សិស្សានុសិស្សក្រីក្រចំនួន៤០០នាក់ ក្នុងខណ្ឌព្រែកព្នៅ ទទួលបានកង់ពីអង្គការកុកិសៃ KJO

0
853

ភ្នំពេញ ៖ លោកវង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ម៉ាសាហ៊ីរ៉ូ សាណុ ប្រធានអង្គការ កុកិសៃ KJO ជប៉ុន លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានអញ្ជើញចែកកង់ដែល ជាអំ​ណោយ របស់អង្គការ កុកិសៃ KJO ប្រទេសជប៉ុន ចែកជូនដល់ សិស្សានុសិស្សក្រីក្រចំនួន៤០០នាក់ នៅក្នុងសាលាបឋមសិក្សាពញ្ញាពន់ ស្ថិតក្នុងសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងឱកាសនោះលោកវង សូត បានថ្លែងនូវ ការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រី របស់ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អង្គការកុមារ អាជ្ញាធរដែនដី សង្កាត់ពញ្ញាពន់ និងសាលាខណ្ឌព្រែកព្នៅ ទាំងអស់ដែលបានសហការ រៀបចំពិធីចែកកង់ដែល ជាអំណោយរបស់ អង្គការ កុកិសៃ KJO ជប៉ុន និងអង្គការ ASPECA នេះ ជាការបង្ហាញឲ្យឃើញ ពីការចិត្តសប្បុរស របស់រាជរដ្ឋាភិបាល នៃប្រទេសជប៉ុន ប្រជាជនជប៉ុន និយាយជារួម និងនិយាយដោយឡែក របស់លោក ម៉ាសាហ៊ីរ៉ូ សាណុ ប្រធានអង្គការ កុកិសៃ KJO ជប៉ុន និងអង្គការ ASPECA ដែលបានចុះ កិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានខិតខំអំពាវនាវ និងគៀងគរ ជំនួយពីសប្បុរសជន នៃប្រទេសជប៉ុន ដើម្បីជួយសម្រួល ដល់ការលំបាក់ របស់សិស្សានុសិស្ស ក្រីក្រ ខ្វះមធ្យោបាយ សម្រាប់ធ្វើដំណើរទៅសិក្សារៀនសូត្រ ដើ​ម្បីក្លាយ ជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ មានប្រយោជន៍ ដល់សង្គមនាពេលអនាគត់។

លោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍បន្តថា ៖ ក្រោមកិច្ចសហការ ជាមួយអង្គការ កុមារអាស៊ីអាស្ដេកា និងអង្គការកុកិសៃ KJO ជប៉ុន ដែលទទួលបានកង់ចំនួន ៤០០គ្រឿង បន្ថែមសម្រាប់ធ្វើ ការចែកជូនស ដល់ក្មួយៗកុមារ សិស្សានុសិស្ស នៅក្នុងសាលាបឋមសិក្សាពញ្ញាពន់ដែលកំពុងប្រារព្ធ ឡើងនាពេលនេះ។

ជាមួយគ្នានោះលោក វង សូត បានផ្ដាំផ្ញើ ដល់ក្មួយៗកុមារទាំងអស់ សូមឲ្យក្មួយៗ យកចិត្តទុកដាក់ ខិតខំរៀនសូត្រ ស្ដាប់បង្កាប់ ឪពុកម្ដាយ អ្នកគ្រូ លោកគ្រូ និងត្រូវខិតខំរៀន សូត្រឲ្យទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាពលរដ្ឋល្អ សម្រាប់ពេលអនាគត់ ក្លាយជាទំពាំងស្នងឬស្សី សសម្រាប់បន្តវេណ មនុស្សជំនាន់ក្រោយៗទៀត។

ម៉្យាងវិញទៀត នៅពេលដែលក្មួយៗ ទទួលបាននូវកង់ ដល់ស្រស់ស្អាតនេះ ត្រូវចេះថែរក្សា ឲ្យបានគង់វង្ស និងសូមក្មួយៗ ជិះកង់ដោយប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ ចរាចរឲ្យបានខ្ចាប់ខ្ជួន ដើម្បីបង្ការ កុំឲ្យមានគ្រោះថ្នាក់ ចរាចរបណ្ដាល ឲ្យខាតបង់ទ្រព្យសម្បត្តិ ប្រាក់កាស អាយុជីវិត និងពេលវេលា រៀនសូត្រទៀតផង។ ជាចុងក្រោយលោកបានផ្តាំផ្ញើរដល់ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់សូមកុំស្ដាប់តាមការញុះញង់ និង ចូលរួមសកម្មភាព ជាមួយទណ្ឌិតសម រង្ស៊ី និងបក្សពួក ព្រោះសកម្មភាពទាំងនោះគឺជាទង្វើ ខុសច្បាប់ដែលត្រូវផ្ដន្ទាទោស ហើយយើងទាំងអស់គ្នា សូមត្រៀមលក្ខណៈចូលរួម ក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងចូលរួមតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្នុងការហូបអំបុកសាមគ្គីជាតិ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ទាំងអស់គ្នាដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ឲ្យបានស្ថិតស្ថេរ គង្សវង្ស៕

Facebook Comments
Loading...