដូចជា៖១-ជនជាប់ចោទមិនត្រូវចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដោយមិនមានការអនុញ្ញាតពីតុលាការ។២-ហាមផ្លាស់ប្តូរលំនៅដ្ឋាន។៣-ត្រូវបង្ហាញខ្លួននៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញរៀងរាល់សប្តាហ៍ទី១ រៀងរាល់ខែ ។៤-ចូលបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចដែលចាត់តាំងដោយតុលាការ។

គួររម្លឹកថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសអតីត ឧកញ៉ា ថោង សារ៉ាត់ និងអង្គរក្សចំនួន ៤នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ អស់មួយជីវិត ពីបទ ឃាតកម្មគិតទុកជាមុន ក្នុងផែនការបាញ់សម្លាញ់ ឧកញ៉ា អ៉ឹង ម៉េងជឺ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅមុខហាងលក់ផ្លែឈើ យីហោ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

 

Facebook Comments
Loading...