មនុស្សម្នាក់ស្លាប់ដាច់ជាពីរកំណាត់ និងម្នាក់ទៀតរងរបួស ដោយសាររថយន្តបើកកៀរម៉ូតូ

0
976

ភ្នំពេញ ៖ រថយន្តបើកកៀរម៉ូតូដែលបើកស្របទិសគ្នាបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ដាច់ជាពីរកំណាត់ និងម្នាក់ទៀតរងរបួស កាលពីវេលាម៉ោង០២ និង៣០នាទីរំលងអាធ្រាត ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខធនាគារមហានគរ លើផ្លូវជាតិលេខ៥ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តម៉ាក (បើករត់មិនស្គាល់អត្តសញ្ញាណ) ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ(គេចខ្លួនមិនស្គាល់អត្តសញ្ញាណ)។ម៉ូតូរងគ្រោះម៉ាក HONDA C1​25 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-6930 ក្នុងទិសដៅពីជើងទៅត្បូង (ទិសដៅស្របគ្នា) បើកបរដោយឈ្មោះ យ៉េង គឹមឡេង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ( របួសស្រាល ) រួមដំណើរដោយឈ្មោះ ម៉ុក សុខណុន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិស្ទឹងមានជ័យ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ)។

បើតាមសក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កបើកបរក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុបានកៀរម៉ូតូរងគ្រោះ ដែលបើកស្របទិសដៅស្របគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសតែម្តង។

ក្នុងករណីនេះបណ្តាលអោយស្លាប់មនុស្ស ០១នាក់ របួសស្រាលមនុស្ស ០១នាក់ ខូចខាតម៉ូតូស្រាល ០១គ្រឿង។ ក្នុងករណីនេះផ្នែកជំនាញកំពុងបន្តនីតិវិធី៕

Facebook Comments
Loading...